ក្រសួងអភិវឌ្ឍន៍ជនបទ ស្នើអង្គការយូនីសេហ្វ បន្ដកិច្ចសហប្រតិបត្ដិការ អនាម័យទឹកស្អាតជនបទ

ភ្នំពេញ ២ កុម្ភៈ ២០១៥៖ ឆ្នាំ២០១៥ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើឱ្យ អង្គការយូនីសេហ្វ បន្ដជួយគំាទ្រដល់កិច្ចសហ ប្រតិបត្ដិការ អនាម័យទឹកស្អាត នៅជនបទ ដើម្បីលើកកម្ពស់ សុខភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ…

ភ្នំពេញ ២ កុម្ភៈ ២០១៥៖ ឆ្នាំ២០១៥ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានស្នើឱ្យ អង្គការយូនីសេហ្វបន្ដជួយគំាទ្រដល់កិច្ចសហប្រតិបត្ដិការអនាម័យទឹកស្អាតនៅជនបទ ដើម្បីលើកកម្ពស់ សុខភាពប្រជាជននិងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានោះ។សំណើនេះបានលើកឡើងដោយឯកឧត្តមរដ្ឋមន្ត្រី ក្នុងជំនួបជាមួយលោកស្រី Belinda Abraham ប្រធានកម្មវិធីទឹកស្អាត និងអនាម័យរបស់អង្គការយូនីសេហ្វប្រចំានៅកម្ពុជានៅក្នុងសប្តាហ៍នេះនៅទីស្តីការក្រសួង។

ឯកឧត្តម ជា សុផារ៉ា បានសម្តែងនូវអំណរគុណចំពោះលោកស្រី Belinda Abraham និងសហការី ដែលបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់អនាម័យទឹកស្អាតនៅជនបទក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងខិតខំស្វែងរកកិច្ចសហការ ជាមួយដៃគូអភិ វឌ្ឍន៍នានា ដើម្បីដាក់បញ្ចូលកម្មវិធីទឹកស្អាត និងអនាម័យទឹកស្អាត ទៅក្នុងគម្រោងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ពោលគឺការ កសាងផ្លូវ ជីកអណ្តូងទឹកស្អាត និងអប់រំ អនាម័យទៅជាមួយគ្នាតែម្តង ដូច ដែលបានអនុវត្តន៍នៅក្នុងគម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយព្យុះកេតសាណា ដែលគាំទ្រដោយធនាគារពិភពលោកនាពេលកន្លងមកថ្មីៗនេះ ។ ឯកឧត្តមបន្ដថា ដើម្បីឈាន ទៅសម្រេចឱ្យបានចំពោះគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ផ្នែកទឹកស្អាត និងអនាម័យ ក្រសួងត្រូវការការគាំទ្រ និងសហការល្អពីដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធនានាជាចាំបាច់ ។

លោកស្រី Belinda Abraham ក៏បានថ្លែងអំណរគុណចំពោះភាពជាអ្នកដឹកនាំ និងការផ្តល់កិច្ចសហការល្អរបស់ថ្នាក់ដឹកនំាក្រសួង អភិវឌ្ឍន៍ជនបទ ដល់អង្គការនានាជាពិសេសគឺអង្គការយូនីសេហ្វ បានចូលរួមអនុវត្តន៍កម្មវិធីទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសកម្ពុជានោះ។ លោកស្រីបន្ដថា ក្នុងនាមដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទ អង្គការយូនីសេហ្វនឹងនូវតែបន្ដគំាទ្រធ្វើកិច្ចសហប្រតិបត្ដិការ ក្នុងវិស័យលើកកម្ពស់អនាម័យទឹកស្អាត ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងន័យចូលរួមលើកកម្ពស់សុខភាពឱ្យបានល្អប្រសើរ ។ លោកស្រីបន្ដថា ប្រទេសកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយពិតជាបានសមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក ពោលគឺមិននៅឯកោដូចកាលពីជាង២០ឆ្នាំមុនទៀតនោះទេ។ ដោយឡែកការលើកកម្ពស់ទឹកស្អាតបាន៥០% និងអនាម័យជនបទបាន៤៩%នៅក្នុងឆ្នាំ២០១៥នេះ គឺជាលទ្ធផលល្អប្រសើរស្របតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ៕

ប្រភព៖ AKP (01-02-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់