កម្ពុជា​គ្រោង ផ្ដល់​សេវា​សាងសង់​លំនៅឋាន ដល់​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប​ និង​ក្រីក្រ

ភ្នំពេញ ២៣ មេសា ២០១៥៖ តាមរយៈអគ្គនាយកដ្ឋានលំនៅឋាន ចំណុះឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជរដ្ឋាភិបាលកម្ពុជា គ្រោងអនុវត្តផ្ដល់សេវាសាងលំនៅឋានសម្រាប់ ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងក្រីក្រនៅទូទាំងប្រទេស។

ភ្នំពេញ ២៣ មេសា ២០១៥៖ តាមរយៈអគ្គនាយកដ្ឋានលំនៅឋាន ចំណុះឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជរដ្ឋាភិបាលកម្ពុជា គ្រោងអនុវត្តផ្ដល់សេវាសាងលំនៅឋានសម្រាប់ ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងក្រីក្រនៅទូទាំងប្រទេស។

 

ដើម្បីឈានដល់ការអនុវត្តនូវការផ្ដល់សេវាលំនៅឋាននេះ អគ្គនាយកដ្ឋានលំនៅឋាន ត្រូវធ្វើផែនការចំនួន៤ជាមុនសិនដែល៖ (១). ការងារពាក់ព័ន្ធ និងបទបញ្ញត្តិលំនៅឋាន គឺការកសាងសមត្ថភាពដល់មន្ត្រីដើម្បីអនុវត្តសម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងងាយរងគ្រោះ (២). បង្កើតមូលនិធិសម្រាប់លំនៅឋាន (៣). រៀបចំបទដ្ឋានលំនៅឋានសម្រាប់ប្រជាពលរដ្ឋទាំងនោះ និង (៤). ឈានទៅការអនុវត្តគម្រោងសាកល្បង។

 

ថ្លែងក្នុងកម្មវិធីស្ដីពី ការអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ នាទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្នអគ្គនាយកដ្ឋានលំនៅឋានទើបចាប់ ផ្ដើមអនុវត្តការងារទីមួយគឺកសាងសមត្ថភាព។

 

លោកបានបន្តថា “ការបង្កើតឲ្យមានកម្មវិធីនេះឡើង គឺដោយសារតែមានការបម្លាស់ទីរបស់ប្រជាពលរដ្ឋពីជនបទមកទីក្រុង ពីកន្លែងមួយទៅកាន់កន្លែងមួយទៀត។ គោលដៅរាជរដ្ឋាភិបាលមានគម្រោងពីរសម្រាប់ពួកគាត់ដែលទី១. គម្រោងសម្រាប់លក់ដាច់ឲ្យពួកគាត់ (ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ក្រីក្រ) និងទី២. គម្រោងលំនៅឋានសម្រាប់ជួលឲ្យពួកគាត់”។

 

លោក សុជាតិខេមរ៉ូ បានបញ្ជាក់ថា គម្រោងនេះក៏មានអង្គការសម្ពន្ធភាព អាសីព ដើម្បីសិទ្ធិលំនៅឋាន (ACHR) អង្គការមួយចំនួនទៀត ក៏ដូចជាគម្រោងរបស់រាជធានី ខេត្ត ក្រុង របស់យើង ក៏ធ្លាប់បានអនុវត្តនូវគម្រោងនេះដែរ ហើយដែលការអនុវត្តនេះមានរហូតទៅដល់ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារបានទទួលនូវសេវានេះ។

 

ឯកឧត្ដមអ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ដោយសារកត្តានយោបាយនៅកម្ពុជា មានភាពល្អប្រសើរបានទាក់ទាញវិនិយោគិនមកធ្វើការអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យនៅកម្ពុជាយ៉ាងច្រើន ក៏ប៉ុន្តែការវិនិយោគលើផ្នែកនេះ ច្រើនផ្ដោតតែលើលំនៅឋានសម្រាប់អ្នកដែលមានចំណូលខ្ពស់ ចំណែកការវិនិយោគលើលំនៅឋានសម្រាប់អ្នកមានចំណូលមធ្យម និងទាបនៅពុំមានសកម្មភាពផុលផុសនៅឡើយ។

 

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា “ដោយសារកត្តានេះ តម្រូវការចេះតែកើនឡើងនូវលំនៅឋានមានតម្លៃសមរម្យសម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម ទាប និងក្រីក្រ ទើបរាជរដ្ឋាភិបាលបាន អនុម័តគោលនយោបាយជាតិស្ដីពីលំនៅឋាន និងបានបង្កើតយន្តការលំនៅឋានអចិន្ត្រៃយ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”។

 

សូមបញ្ជាក់ថា កិច្ចប្រជុំស្ដីពីការអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យនេះ ក៏មានគណៈប្រតិភូចំនួន ១០ប្រទេស បានមកចូលរួមដើម្បីផ្ដល់បទពិសោធន៍ នៃការផ្ដល់សេវាលំនៅឋានឲ្យបានសមរម្យដល់ប្រជាពលរដ្ឋផងដែរ។ ប្រទេសទាំងនោះ រួមមានប្រទេស ថៃ ឡាវ ស្រីលង្កា ម៉ុងហ្គោលី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន ហ្វីលីពីន វៀតណាម និងប្រទេសនេប៉ាល់ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមេសា ឆ្នាំ២០១៥៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់