បណ្ដុះបណ្ដាល​គ្រូ​ឧទ្ទេស​ថ្នាក់​ក្រុង ស្រុក ​ស្ដីពី​ការ​កសាង​ផែនការ​អភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ថ្នាក់​ក្រោម​ជាតិ

រតនគិរី ៨ ឧសភា ២០១៧៖  ក្នុងគោលបំណងបង្កើនចំណេះដឹងដល់គ្រូឧទ្ទេសថ្នាក់ក្រុង ស្រុក រដ្ឋបាលខេត្តរតនគិរី បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់ក្រុង ស្រុក ស្ដីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែឧសភា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមសរុបចំនួន៤៤នាក់ (ស្រី១៣នាក់) នៅសាលប្រជុំសាលាខេត្តរតនគិរី។

មានមតិបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្ដម យឹម ផែន អភិបាលរងខេត្តរតនគិរី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ និងបានរំលឹកដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា និងគោរពវិន័យឱ្យបានល្អនៅក្នុងរយៈពេល៣ថ្ងៃនេះ។

ខ្លឹមសារសំខាន់ៗនៅក្នុងវគ្គបណ្ដុះបណ្ដាលរួមមាន៖ ១.ទិដ្ឋភាពទូទៅ ២.ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់ឃុំ សង្កាត់ ៣.ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុង ស្រុក ឃុំ សង្កាត់  និង ៤.ការរៀបចំកសាងផែនការប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។

គ្រូឧទ្ទេសទាំងអស់ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល នឹងត្រូវបណ្ដុះបណ្ដាលបន្តដល់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងពេលវេលាសមស្រប។

ក្នុងវគ្គបណ្ដុះបណ្ដាលនោះដែរ លោក សេក ហៃ នាយករដ្ឋបាលសាលាខេត្ត បានមានមតិផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់អំពីតួនាទីរបស់គ្រូឧទ្ទេស យន្តការគាំទ្រនៅថ្នាក់ក្រុង ស្រុក និងការរៀបចំ វគ្គបណ្ដុះបណ្ដាលបន្តដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា ផ្អែកតាមការវាស់ស្ទង់សមត្ថភាពរបស់សិក្ខាកាមមុន និងក្រោយវគ្គបណ្ដុះបណ្ដាលបានបង្ហាញថា កម្រិតយល់ដឹងរបស់សិក្ខាកាមបានកើនឡើងចំនួន ៤០.៣៦% កើនពី៣៧.៥០% ដល់៧៧.៨៦% ក្រោយពេលទទួលបានវគ្គបណ្ដុះបណ្ដាល៕ អត្ថបទដោយ៖ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិខេត្តរតនគិរី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់