កម្មវិធី​ជាតិ ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​កំពុង​បាន​អនុវត្ត

សៀមរាប ៦ កក្កដា ២០១៥ ៖ សិក្ខាសាលាថ្នាក់តំបន់លើកទី១ដែលបានធ្វើឡើងនៅក្រុងសៀមរាប នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥នេះ ស្ដីអំពីការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ( ឆ្នាំ២០១៥-២០១៨ ) បានបង្ហាញឲ្យដឹងថា កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៥-២០១៨ រួមមាន៖ ១). សេវាសាធារណៈប្រកបដោយគុណភាព…

 

សៀមរាប ៦ កក្កដា ២០១៥៖ សិក្ខាសាលាថ្នាក់តំបន់លើកទី១ដែលបានធ្វើឡើងនៅក្រុងសៀមរាប នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥នេះ ស្ដីអំពីការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ( ឆ្នាំ២០១៥-២០១៨ ) ក្រោមការចូលរួមដោយសមាជិក សមាជិកា ដែលអញ្ជើញមកពីបណ្ដាខេត្តចំនួន៥ (ខេត្តសៀមរាប ព្រះវិហារ កំពង់ធំ  ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ )  បានបង្ហាញឲ្យដឹងថា កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៥-២០១៨ រួមមាន៖ ១). សេវាសាធារណៈប្រកបដោយគុណភាព មានភាពសាមញ្ញ ប្រសិទ្ធភាព អាចជឿទុកចិត្តបាន ឆាប់រហ័ស ឆ្លើយតបទាន់ពេលវេលា និងមានការចូលរួមពីអ្នកប្រើប្រាស់។ ២). ការគ្រប់គ្រងអភិវឌ្ឍន៍មន្ត្រីរាជការស៊ីវិលកាន់តែមានសមត្ថភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្ត ក្នុងការផ្ដល់សេវាសាធារណៈ ម្ចាស់ការ  ភក្ដីភាព និងមានមនសិកាវិជ្ជាជីវៈ និង ៣). ប្រព័ន្ធបៀវត្សដែលធានាបាននូវសមធម៌ បង្កើនផលិតភាព និង ប្រសិទ្ធភាពការងារ ព្រមទាំងធានាបាននូវសង្គតិភាព រវាងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធ។

 

ឯកឧត្ដម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានថ្លែងប្រាប់អង្គសិក្ខាសាលាថា កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥- ២០១៨ បានទទួលការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ហើយកម្មវិធីនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងដាក់ឲ្យអនុវត្តនៅគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដម បានថ្លែងបញ្ជាក់ទៀតថា ក្រសួងមុខងារសាធារណៈជាមួយ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈស្វាគមន៍ជានិច្ច និងផ្ដល់នូវកិច្ចសហការគ្រប់ផ្នែកក្នុងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ( ២០១៥-២០១៨ )  សំដៅសម្រេចឲ្យបានតាមគោលដៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដើម្បីកែប្រែរដ្ឋបាលសាធារណៈឲ្យទៅជាអ្នកផ្ដល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូអភិវឌ្ឍដែលអាចជឿទុកចិត្តបានសំដៅបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង៕

 

អត្ថបទដកស្រងចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់