ឯកឧត្តម ខៀវ កាញារីទ្ធ បើកវេទិកាសាធារណៈនៅឃុំជាច្រើនក្នុងស្រុកកោះសូទិន

កំពង់ចាម ៣០ មេសា ២០១៤៖ ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាលក្នុងអាណិត្តទី៥ នៃរដ្ឋសភា ក្រុមការងារចុះបំពេញបេសកម្ម…

កំពង់ចាម ៣០ មេសា ២០១៤៖ ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាលក្នុងអាណិត្តទី៥ នៃរដ្ឋសភា ក្រុមការងារចុះបំពេញ

បេសកម្ម តាមមូលដ្ឋាន ដឹកនាំដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន

ស្រុកកោះសូទិន រួមជាមួយឯកឧត្តម លោកជំទាវ អស់ លោក លោកស្រីជាថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននៅថ្នាក់ជាតិអាជ្ញាធរដែនដី ខេត្ត

ស្រុក ឃុំ បានរៀបចំជាវេទិកាសាធារណៈនៅក្នុងបរិវេណវត្ត រតនបុប្ផារាមមហាខ្ញូង ឃុំ មហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤។

 

អង្គវេទិកាសាធារណៈនាឱកាសនេះ មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋចំនួនបីឃុំ គឺឃុំមហាខ្ញូង ឃុំព្រែកតានង់ និងឃុំកំពង់រាបប្រមាណជាង

៧០០នាក់។

 

លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានជម្រាបជូន ពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងាររដ្ឋបាល

ដែនដីក៏ដូចជាកិច្ចការងារជាច្រើនដែលគណៈអភិបាលស្រុក និងមន្ត្រីក្រោមឱវាទសម្រេចបានតាមមុខងារ តួនាទី ដោយស្មារតីទទូលខុសត្រូវខ្ពស់

ហើយរក្សាបាននូវស្ថិរភាពការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។

 

ដោយឡែកសម្រាប់អង្គវេទិកាសាធារណៈនាពេលនេះលោកអភិបាលស្រុកបានបញ្ជាក់ថា គឺធ្វើឡើងដើម្បីស្វែងរកបញ្ហាប្រឈមនានារបស់

ប្រជាពលរដ្ឋដែលបានកើតចេញពីទង្វើខ្វះខាត ខុសឆ្គង អសកម្មរបស់មន្រ្តីសាធារណៈមួយចំនូនតូច និងធ្វើការអប់រំ ណែនាំ កែលម្អ ដើម្បីផ្តល់សេវា

ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ទន្ទឹមនេះ ក៏ជាការពន្យល់ណែនាំប្រជាពលរដ្ឋឲ្យមកទទួលសេវាដោយផ្ទាល់ខ្លួន និងហ៊ាននិយាយការពិត

ពីសំណូមពររបស់ខ្លួនដើម្បីផលប្រយោជន៍ទូទៅដែរ។

 

នៅក្នុងឱកាសនោះបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូបានលើកឡើងពីយោបល់ ពាក់ព័ន្ធទៅនឹងតម្រូវការ ដូចជាសំណួមពរឲ្យមានការតបណ្តាញ

អគ្គីសនីចូលមកដល់ក្នុង ឃុំឲ្យឆាប់ដើម្បីបានប្រើប្រាស់ និងមានតម្លៃសមរម្យ ជួយកសាងផ្លូវឲ្យបានល្អ ព្រោះវាមាន ការលំបាកដោយនៅក្នុងខែប្រាំង

មានសភាពហុយខ្លាំង ប៉ុន្តែនៅរដូវវស្សាលិចទឹក និងសុទ្ធតែភក់ ដែលបង្កជាការលំបាកដល់ការដឹកកសិផលទៅកាន់ទីផ្សារ។ 

 

ជាមួយនេះ ក៏មានលើកឡើងពីស្ថានភាព និងជីវភាពរបស់មន្រ្តីរាជការ ក្នុងនោះគ្រូបង្រៀន ដែលក្នុងពេលប៉ុន្មានខែនេះមានការបាត់ប្រាក់ខែសម្រាប់

ប្រពន្ធ និងកូន ដែលជាប្រាក់តិចទៅហើយនោះ និងស្នើដល់រាជរដ្ឋាភិបាលពិនិត្យជួយដំឡើងប្រាក់បៀវត្សបន្ថែមដល់ប្រពន្ធ និងកូនរបស់ មន្រ្តីរាជការ

ឲ្យបានប្រសើរជាងពេលនេះ ព្រោះថាពេលនេះប្រពន្ធទទួលបានបៀវត្សក្នុងមួយខែតែ ១០ ០០០ រៀល និងកូន ៥ ០០០ រៀលប៉ុណ្ណោះ ដែលនេះ

មិនអាចធ្វើការចំណាយប្រចាំថ្ងៃបានឡើយ។

 

ជាមួយនេះបងប្អូនប្រជាពលរដ្ឋក៏បានលើកជាសំណូមពរ ពីបញ្ហាតម្លៃទូកដរ ដោយស្នើឲ្យមានការយកតម្លៃតាមសៀវបន្ទុករបស់រដ្ឋដែលកំណត់

ព្រោះបច្ចុប្បន្នអ្នករកស៊ីទូកដរឯកជនបានយកតម្លៃស្រេចតែចិត្ត ដែលធ្វើឲ្យមានការប៉ះ ពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

 

ពាក់ព័ន្ធរាល់ចម្ងល់ និងសំណួមពរដែលបានលើកឡើងនាឱកាសនោះ អាជ្ញាធរដែនដី និងមន្រ្តីពាក់ព័ន្ធទាំងអស់បានធ្វើការពន្យល់ដល់បងប្អូននៅ

ចំណុចនីមួយៗក្នុងនោះបញ្ហាអគ្គីសនី គឺមានការតបណ្តាញជិតមកដល់តំបន់នេះហើយយ៉ាងយូរនៅចុងខែឧសភានេះ បងប្អូន និងបានអគ្គីសនី

ប្រើប្រាស់វិញ។ ចំពោះការបាត់ប្រាក់ខែប្រពន្ធ និងកូនរបស់គ្រូបង្រៀនមួយចំនួន គឺត្រូវបានមន្ត្រីជំនាញធ្វើការពន្យល់ថា ដោយសារបញ្ហាបច្ចេកទេស

ពីថ្នាក់លើ តែកុំបារម្ភប្រាក់ខែទាំងនោះនឹងបើករំលឹកជូនវិញទាំងអស់ ។

 

ពាក់ព័ន្ធទៅការកសាងផ្លូវ លោកអភិបាលស្រុកបានបញ្ជាក់ថា នៅតំបន់នេះវាមាន លក្ខណៈពិបាកជាងតំបន់ផ្សេងព្រោះមានការលិចទឹកនៅរដូវវស្សា

ទោះបីក្នុងពេលកន្លង មកមានការស្តារ និងជួសជុលជាបន្តបន្ទាប់ក៏ដោយ តែបានខូចទៅវិញ ដែលនេះទាមទារ ឲ្យមានការកសាងឲ្យបានតាមស្តង់ដារ

ត្រឹមត្រូវ និងចំណាយថវិកាច្រើន។ តែទោះជាយ៉ាង ណាអាជ្ញាធរដែនដីបានលើកគម្រោងទៅដល់ថ្នាក់ជាតិហើយសង្ឃឹមថាប្រមុខរាជរដ្ឋាភិបាល

នឹងពិនិត្យ សម្រេចធ្វើការកសាងផ្លូវនេះក្នុងពេលឆាប់ៗនេះ។

 

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍បញ្ជាក់ថា រាល់សំណួមពរ និង មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ ដែលបានលើកឡើងនាឱកាសនេះ យើងនឹងធ្វើការពិភាក្សាគ្នាដោះស្រាយនៅថ្នាក់ស្រុក និងខេត្ត បើដោះស្រាយមិនបាន និងបញ្ជូនទៅប្រមុខរាជរដ្ឋាភិបាលដើម្បីសម្រេចដោះឲ្យបាន។ ទន្ទឹមនេះរាល់អ្វីដែល បងប្អូនបានលើកឡើងក្នុងអង្គវេទិកាសាធារណៈនាពេលនេះ គឺក្រុមការងារថ្នាក់ជាតិ និង ខិតខំធ្វើការដោះស្រាយ និងត្រឡប់មកជួបបងប្អូនលើកក្រោយទៀត ដើម្បីពិនិត្យមើលថា តើសំណូមពរ និងកង្វល់ទាំងនោះត្រូវបានដោះស្រាយបានឬនៅ គឺយើងមិនទុកចោល រាល់បញ្ហាទាំងនោះទេ ។

 

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា នៅក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាល គឺធ្វើ យ៉ាងណាជំរុញឲ្យមន្រ្តីទាំងអស់ធ្វើកិច្ចការងារឲ្យកាន់តែជិតស្និទ្ធ និងកៀកជាមួយប្រជាពលរដ្ឋ ចៀសវាងការប្រគល់ភារកិច្ចពីថ្នាក់លើមក តែថ្នាក់ក្រោមមិនអនុវត្តន៍ឬអនុវត្តន៍ខុស មិនត្រឹមត្រូវ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការលំបាក និងថ្នាំងថ្នាក់ចិត្តហើយវាយតម្លៃខុសពី គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនៅ ក្នុងវេទិកាសាធារណៈ គឺត្រូវហ៊ាននិយាយពីទុក្ខលំបាក និងមានការប្រឈមមុខអ្វីខ្លះជា មួយមន្ដ្រីអាជ្ញាធរមូលដ្ឋាន តើមានការគាបសង្កត់ពួកគាត់យ៉ាងណាដែលបញ្ហានេះប្រជា ពលរដ្ឋគឺមានសិទ្ធិឡើងថ្លែងរៀបរាប់ និងធ្វើសំណូមពរដល់ក្រុមការងារថ្នាក់ជាតិដែលមាន សមាសភាពមកពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីឲ្យរាជរដ្ឋាភិបាលឲ្យជួយដោះស្រាយ ។

 

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមិនបានមិនយកចិត្តទុកដាក់ចំពោះប្រជាជន ដែលរស់នៅតំបន់នេះនោះទេ គឺប្រមុខថ្នាក់ដឹកនាំកំពុងខិតខំក្នុងការបន្តស្តារ និងកសាងនូវរាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ស្ពាន ថ្នល់នៅគ្រប់ទីកន្លែងទូទាំងប្រទេស ពិសេសនៅទីជនបទ ដើម្បីអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រូល និងឆាប់រហ័ស ក្នុងការដឹកកសិផល និងផលិតផលទៅលក់នៅទីផ្សារកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរនោះ ។ ជាក់ស្តែងសម្រាប់ស្រុកកោះសូទិន គឺមានការកសាង ស្ពាន ផ្លូវជាច្រើនកន្លែងរួចមកហើយ ទោះបីកន្លែងខ្លះមិនបានធ្វើក៏ដោយ សូមប្រជាពលរដ្ឋអធ្យាស្រ័យ ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាជំហានៗទៀត ដើម្បីបម្រើផលប្រយោជន៍បងប្អូនទាំងអស់គ្នា។ 

 

នៅក្នុងឱកាសនៃអង្គវេទិកាសាធារណៈនោះ ឯកឧត្តមរដ្ឋមន្រ្តីបានដោះស្រាយនូវ សំណូមពរមួយចំនូន និងបានផ្តល់ថវិកាចំនួន៣លានរៀល សម្រាប់ជួសជុលផ្លូវក្នុងភូមិចុងខ្ញូង ឃុំមហាខ្ញូង និងជួយកសាងឈាបនដ្ឋាន និងកន្លែងតម្កល់សពមួយកន្លែងតាម សំណើរបស់លោកអាចារ្យផងដែរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា : http://www.akp.gov.kh/kh/?p=82138

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់