លទ្ធផល​នៃ​ការ​អង្កេត​អភិបាលកិច្ច​មូលដ្ឋាន៖ សន្ទស្សន៍​អភិបាលកិច្ច​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​​កើន​ឡើង​៦% ​ពី​ឆ្នាំ​២០១៣-២០១៦

ភ្នំពេញ ២៤ មករា ២០១៧៖ ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាពនៃអភិបាលកិច្ចមូលដ្ឋានលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការសិក្សាស្រាវជ្រាវលើស្ថានភាពនៃអភិបាលកិច្ចមូលដ្ឋាននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងបានប្រជុំផ្តល់យោបល់លើលទ្ធផលរបាយការណ៍បឋមដល់អ្នកពាក់ព័ន្ធនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

ភ្នំពេញ ២៤ មករា ២០១៧៖ ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាពនៃអភិបាលកិច្ចមូលដ្ឋានលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការសិក្សាស្រាវជ្រាវលើស្ថានភាពនៃអភិបាលកិច្ចមូលដ្ឋាននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងបានប្រជុំផ្តល់យោបល់លើលទ្ធផលរបាយការណ៍បឋមដល់អ្នកពាក់ព័ន្ធនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

 

ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា កិច្ចប្រជុំនេះជាផ្នែកមួយសំខាន់អនុញ្ញាតឱ្យអ្នកពាក់ព័ន្ធចូលរួមផ្ដល់យោបល់ដើម្បីធានាថារបាយការណ៍អង្កេតមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងផ្ដល់ឱកាសឱ្យអ្នកអនុវត្តយល់ដឹងបន្ថែមពីចំណុចខ្វះខាតដើម្បីមានលទ្ធភាពអាចផ្ដោតពង្រឹងលើសមាសភាគមួយចំនួនពាក់ព័ន្ធនឹងអភិបាលកិច្ចមូលដ្ឋាន។

 

ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មានបានធ្វើបទបង្ហាញសង្ខេបពីលទ្ធផលបឋមពីការអង្កេតមានប្រសាសន៍ថា ការអង្កេតពីស្ថានភាពនៃអភិបាលកិច្ចមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានធ្វើឡើងរៀងរាល់បីឆ្នាំម្ដងចាប់ពីឆ្នាំ២០១១ ឆ្នាំ២០១៣ និងឆ្នាំ២០១៦ ដើម្បីវាស់វែងអំពីស្ថានភាពនៃអភិបាលកិច្ចមូលដ្ឋាននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ តាមរយៈសន្ទស្សន៍អភិបាលកិច្ចមូលដ្ឋានចំនួន៨រួមមាន៖ ១. ការចូលរួមរបស់ប្រជាពលរដ្ឋ ២. តម្លាភាព និងការរាយការណ៍ ៣. គណនេយ្យភាព ៤. អន្តររដ្ឋបាល ៥. ការបន្ស៊ីផ្នែកគោលនយោបាយ ៦. ការឆ្លើយតប ៧.ការគាំទ្រក្រុមជនងាយរងគ្រោះ និង ៨. ការផ្តល់សេវា។

 

ឯកឧត្ដម ជាម ប៉េអា មានប្រសាសន៍ថា តាមរយៈលទ្ធផលនៃការអង្កេតនេះបានបង្ហាញថា សន្ទស្សន៍រួមនៃអភិបាលកិច្ចបានធ្លាក់ចុះប្រមាណជា៩% ពីឆ្នាំ២០១១-២០១៣ ប៉ុន្តែសន្ទស្សន៍នេះមានការកើនឡើងប្រមាណជា៦%ពីឆ្នាំ២០១៣-២០១៦ ដែលក្នុងនោះសន្ទស្សន៍រួមមានការប្រែប្រួលពីមានអត្រា៥១,២៧ ក្នុងឆ្នាំ២០១១ មកត្រឹម ៤៦,៥៧ ក្នុងឆ្នាំ២០១៣ និងបានកើនឡើងដល់៤៩.៤៣ ក្នុងឆ្នាំ២០១៧។

 

ឯកឧត្ដមមានបញ្ជាក់ថា សន្ទស្សន៍អភិបាលកិច្ចដែលមានការកើនឡើងពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ រួមមាន៖ ១. ការផ្តល់សេវា បានកើនពី៥៨ ដល់៦៦ ២. ការឆ្លើយតប កើនពី៤១ដល់៤៥ ៣. ការគាំទ្រក្រុមជនងាយរងគ្រោះកើនពី ៤៥ ដល់ ៥១ ៤. តម្លាភាព កើនពី៣០ ដល់៤១ និង ៥.អន្តររដ្ឋបាលកើនពី៦៦ ដល់៧១។

 

ឯកឧត្ដមបានបន្តទៀតថា ដោយឡែកក្នុងរយៈពេលដូចគ្នានោះ លទ្ធផលនៃការអង្កេតក៏បង្ហាញថាមានសន្ទស្សន៍មួយចំនួនមានការធ្លាក់ចុះផងដែររួមមាន៖ ១. ការបន្ស៊ីផ្នែកគោលនយោបាយដែលធ្លាក់ចុះពី៥១ ដល់៤២ ២. ការចូលរួមរបស់ប្រជាពលរដ្ឋធ្លាក់ចុះពី៣៥  ដល់៣៣ និងគណនេយ្យភាព ធ្លាក់ចុះពី៤៨ដល់៤៧។

 

តាមរយៈលទ្ធផលនៃការអង្កេតបានសន្និដ្ឋានថា អភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិមានកើនឡើងគួរឲ្យកត់សម្គាល់ពីឆ្នាំ២០១៣-២០១៦ ដែលជាការចូលរួមចំណែកនៃការធ្វើឱ្យប្រសើរឡើងនូវ ការផ្តល់សេវា ការឆ្លើយតប ការលើកកម្ពស់ក្រុមជនងាយរងគ្រោះ តម្លាភាព និងអន្តររដ្ឋបាល ទោះបីជាសន្ទស្សន៍នៃការបន្ស៊ីគ្នាផ្នែកគោលនយោបាយ ការចូលរួមរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាពមានការធ្លាក់ចុះក៏ដោយ។ ដូច្នេះ រដ្ឋបាលថ្នាក់ក្រោមជាតិគួរបន្តខិតខំអនុវត្តកិច្ចការរបស់ខ្លួនបានប្រសើរឡើងថែមទៀត តាមរយៈការពង្រឹងការយកចិត្តទុកដាក់លើការរៀបចំគោលនយោបាយឱ្យឆ្លើយតបនឹងតម្រូវការមូលដ្ឋាន ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាព៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់