សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលអនុវត្ត ផអ៣ និងគម្រោងដាច់ដោយឡែករបស់ខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៤

បន្ទាយមានជ័យ ២៦ ធ្នូ ២០១៤៖ ដើម្បីបង្ហាញពីលទ្ធផលអនុវត្តផែនការអនុវត្តរយៈពេល៣ឆ្នាំ (ផអ៣) នៃការអនុវត្តផែនការសកម្មភាព និងថវិកាខេត្តឆ្នាំ ២០១៤ ការអនុវត្តមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ព្រមទាំងលទ្ធផលចំបងៗនៃគម្រោងដាច់ដោយឡែកក្នុងខេត្ត…

 

អត្ថបទដោយ៖ លោកស្រី សៀវ សិនេហ៍ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត

បន្ទាយមានជ័យ ២៦ ធ្នូ ២០១៤៖ ដើម្បីបង្ហាញពីលទ្ធផលអនុវត្តផែនការអនុវត្តរយៈពេល៣ឆ្នាំ (ផអ៣) នៃការអនុវត្តផែនការសកម្មភាព និងថវិកាខេត្តឆ្នាំ ២០១៤ ការអនុវត្តមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ព្រមទាំងលទ្ធផលចំបងៗនៃគម្រោងដាច់ដោយឡែកក្នុងខេត្ត រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលអនុវត្ត ផអ៣ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគម្រោងដាច់ដោយឡែករបស់ខេត្ត នៅសកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ។

 

សិក្ខាសាលានេះអញ្ជើញជាអធិបតីដោយ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្ត និងមានមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារ ផែនការ កិច្ចការនារី) នាយក នាយករងទីចាត់ការទាំងអស់របស់សាលាខេត្ត ទីប្រឹក្សា និងមន្ត្រីរបស់សាលាខេត្តគាំទ្រ ផអ៣ ចំនួន ៦៣នាក់  (ស្រី១៦នាក់)  ប្រធានក្រុមប្រឹក្សា អភិបាល និងនាយករដ្ឋបាលក្រុង ស្រុកចំនួន ៥២នាក់ (ស្រី១០នាក់) មេឃុំ ចៅសង្កាត់ សមាជិកអចិន្រ្តៃយ៍ គ.ក.ន.ក និងស្មៀនឃុំ សង្កាត់ចំនួន ៤០នាក់ (ស្រី០៧នាក់) អង្គការសង្គមស៊ីវិលចំនួន២៩នាក់ (ស្រី០២នាក់) វិស័យឯកជនអ្នកទទួលការចំនួន១៣នាក់ (ស្រី០២នាក់) សរុបអ្នកចូលរួមទាំងអស់ចំនួន១៩៧នាក់ (ស្រី៣៧នាក់) លើចំនួនគ្រោងចំនួន ២៣២នាក់។

 

សិក្ខាសាលានេះក៏ឆ្លុះបញ្ចាំងផងដែរ នូវបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងពេលអនុវត្តគម្រោង ឬកម្មវិធីកន្លងមក ការផ្តល់នូវអនុសាសន៍ល្អៗតាមរយៈក្រុមពិភាក្សា និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៥ និងមានគម្រោងដាច់ដោយឡែកដូចជាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD) គម្រោងភាពជាដៃគូជំនួយយុត្តិធម៌សហគមន៍ (CCJAP) និងគម្រោងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ។

 

ថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បញ្ជាក់អំពីសមិទ្ធផលសម្រេចបានជា សាវ័ន្តពីការអនុត្ត ផអ៣ ការអភិវឌ្ឍប្រព័ន្ធ និងនីតិវិធីអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវបញ្ចប់នៅចុងខែឆ្នូ ឆ្នាំ២០១៤នេះ ដែលបានអនុវត្តដោយរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធនានា និងការអនុវត្តបន្ត ផអ៣ ដំណាក់កាលទី២ (២០១៥ ២០១៧)នៃកម្មវិធីជាតិ១០ឆ្នាំ។ 

 

ក្នុងនោះលោកស្រី សៀវ សិនេហ៍ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ក៏បានមានចំណាប់អារម្មណ៍កោតសរសើរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការអនុវត្តនូវកំណែទម្រង់ល្អៗមួយចំនួនដែលថ្នាក់ដឹកនាំខេត្តបានពុះពារធ្វើកន្លងមក និងបានគូសបញ្ជាក់នូវបំណងចម្បង និងលក្ខណៈពិសេសរបស់ ផអ៣ ដំណាក់កាលទី២ ។ 

 

ឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្តបានបង្ហាញរបាយការណ៍ឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្ត ផអ៣ គម្រោង TSSD, CCJAP និង UNFPA ឆ្នាំ២០១៤ បញ្ហាប្រឈម អនុសាសន៍ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៥ ដែលផ្តោតទៅលើតំបន់គោលដៅនៃការអនុវត្តគម្រោង និងកម្មវិធីនានា រចនាសម្ព័ន្ធគ្រប់គ្រងគម្រោង ស្ថានភាពថវិកា លទ្ធផលសម្រេចបានរបស់គម្រោង និងកម្មវិធី បញ្ហាប្រឈម អនុសាសន៍ និងទិសដៅបន្តឆ្នាំ២០១៥។

 

ក្នុងសិក្ខាសាលានោះ ក៏មានបែងចែកក្រុមពិភាក្សាចំនួន៥ក្រុម ដែលក្រុមទី១ ពិភាក្សាប្រធានបទបញ្ហាប្រឈម និងអនុសាសន៍ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ទីចាត់ការនានានៃរដ្ឋបាលខេត្ត ក្រុមទី២ ពិភាក្សាប្រធានបទ បញ្ហាប្រឈម និងអនុសាសន៍ក្នុងការ អនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ក្រុមទី៣ ពិភាក្សាប្រធានបទ បញ្ហាប្រឈម និងអនុសាសន៍ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលឃុំ សង្កាត់ និងក្រុមទី៤ពិភាក្សាប្រធានបទ បញ្ហាប្រឈម និងអនុសាសន៍ក្នុងការចូលរួមអនុវត្ត គម្រោងឃុំ សង្កាត់ ដោយឡែកក្រុមទី៥ ពិភាក្សាប្រធានបទបញ្ហាប្រឈម និងអនុសាសន៍ក្នុងការសហការរបស់អង្គការដៃគូក្នុងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

បន្ទាប់ពីការពិភាក្សា ក្នុងក្រុមនីមួយៗបានរកឃើញបញ្ហាប្រឈមផ្សេងៗគ្នាដែលមាន បញ្ហាប្រឈមក្នុងក្រុមទី១ គឺការអនុវត្តតួនាទី ភារកិច្ចរបស់ទីចាត់ការនានានៃរដ្ឋបាលខេត្តមានចំនួន០៧ និងការផ្តល់អនុសាសន៍ចំនួន០៩ ក្រុមទី២ បញ្ហាប្រឈមក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក មានចំនួន១៦ និងការផ្តល់អនុសាសន៍ចំនួន១៥ ក្រុមទី៣ បញ្ហាប្រឈមក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលឃុំ សង្កាត់មានចំនួន២៩ និងការផ្តល់អនុសាសន៍ចំនួន១៨ ក្រុមទី៤ បញ្ហាប្រឈមក្នុងការចូលរួមអនុវត្តគម្រោងឃុំ សង្កាត់មានចំនួន០៥  និងការផ្តល់  អនុសាសន៍ចំនួន០៧ និង ក្រុមទី៥ បញ្ហាប្រឈមក្នុងការសហការរបស់អង្គការដៃគូក្នុងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន១៩ និងការផ្តល់អនុសាសន៍ចំនួន១៩។ សរុបបញ្ហាមានចំនួន៧៦ និងសរុបការផ្តល់អនុសាសន៍ចំនួន៦៨។

 

បន្ទាប់ពីសិក្ខាសាលាត្រូវបានបញ្ចប់ រដ្ឋបាលខេត្ត  រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ បានទទួលនូវមេរៀន និងបទពិសោធន៍ពីការអនុវត្ត ផ.អ.៣ ដំណាក់កាលទី១ ។ ដោយផ្អែកតាមមេរៀន និងបទពិសោធន៍ពីការអនុវត្ត ផ.អ.៣ ដំណាក់កាលទី១ ក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ រំពឹងទុកថានឹងទទួលបានជោគជ័យសម្រាប់អនុវត្ត ផ.អ.៣ដំណាក់កាលទី២ (២០១៥ ២០១៧) ដោយផ្តោតទៅលើការពង្រឹង និងការគាំទ្រលើការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធ នីតិវិធី និងយន្តការដែលបានរៀបចំបង្កើតនៅក្នុងដំណាក់កាលទី១ ជាពិសេសជំរុញការផ្ទេរមុខងារ និងធនធានជាបណ្តើរៗទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅធានាដល់ការទទួលខុសត្រូវ មានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិក្នុងការអភិវឌ្ឍសេដ្ឋកិច្ច  ការផ្តល់សេវានៅមូលដ្ឋាន។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់