រដ្ឋបាល​ខេត្ត​រតនគិរី​ រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​កិច្ចការ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដល់​មន្ត្រី​ពាក់ព័ន្ធ

រតនគិរី ១៩ មករា ២០១៦៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដល់បុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត ទីប្រឹក្សា បុគ្គលិកនៃមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស នាយករដ្ឋបាលសាលាក្រុង ស្រុក និងទីប្រឹក្សាក្រុង ស្រុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០១៦ ដែលមានអ្នកចូលរួមសរុបចំនួន ៨៤នាក់ (ស្រី២៣នាក់)។

រតនគិរី ១៩ មករា ២០១៦៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដល់បុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត ទីប្រឹក្សា បុគ្គលិកនៃមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស នាយករដ្ឋបាលសាលាក្រុង ស្រុក និងទីប្រឹក្សាក្រុង ស្រុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០១៦ ដែលមានអ្នកចូលរួមសរុបចំនួន ៨៤នាក់ (ស្រី២៣នាក់)។

 

នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនោះ ឯកឧត្ដម យឹម ផែន អភិបាលរងខេត្តរតនគិរី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបានរំលឹកដល់សិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់នៅក្នុងការសិក្សា ស្វែងយល់រយៈពេល៣ថ្ងៃនេះ។

 

ឯកឧត្ដម បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលដៅសំខាន់ផ្តល់នូវចំណេះដឹង និងជំនាញ ដល់សិក្ខាកាមអំពីប្រភេទលិខិត និងនីតិវិធីនានានៃការរៀបចំតាក់តែងលិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្តិ ការងាររបៀប ការគ្រប់គ្រងសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការគ្រប់គ្រងឯកសារ និងការរៀបចំកិច្ចប្រជុំ។

 

ក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការសម្របសម្រួលពីលោក សុខ លី នាយកស្តីទីនៃទីចាត់ការរដ្ឋបាល និងលោក ញ៉ុញ វុឌ្ឍី ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត ដោយបានប្រើប្រាស់នូវវិធីសាស្រ្តបទបង្ហាញ សំណួរបំផុសគំនិត ការសំដែងតួ និងក្រុមពិភាក្សាផងដែរ។

 

ខ្លឹមសារសំខាន់ៗនៅក្នុងវគ្គបណ្តុះបណ្តាលរួមមាន៖ ប្រភេទលិខិតរដ្ឋបាលទាំង១៤ និងការតាក់តែងលិខិត លិខិតបទដ្ឋានគតិយុត្តមាន ដីកា សេចក្តីសម្រេច សេចក្តីណែនាំ និងការតាក់តែងលិខិត ព្រមទាំងការងាររបៀប ការគ្រប់គ្រងសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការផ្ទេរសិទ្ធិ ការប្រគល់សិទ្ធចុះហត្ថលេខារបស់អភិបាល ការបំពេញបេសកកម្ម ការងារបុគ្គលិក ការគ្រប់គ្រងឯកសារ និងការរៀបចំកិច្ចប្រជុំ ។ល។

ផ្អែកលើលទ្ធផលនៃការបណ្តុះបណ្តាល តាមរយៈការវាស់ស្ទង់សមត្ថភាពរបស់សិក្ខាកាមមុនការបណ្តុះបណ្តាល (Pre-test) និងក្រោយការបណ្តុះបណ្តាល(Post-test) បានបង្ហាញថា វគ្គបណ្តុះបណ្តាលនេះទទួលជោគជ័យ និងមានលទ្ធផលល្អ ដោយកម្រិតយល់ដឹងរបស់សិក្ខាកាមមុនការបណ្តុះបណ្តាលមានត្រឹមតែចំនួន ៤១.០៩% ប៉ុណ្ណោះ។ ប៉ុន្តែ នៅក្រោយការបណ្តុះបណ្តាលកម្រិតយល់ដឹងរបស់សិក្ខាកាមបានកើនឡើងរហូតដល់ចំនួន ៨៣.១៨%។  ដូច្នេះ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ កម្រិតយល់ដឹងរបស់សិក្ខាកាមបានកើនឡើង ចំនួន ៤២.០៩%។ នេះជាទឡ្ហីករណ៍មួយបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះបានឆ្លើយតបទៅនឹងគោលដៅដែលបានកំណត់ទុកនៅក្នុងវគ្គបណ្តុះបណ្តាល និងអ្នកចូលរួមទាំងអស់ទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗ សម្រាប់យកទៅអនុវត្តន៍កិច្ចការរដ្ឋបាលនៅតាមទីចាត់ការ អង្គភាព ក្រុង ស្រុក ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

ដោយ៖ លោក ញ៉ុញ វុឌ្ឍី  PCDA, មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ខេត្តរតនគិរី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់