ការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី២

រតនគិរី ១៦ មិថុនា ២០១៤៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តរតនគិរី មានប្រារព្ធពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី…

រតនគិរី ១៦ មិថុនា ២០១៤៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តរតនគិរី មានប្រារព្ធពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី។

ពិធីនេះមានការចូលរួមពីសមាជិកគណៈប្រតិភូថ្នាក់ជាតិ សមាជិកក្រុមប្រឹក្សាខេត្ត ដែលទើបជាប់ឆ្នោត អភិបាល អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងសមាគមន៍ ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងក្រុងបានលុង តំណាងអង្គការសង្គមស៊ីវិល សរុបចំនួន១២៤នាក់  (ស្តី្រ១៩នាក់) ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីសកម្មភាព សមិទ្ធផលសំខាន់ៗនានា ដែលរដ្ឋបាលខេត្តបានខិតខំសហការគាំទ្រ សម្របសម្រួល និងសម្រេចបានក្នុងរយៈកាលកន្លងទៅក្នុងអាណត្តិទី១របស់ក្រុមប្រឹក្សាខេត្ត។

បន្ទាប់មក ឯកឧត្តម រាជ សុភទ្ទ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន បានអានព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី២។

ក្នុងឱកាសនោះដែរ ឯកឧត្តម មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត បានឡើងថ្លែងមតិចំណាប់អារម្មណ៍ និងធ្វើសេចក្តីរាយការណ៍អំពីសកម្មភាព និងលទ្ធផលនៃការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា ដែលទើបផុតអាណត្តិ ព្រមទាំងធ្វើការប្តេជ្ញាចិត្តខ្ពស់ ក្នុងនាមក្រុមប្រឹក្សាខេត្តអាណត្តិទី២ ដោយមានប្រសាសន៍គូសបញ្ជាក់ថា៖

  1. បន្តអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយភក្តីភាព និងគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
  2. គោរព និងអនុវត្តខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា។
  3. ធ្វើសុខដុមនីយកម្ម និងបង្កើនប្រសិទ្ធភាពដំណើរការអនុវត្តតួនាទី ភារកិច្ច ក្នុងដែនរដ្ឋបាល ពិសេសពង្រឹងភាពជាម្ចាស់ក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធាន សំដៅសម្រេចបានលទ្ធផលល្អតាមរយៈគោលការណ៍រដ្ឋបាលឯកភាព ។
  4. បន្តពង្រឹងការចូលរួមអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ទៅតាមតំណាក់កាលនីមួយៗឲ្យទទួលបានលទ្ធផលល្អប្រសើរ។
  5. អនុវត្តផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ កម្មវិធីវិនិយោគ៣ឆ្នាំរំកិលប្រចាំឆ្នាំ និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តឲ្យបានសម្រេចជោគជ័យ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
  6. ដឹកនាំ និងគ្រប់គ្រងរដ្ឋបាល តាមគោលការណ៍ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងគោលនយោបាយផ្តល់សេវាសាធារណៈឲ្យមានដំណើរការល្អ។
  7. លើកកម្ពស់សាមគ្គីភាព និងទំនាក់ទំនងល្អរវាងរដ្ឋបាលប្រភេទផ្សេងគ្នា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ទាំងខ្សែបណ្តោយ និងខែ្សទទឹង ។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងសុន្ទរកថាផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍មួយចំនួនដូចជា៖

ក.កិច្ចការបន្ទាន់ ចាំបាច់ បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង

  • ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ចាំបាច់ត្រូវត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១របស់ក្រុមប្រឹក្សាខេត្ត ឲ្យស្របតាមមាត្រាទី៧០ នៃច្បាប់រៀបចំអង្គការ និងលិខិតណែនាំពាក់ព័ន្ធផ្សេងៗ ។
  • ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួន កុំឲ្យមុនម្ភៃប្រាំ (២៥) ថ្ងៃ ឬលើសពីសាមសិបប្រាំ (៣៥) ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ ។
  • ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាខេត្ត ត្រូវមានកាតព្វកិច្ចធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា តាមច្បាប់កំណត់ ។

ខ.កិច្ចការជាអាទិភាពសម្រាប់ក្រុមប្រឹក្សាអាណត្តិទី២

១. អំពីការផ្តល់សេវាសាធារណៈ

  • ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃ រដ្ឋបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់ទៅតាមសមត្ថកិច្ចជំនាញរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដោយមានការចូលរួម តម្លាភាព និង    គណនេយ្យភាពនៅតាមមូលដ្ឋាននីមួយៗ ។
  • សិក្សាស៊ីជម្រៅអំពីការថ្នាំងថ្នាក់ តម្រូវការ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការដោះស្រាយឲ្យបានសមស្រប និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ ។
  • បន្តខិតខំលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លាភាព។

២. ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា

  • ការបង្រ្កាបបទល្មើសព្រៃឈើ និងការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារធម្មជាតិនានា ដោយប្រើប្រាស់យន្តការគណៈបញ្ជាការឯកភាពខេត្ត តាមអនុក្រឹត្យថ្មី និងគោលការណ៍របស់រាជរដ្ឋាភិបាល តាមលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ៦០១សជណ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ដែលគោលការណ៍ និងវិធានការទាំងនេះត្រូវបានផ្សព្វផ្សាយដាក់ឲ្យអនុវត្តកាល ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ កន្លងទៅ។
  • ខិតខំបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានានៅមូលដ្ឋាន តាមរយៈការបន្តជំរុញអនុវត្តគោល នយោបាយឃុំ ភូមិមានសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ។

ឯកឧត្តម ប្រធានគណៈអធិបតី បានផ្តល់អនុសាសន៍បន្ថែមថា ដើម្បីសម្រេចបាននូវកិច្ចការងារដូចខាងលើ កត្តាសំខាន់បំផុត គឺស្មារតីសាមគ្តីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់