ជួសជុលផ្លូវលំមួយខ្សែប្រវែងជិត២០គីឡូម៉ែត្រនៅក្នុងស្រុកភ្នំស្រុក

បន្ទាយមានជ័យ ១២ មីនា ២០១៥៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួសជុលឡើងវិញនូវផ្លូវលំមួយខ្សែប្រវែងប្រមាណ ២០គីឡូម៉ែត្រស្ថិតក្នុងស្រុកភ្នំស្រុក បន្ទាប់ពីផ្លូវនោះទទួលរងការខូចខាតដោយសារគ្រោះទឹកជំនន់កាលពីឆ្នាំកន្លងមក…

បន្ទាយមានជ័យ ១២ មីនា ២០១៥៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួសជុលឡើងវិញនូវផ្លូវលំមួយខ្សែប្រវែងប្រមាណ ២០គីឡូម៉ែត្រស្ថិតក្នុងស្រុកភ្នំស្រុក បន្ទាប់ពីផ្លូវនោះទទួលរងការខូចខាតដោយសារគ្រោះទឹកជំនន់កាលពីឆ្នាំកន្លងមក។

 

មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវលំខូច ដែលភ្ជាប់ពីឃុំភ្នំដីទៅឃុំណាំតាវ ស្រុកភ្នំស្រុក ឯកឧត្តម អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ដោយមើលឃើញពីភាពខូចខាតនៃផ្លូវលំនេះដែលបានបង្កការលំបាកក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ សិស្សានុសិស្សមានការលំបាកក្នុងការទៅសាលារៀន និងជាការឆ្លើយតបទៅតាមសំណូមពរប្រជាពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានទទួលយកសំណើដោះស្រាយជូនប្រជាពលរដ្ឋ ហើយបានបើកការដ្ឋានជួសជុលផ្លូវលំ ក្រាលគ្រួសក្រហមមួយខ្សែនេះ។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តជំរុញយ៉ាងខ្លាំងក្លាទៅលើការអភិវឌ្ឍផ្លូវ ស្ពាន ភ្លើង និងទឹកចូលទៅកាន់តំបន់ជនបទដាច់ស្រយាល ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ បានសម្តែងនូវការអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារចុះជួយខេត្ត ដែលបានជួសជុលផ្លូវនេះឡើងវិញបន្ទាប់ពីការខកខានមិនបានធ្វើកន្លងមក ។ ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវនេះមានប្រយោជន៍ច្រើនណាស់ព្រោះការដឹក ជញ្ជូននៅលើផ្លូវនេះបានភ្ជាប់ស្រុកភ្នំស្រុកទៅកាន់ស្រុកស្រីស្នំ និងចុងកាល់ ។

 

ផ្លូវនេះប្រៀបដូចជាដាច់សរសៃឈាមមួយរបស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូន កសិផលចូលលក់ទីផ្សារក្នុងស្រុកភ្នំស្រុក និងដឹកទំនិញយកទៅប្រើប្រាស់ផងដែរ៕ ដោយ៖ ឈុន សារ៉ាត

ដកស្រង់ចេញពីគេហទំព័រAKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់