វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសង្គមថ្មី ខេត្តព្រះវិហារ

"

ព្រះវិហារ ៩ មិថុនា ឆ្នាំ២០១៥៖  វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ នៅសាលាស្រុកសង្គមថ្មី…

ព្រះវិហារ ៩ មិថុនា ឆ្នាំ២០១៥៖  វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ នៅសាលាស្រុកសង្គមថ្មី។

 

វេទិកាផ្សព្វផ្សាយនេះ ប្រព្រឹត្តិឡើងក្រោមអធិបតីភាពលោក វ៉ា សេដ្ឋាប្រធានក្រុមប្រឹក្សាស្រុក និងលោក គៀត គឹមតុល អភិបាលរងស្រុក និងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ កងកម្លាំងទាំងបី ព្រមទាំងមានការគាំទ្រសម្របសម្រួលពីមន្ត្រីសម្របសម្រួលក្រុមប្រឹក្សាក្រុង ស្រុក និងតំណាងប្រជាពលរដ្ឋ ដែលមានចំនួនសរុប១១២នាក់ ក្នុងនោះស្រី ៤៩នាក់។

 

ក្នុងកិច្ចចាប់ផ្តើមវេទិកា លោកស្រី សោម សុខុម មេឃុំចំរើន និងជាប្រធានក្រុមប្រឹក្សាឃុំមានមតិស្វាគមន៍ដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល ពិសេសលោកស្រីបានបំផុស និងសំណូមពរដល់ប្រជាពលរដ្ឋ ដែលតំណាងជនងាយរងគ្រោះ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមមតិយោបល់ និងលើកឡើងពីបញ្ហាផ្សេងៗដែលកើតមានក្នុងភូមិ ឃុំរបស់យើង ដើម្បីធ្វើការដោះស្រាយក្នុងវេទិកានេះ។

 

ក្នុងនោះដែរ ប្រធានក្រុមប្រឹក្សាស្រុកសង្គមថ្មី ក៏មានមតិស្វាគមន៍ចំពោះសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាល  តំណាងអង្គការទស្សនៈពិភពលោក តំណាងប្រជាពលរដ្ឋ និងមន្រ្តីជុំវិញការិយាល័យស្រុកទាំងអស់ដែលបានចូលរួមអង្គវេទិកា។ លោកប្រធានបានបន្តទៀតថា ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលរាជរដ្ឋាភិបាលបានរៀបចំឲ្យមានរចនាសម្ព័ន្ធនៅកៀកជិតប្រជាពលរដ្ឋ និងបំភ្លឺអោយប្រជាពលរដ្ឋនៅក្នុងឃុំមានការយល់ដឹងកាន់តែច្រើនជាងមុនអំពីតួនាទីរបស់ក្រុមប្រឹក្សាស្រុក និងគណៈអភិបាល និងទំនាក់ទំនងរវាងក្រុមប្រឹក្សាស្រុក និងគណៈអភិបាល ។ 

 

លោក សួន មុន្នី ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ស្រុកប្រចាំស្រុកសង្គមថ្មី បានបង្ហាញពីគោលបំណងសំខាន់ៗចំនួនបួន ជូនដល់អង្គវេទិកាទាំងមូលដែលមានដូចជា៖

១.ការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា

២.ការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាពនៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ

៣. ការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើកិច្ចការរបស់ក្រុមប្រឹក្សា និង

៤. ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប។

 

 

អង្គវេទិកាក៏បានធ្វើការបែងចែកក្រុមចំនួនពីរ ដើម្បីពិភាក្សាលើប្រធានបទចំនួន៧ ដែលក្នុងនោះមាន ទីមួយ៖ភូមិឃុំមានសុវត្ថិភាព ដែលផ្តោតលើសកម្មភាពក្មេងទំនើងគ្រោះថ្នាក់ចរាចរណ៍ ការគ្រប់គ្រងអាវុធខុសច្បាប់ ល្បែងស៊ីសង ការគ្រប់គ្រងជនចំណូលចំណាកស្រុក ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ទីពីរ៖ អំពីបញ្ហា អនាម័យសុខភាព និងសុវត្ថិភាពចំណីអាហារ។ លើសពីនេះផងដែរ បញ្ហាទំនាស់ដីធ្លី បញ្ហាអប់រំ ការប្រើប្រាស់ថ្នាំពុលកសិកម្ម ការផ្ដល់សេវារដ្ឋបាលសាធារណៈ និងការខ្ចីប្រាក់ពីធនាគារ និងស្ថាប័នមីក្រូហិរញវត្ថុ ក៏ត្រូវបានយកមកពិភាក្សាផងដែរ។ 

 

ចុងបញ្ចប់នៃអង្គវេទិកា លោកប្រធានក្រុមប្រឹក្សាស្រុកសង្គមថ្មីបានធ្វើរបាយការណ៍ការបូកសរុប ដែលបង្ហាញអំពីការចូលរួមយ៉ាងផុលផុសរបស់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការបញ្ចេញមតិយោបល់ដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងដល់ការអភិវឌ្ឍភូមិ ឃុំរបស់ខ្លួន។ លទ្ធផលនៃវេទិកានេះទទួលបានសំណួរ និងសំណូមពរសរុបចំនួន២៨សំណួរ ការឆ្លើយតបភ្លាមៗបានចំនួន២៦ ហើយនៅសល់ចំនួន២ទៀត ដែលទាក់ទងទៅនឹងអនាម័យសុខភាព និងសុវត្ថិភាពចំណីអាហាររង់ចាំការបកស្រាយពីជំនាញពាក់ព័ន្ធនៅពេលក្រោយ។

 

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានទទួលការជួយឧបត្ថម្ភទាំងស្រុងពីអង្គការទស្សនៈពិភាពលោក ទាំងសម្ភារៈសម្រាប់ការរៀបចំវេទិកា អាហាសម្រន់និងប្រាក់បេសកម្មរបស់អ្នកចូលរួម។

រៀបរៀងដោយៈ លោក ម៉ុនច័ន្ទម៉ូលី និងលោក សៀង ម៉ៅ

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់