កិច្ចគាំទ្រដល់រដ្ឋបាលក្រុង ស្រុក លើការអភិវឌ្ឍស្ថាប័នសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

ព្រះវិហារ ០៦ តុលា ២០១៥៖ ដោយមានការគាំទ្រពី លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស និងដឹកនាំសម្របសម្រួលដោយ លោក សុក ហៃ នាយករដ្ឋបាលខេត្ត ក្រុមការងារបច្ចេកទេសរបស់មណ្ឌល បានធ្វើការគាំទ្រទៅដល់រដ្ឋបាលក្រុង ស្រុកទាំង៨ ដើម្បីសម្រេចបាននូវការរៀបចំផែនការអន្តរាគមន៍អភិវឌ្ឍន៍ស្ថាប័នរយៈពេលបីឆ្នាំ ស្របតាមសៀវភៅណែនាំស្តីពី “ការអភិវឌ្ឍស្ថាប័នសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ”…

ព្រះវិហារ ០៦ តុលា ២០១៥៖ ដោយមានការគាំទ្រពី លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស និងដឹកនាំសម្របសម្រួលដោយ លោក សុក ហៃ នាយករដ្ឋបាលខេត្ត ក្រុមការងារបច្ចេកទេសរបស់មណ្ឌល បានធ្វើការគាំទ្រទៅដល់រដ្ឋបាលក្រុង ស្រុកទាំង៨ ដើម្បីសម្រេចបាននូវការរៀបចំផែនការអន្តរាគមន៍អភិវឌ្ឍន៍ស្ថាប័នរយៈពេលបីឆ្នាំ ស្របតាមសៀវភៅណែនាំស្តីពី “ការអភិវឌ្ឍស្ថាប័នសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ” ដែលបានដាក់ឲ្យប្រើប្រាស់ចាប់តាំងពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២។

 

យោងតាមលិខិត    លេខ០២៤ សណន/គ.ជ.អ.ប ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការរៀបចំយន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំខេត្តត្រូវមានការគាំទ្រដល់រដ្ឋបាលក្រុង ស្រុកក្នុងខេត្ត ក្នុងការអភិវឌ្ឍស្ថាប័នរយៈពេល៣ឆ្នាំ  ។ 

 

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរយៈពេលប្រាំថ្ងៃ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី១០-១៤ ខែសីហា ឆ្នាំ២០១៥ ស្តីពីការអភិវឌ្ឍស្ថាប័នសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រុមការងារបច្ចេកទេសរបស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ចំនួនពីររូប បានធ្វើការបណ្តុះបណ្តាលបន្តដល់ក្រុមការងារបច្ចេកទេសផ្សេងទៀត និងមន្ត្រីទីចាត់ការគ្រប់គ្រងធនធានមនុស្សសរុបចំនួន១០រូប ស្រី០៣រូប ដើម្បីបន្តគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំចងក្រងនូវផែនការកិច្ចអន្តរាគមន៍អភិវឌ្ឍន៍ស្ថាប័នឲ្យបានស្របតាមតម្រូវការនៃការអភិវឌ្ឍសមត្ថភាពបុគ្គលិកប្រកបដោយគុណភាព និងប្រសិទ្ធភាព សំដៅធ្វើឲ្យស្ថាប័ននៃរដ្ឋបាលនីមួយៗ ទទួលបាននូវភាពរីកចម្រើន និងពង្រឹងដល់ការអនុវត្តគោលនយោបាយកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សកម្មភាពនៃការរៀបចំផែនការអន្តរាគមន៍អភិវឌ្ឍន៍ស្ថាប័ននៅរដ្ឋបាលក្រុង ស្រុកទាំង៨ បានដំណើរការតាមដំណាក់កាល និងផ្តោតលើប្រធានសំខាន់ៗ ដូចខាងក្រោម៖

ដំណាក់កាលទី១៖ កិច្ចប្រជុំលើកដំបូងជាមួយថ្នាក់ដឹកនាំក្រុង ស្រុក ដើម្បីជំរុញឲ្យមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំរបស់ស្ថាប័ន ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥ និងមានការចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុកទាំង៨ សរុបចំនួន ៥៧នាក់ ស្រី១១នាក់ ប្រធានបទសំខាន់ៗដូចជា សញ្ញាណនៃការអភិវឌ្ឍស្ថាប័ន ដំណើរការនៃការអភិវឌ្ឍស្ថាប័ន ការស្វែងយល់អំពីបញ្ហាមួយចំនួននៃការអភិវឌ្ឍស្ថាប័ន និងការពិភាក្សាអំពីតម្រូវការសម្រាប់ដំណើរការអភិវឌ្ឍន៍ស្ថាប័ន

ដំណាក់កាលទី២៖ សិក្ខាសាលាតម្រង់ទិសស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ស្ថាប័នសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំឡើងកាលពីថ្ងៃទី១៤ ដល់១៨ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តាក្រុង ស្រុកទាំង៨ ដោយមានការចូលរួមពីអង្គក្រុមប្រឹក្សាទាំងមូល គណៈអភិបាល នាយករដ្ឋបាល ប្រធាន និងអនុប្រធានការិយាល័យ និងមន្ត្រីការិយាល័យចំណុះសរុបចំនួន ២៧១នាក់ ស្រី ៧៨នាក់ បានសិក្សាស្វែងយល់ និងអនុវត្តទៅលើប្រធានបទដូចជា៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពដោយផ្តោតលើការបង្កើតមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ទស្សនទាន និងដំណើរការនៃការអភិវឌ្ឍស្ថាប័ន តួនាទី និងការទទូលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសមាសធាតុសំខាន់ៗនៃការអភិវឌ្ឍស្ថាប័ន។

ដំណាក់កាលទី៣៖ ការប៉ាន់ប្រមាណតម្រូវការអភិវឌ្ឍន៍ស្ថាប័នសម្រាប់រដ្ឋបាលក្រុង ស្រុក ទាំង៨ អនុវត្តចាប់ពីថ្ងៃទី២១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ដោយមានការចូលរួមពីក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាល ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះសរុបចំនួន ១៩២នាក់ ស្រី ៩៥នាក់ ដែលចលនាឲ្យមានការពិភាក្សាយល់ដឹង និងកំណត់បាននូវចំណុចខ្លាំង និងចំណុចខ្សោយ នៃសមាសធាតុចំនួន១១ពាក់ព័ន្ធទៅនឹងចំណុចរសើបដែលឆ្លុះបញ្ចាំងនូវកម្រិតយល់ដឹងរបស់ស្ថាប័ននីមួយៗ ដើម្បីធ្វើឲ្យប្រាកដសម្រាប់ការវិភាគ និងធានាដល់ការពិចារណាកំណត់ជ្រើសរើសនូវតម្រូវការបណ្តុះបណ្តាលសមស្របរបស់ស្ថាប័នក្នុងភាពម្ចាស់ការ និងការទទួលខុសត្រូវ ។

 

លទ្ធផលដែលទទួលបានពីការអនុវត្តខាងលើនេះ ក្រុមការងារបច្ចេកទេសបានធ្វើការបូកសរុប និងវិភាគ ដើម្បីកំណត់បាននូវប្រធានបទសំខាន់ៗ សម្រាប់រៀបចំសិក្ខាសាលាពិគ្រោះយោបល់ទៅលើលទ្ធផលនៃការប៉ាន់ប្រមាណសមត្ថភាពស្ថាប័ន និងផែនការអន្តរាគមន៍អភិវឌ្ឍស្ថាប័នរយៈពេលបីឆ្នាំ (២០១៦-២០១៨) របស់រដ្ឋបាលក្រុង ស្រុកទាំង៨។ រៀបរៀងដោយ៖ លោកស្រី នុត សាមាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់