កិច្ច​ប្រជុំ​លើក​ទី៥​ ក្រុម​ការងារ REDD + កម្ពុជា

ភ្នំពេញ ៧ មិថុនា ២០១៤៖ កិច្ចប្រជុំលើកទី៥ ក្រុមការងារ REDD+ កម្ពុជា បានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគាររ៉ាហ្វល់ឡឺរូយ៉ាល់ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន២៩នាក់…

ភ្នំពេញ ៧ មិថុនា ២០១៤៖ កិច្ចប្រជុំលើកទី៥ ក្រុមការងារ REDD+ កម្ពុជា បានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគាររ៉ាហ្វល់ឡឺរូយ៉ាល់ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន២៩នាក់ (ស្រី៤នាក់) ដែលមានសមាជិក REDD+ ចំនួន៩នាក់។

កិច្ចប្រជុំផ្តោតលើប្រធានបទចំនួន៥៖ ទី១. ការពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចប្រជុំលើកទី៤ ទី២. ការពិនិត្យ និងពិភាក្សាផែនការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ REDD+ ទី៣.ការពិនិត្យ និងណែនាំស្តីពីជម្រើសសម្របសម្រួលនានាដែលកំពុងគាំទ្រREDD+ នៅកម្ពុជា ទី៤.យន្តការគ្រប់គ្រងថវិកា REDD+ និងទី៥.ការអនុម័តនិយមន័យព្រៃឈើ។

ខ្លឹមសារពិភាក្សានៃប្រធានបទនីមួយៗមានការផុលផុសពីសមាជិក REDD+ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍ និងច្បាប់ដែលមានជាធរមាន ហើយស្របនឹងបរិបទកម្ពុជា។

ដោយផ្តើមចេញពីប្រធានទី១ បានយកបញ្ហាប្រឈមជាមួយការគាំទ្រប្រាក់ឧបត្ថម្ភចុះអនុវត្តការងារនៅតំបន់គោលដៅក្នុងកម្រិតមួយទាបដែលតម្រូវឲ្យមានយន្តការ ឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ហើយប្រើប្រាស់ក្នុងគំរូស្តង់ដារដៃគូអភិវឌ្ឍន៍ (ឧ. ដៃគូ UNDP គួរធ្វើតាមកម្រិតស្តង់ដារដែលកំពុងអនុវត្ត)។

ប្រធានបទទី២ បានលើកឡើងនូវជំពូកនៃសេចក្តីព្រាងយុទ្ធសាស្ត្រចំនួន១២ជំពូក ដែលជំពូកទាំង១២នេះមិនទាន់បានកំណត់ពីបញ្ហាប្រឈម និងលទ្ធផលរំពឹងទុក ដែលធ្វើឲ្យសមាជិកREDD+ ចាត់ទុកថាជាការប្រមូលផ្តុំយោបល់សម្រាប់បង្ហាញលទ្ធផលនៅពេលប្រជុំលើកក្រោយ។

ប្រធានបទទី៣ គឺជម្រើសនានាក្នុងការសម្របសម្រួលជាមួយការអនុវត្តគម្រោងដែលមាន៣ជម្រើស។ ជម្រើសទាំង៣សុទ្ធតែមានសារៈសំខាន់ ប៉ុន្តែយើងគួរផ្តោតលើយន្តការសម្របសម្រួលមួយ ដែលមានគំនិតចែករំលែក និងយន្តការអនុម័តស្របតាមតួនាទី ភារកិច្ចរបស់ក្រុមការងារ REDD+ ដើម្បីចៀសវាងការកៀរគរបំប៉ោងនានាយកមកគ្រប់គ្រង REDD+ កម្ពុជា។

ប្រធានបទទី៤ ផ្តោតលើមូលនិធិ REDD+កម្ពុជា ដែលមាន៤ជម្រើសក្នុងការរៀបចំបង្កើតការគ្រប់គ្រងមូលនិធិ។ ក្រុមការងារបានព្រមព្រៀងឲ្យមានការសិក្សាបន្ថែមទៀតពីជម្រើសទាំង៤ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តជាលក្ខណៈបច្ចេកទេស ដើម្បីស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។

ប្រធានបទទី៥ គឺជាការកំណត់អនុសញ្ញាកែពាក្យព្រៃឈើ គឺមាន៤ទស្សនទាន ដែលកំណត់និយមន័យព្រៃឈើ ដោយយោងតាមឯកសាររបស់អង្គការព្រៃឈើកម្ពុជា UNFCCC និង FAO។ កិច្ចពិភាក្សាបានសម្រេចដើរតាមផែនការជាតិនៃព្រៃឈើ (Forest National Plan) ហើយបន្ថែមពីការបឺតយកបរិមាណកាបូន និងការធានាកាបូនស្តុក។

ក្នុងប្រធានបទទី៦ ក្រុមការងារយេនឌ័របានគិតពិចារណាទៅលើស្ថាប័នចំនួន៤ គឺរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ បរិស្ថាន និងកិច្ចការនារី សម្រាប់ជួយពិនិត្យគោលការណ៍នានាក្នុងការបញ្ចូលក្នុងយុទ្ធសាស្ត្រ REDD+ កម្ពុជា។

សរុបសេចក្តីមក ដំណើរការប្រជុំលើកទី៥នៃក្រុមការងារ REDD+ កម្ពុជា បានអនុវត្តទៅតាមសេចក្តីព្រាងនៃកម្មវិធី ដោយបានការលើកឡើងពីសមាជិកទាំងអស់ និងមានវឌ្ឍនភាពជាងមុន លើដំណើរការរៀបចំយុទ្ធសាស្ត្រ REDD+ កម្ពុជា ហើយបានកំណត់កិច្ចប្រជុំលើកទី៦របស់ខ្លួនក្នុងឆ្នាំ២០១៤នេះ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់