ឯកឧត្តមអភិបាលខេត្តកំពត អំពាវនាវ​ឲ្យពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផល​វត្តពោធិ៍សិរីជួច ស្រុកបន្ទាយមាស

កំពត ២៨ មករា ២០១៥៖ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ ក្នុងពិធីសម្ពោធ សមិទ្ធផលបង្កើត បន្ថែមថ្មី នៅវត្តពោធិ៍សិរីជួច ស្ថិតក្នុង ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ថា ការកសាងត្រូវប្រើប្រាស់ ពេលវេលាយូរណាស់ ទម្រាំបានសម្រេច តែបើចង់បំផ្លាញវិញ មិនចាំបាច់ ចំណាយពេលយូរទេ ពោលគឺ…

កំពត ២៨ មករា ២០១៥៖ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ក្នុងពិធីសម្ពោធសមិទ្ធផលបង្កើតបន្ថែមថ្មីនៅវត្តពោធិ៍សិរីជួច ស្ថិតក្នុងឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ថា ការកសាងត្រូវប្រើប្រាស់ពេលវេលាយូរណាស់ទម្រាំបានសម្រេច តែបើចង់បំផ្លាញវិញមិនចាំបាច់ចំណាយពេលយូរទេ ពោលគឺត្រឹមមួយប៉ប្រិចភ្នែកនឹងរលាយអស់ហើយ។ ឯកឧត្តម បន្តទៀតថា រឿងសំខាន់នោះគឺ បញ្ហាសន្តិភាពដែលកើតមកពីការរួបរួមសាមគ្គីគ្នា ទើបកើតចេញនូវគ្រប់សមិទ្ធផលទាំងនោះ។ «ម្ល៉ោះហើយជាមួយនឹងសមិទ្ធផលដែលទទួលបាននេះ សូមបងប្អូនចូលរួមថែរក្សាឱ្យគង់វង្ស ដើម្បីទុកជាផលប្រយោជន៍សម្រាប់ប្រើប្រាស់បានយូរ អង្វែងទាំងផ្នែកពុទ្ធចក្រ ទាំងផ្នែកអាណាចក្រ»។

ដោយសំដៅជំរុញឱ្យពលរដ្ឋគ្រប់រូបធ្វើអំពើល្អ បញ្ចៀសនូវការប្រព្រឹត្តល្មើសច្បាប់រដ្ឋដែលនាំអន្តរាយដល់ខ្លួន និងក្រុមគ្រួសារនោះ ឯកឧត្តម  បានអំពាវនាវឱ្យមានការអប់រំ ណែនាំ ជាចម្បងពីសំណាក់សមាជិកគ្រួសារ និងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានឱ្យបញ្ឈប់រាល់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ។ «ដូច្នេះនៅក្នុងគ្រួសារ ប្តីប្រពន្ធត្រូវអប់រំគ្នាក៏ដូចជាលោកតា លោកយាយ ឪពុក ម្តាយត្រូវទូន្មាន ណែនាំកូនចៅជៀសឱ្យឆ្ងាយពីល្បែងស៊ីសង ពីព្រោះលទ្ធផលដែលទទួលបាន គ្មានអ្វីក្រៅពីអាប់ឱនកិត្តិយស រលាយទ្រព្យសម្បត្តិ និងព្រាត់ប្រាសក្រុមគ្រួសារនោះឡើយ»។

វត្តពោធិ៍សិរីជួច កសាងឡើងតាំងពីឆ្នាំ១៩១៥ ក្នុងឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។ នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ អ្វីដែលមានក្នុងទីអារាមត្រូវបានបំផ្លិចបំផ្លាញ។ លុះក្រោយ ឆ្នាំ១៩៧៩ ពុទ្ធបរិស័ទចំណុះជើងវត្តក៏បានចាប់ផ្តើមរៀបចំអារាម ឡើងវិញដោយកសាងកុដិ សាលាធម្មសភាធ្វើពីឈើជាលក្ខណៈបណ្តោះអាសន្នដើម្បីបំបួសកូន ចៅបានរៀនសូត្រច្បាប់ទម្លាប់ផ្នែកពុទ្ធសាសនា ក្រោមការដឹកនាំរបស់ព្រះចៅអធិការមួយអង្គ។ ក្រោមការចូលរួមរបស់សប្បុរសជនមកពីខេត្ត ក្រុងនានា និងពុទ្ធបរិស័ទក្រៅប្រទេសទើបបន្តកសាងសមិទ្ធផលរឹងមាំ និងថ្មីៗបន្ថែមទៀតដូចជាព្រះវិហារ កុដិ សាលាធម្មសភា ជីកស្រះទឹក ចាក់សាប ទីធ្លាក្នុងវត្ត ធ្វើបង្គោលភ្លើងក្នុងបរិវេណវត្តសម្រេចរួចរាល់រហូតឈានទៅសម្ពោធពេលនេះ ដែលមានតម្លៃរហូតដល់ជាង១៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕ យ៉ង់ សុផល ទីប្រឹក្សាស្រុកអង្គរជ័យ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់