លោក ប៉ា សុជាតិ​វង្ស​៖ បញ្ហា​របស់​ប្រជាពលរដ្ឋ នឹងត្រូវ​ដោះស្រាយ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​

ភ្នំពេញ ២៣ មករា ២០១៥៖ដើម្បីទទួលបានការផ្លាស់ប្ដូរយោបល់មតិ ជាពិសេសសំណូមរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងជីវភាពរស់នៅជាប្រចាំថ្ងៃ វេទិកាសាធារណៈរបស់ខណ្ឌមានជ័យ…

ភ្នំពេញ ២៣ មករា ២០១៥៖ដើម្បីទទួលបានការផ្លាស់ប្ដូរយោបល់មតិ ជាពិសេសសំណូមរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងជីវភាពរស់នៅជាប្រចាំថ្ងៃ វេទិកាសាធារណៈរបស់ខណ្ឌមានជ័យ ត្រូវបានរៀបចំឡើង នៅមជ្ឈមណ្ឌលម៉ូឌែន២ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥។

 

វេទិកាសាធារណៈនេះអញ្ជើញជាធិបតីដោយ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរយនាក់។

 

ថ្លែងក្នុងវេទិកានោះ ឯកឧត្តមលើកឡើងថា “ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បានប្រកាន់ទៅតាមគោលការណ៍ច្បាប់នៃរដ្ឋធម្មនុញ្ញ គឺរបបប្រជាធិបតេយ្យសេរីពហុបក្ស។ រយៈពេលកន្លងមកនេះយើងបានប្រឹងប្រែងកសាងនូវមូលដ្ឋានលទ្ធិប្រជាធិបតេយ្យ ដើម្បីជាគ្រឹះរឹងមាំនៃរបបនយោបាយរបស់យើង”។

 

ឯកឧត្តមបានលើកឡើងជាសំណួរថា ប៉ុន្តែបើយើងចង់ឲ្យមានរបបរឹងមាំ តើយើងត្រូវធ្វើបែបណា?។ ឯកឧត្តក៏បានបញ្ជាក់ថា ពិតហើយ តាមផ្លូវច្បាប់យើងបានផ្តល់នូវសិទ្ធិចូលរួមការបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោត៘ ប៉ុន្តែការសំខាន់ ការចូលរួមការពារទឹកដី គឺជាបញ្ហាសំខាន់ ដូចនេះហើយបើចង់ឲ្យលទ្ធិប្រជាធិបតេយ្យរឹងមាំល្អតទៅមុខទៀត គឺការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានសិទ្ធិធ្វើជាម្ចាស់ជោគវាសនារបស់ខ្លួន មានសិទ្ធិធ្វើជាម្ចាស់នៅលើភូមិ សង្កាត់ ខណ្ឌ រាជធានីនៅក្នុងប្រទេសរបស់ខ្លួន។ សិទ្ធិនេះត្រូវបានសំដែងឡើងដោយការចូលរួម។ 

 

ឯកឧត្តមបានថ្លែងបន្តថា រាជរដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោត បានខិតខំដាក់ចេញនូវគោលនយោបាយ ជាក់ស្តែងក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលលើកឡើងអំពីផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលដែលត្រូវអនុវត្តក្នុងអាណត្តិទី៥នេះរួចហើយ។ រាជរដ្ឋាភិបាលដាក់ផែនការយុទ្ធសាស្ត្រប្រគល់ភារកិច្ចមកថ្នាក់ខេត្ត រាជធានី ស្រុក ឃុំ ដើម្បីតម្រង់ទិសស្មារតីទាំងឡាយអោយស្របទៅនិងគោលនយោបាយយុទ្ធសាស្ត្រចតុកោណ។ រាជរដ្ឋាភិបាល បានចាត់មន្ត្រីថ្នាក់ជាតិ ចុះមូលដ្ឋាន ជួយអនុវត្តនូវយុទ្ធសាស្ត្រចតុកោណឲ្យបានជោគជ័យ។ 

 

ឯកឧត្តមបន្តថា វេទិកាសាធារណៈនេះ ធ្វើឡើងដើម្បីប្រមូលនូវមតិសំណូមពររបស់ប្រជាពលរដ្ឋដាក់ទៅក្នុងផែនការអភិវឌ្ឍ ដើម្បីធ្វើការដោះស្រាយ ហើយមានរឿងខ្លះត្រូវបានដោះស្រាយចំពោះមុខ និងរឿងខ្លះនិយាយតែមួយម៉ាត់ ត្រូវបានធ្វើច្រើនខែច្រើនឆ្នាំទៅមុខទៀត។ វេទិកាសាធារណៈជាការទទួលខុសត្រូវរបស់មន្ត្រី ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីចំណងនេះកៀកកិតនឹងគ្នា ទើបយើងយល់បញ្ហាគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងកង្វល់ សំណូមពរ សំណើ របស់ប្រជាពលរដ្ឋដើម្បីឲ្យអាជ្ញាធរនិងក្រុមការងារជួយឲ្យបានប្រសើរឡើង។

 

វេទិកាសាធារណៈនេះ គឺជាការដោះស្រាយនូវបញ្ហា បទល្មើស គ្រឿងញៀន ក្មេងស្ទាវ បញ្ហាអសកម្មនានា នៅខណ្ឌមានជ័យ ពាក់ព័ន្ធទៅភូមិសង្កាត់មានសុវត្ថិភាពទាំង ៩ ចំណុច។

 

ចំណែកលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា ដើម្បីសុវត្ថិភាពសហគមន៍ភូមិសង្កាត់ក្នុងខណ្ឌមានជ័យ អាជ្ញាធរបានប្រើប្រាស់កម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ មន្ត្រីខណ្ឌសង្កាត់ បានចុះល្បាត ពួនស្ទាក់ តាមគោលដៅសំខាន់ៗចុះត្រួតពិនិត្យនៅតាមតំបន់ស្មុគស្មាញ ជាពិសេសកន្លែងផ្ទះជួល ស្នាក់នៅរបស់កម្មករនិងចុះពិនិត្យអាវុធជាតិផ្ទុះតាមទីសាធារណៈ និងចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាមួយគ្នានោះ អាជ្ញាធរបានបង្ក្រាបនូវបទល្មើស លួច ប្លន់ រំលោភសេពសន្ថវៈ គ្រឿងញៀន ករណីហិង្សា និងការងារសន្តិសុខសណ្ដាប់ធ្នាប់ និងដោះស្រាយនូវសំណូមពរនិងសំណើរបស់ប្រជាពលរដ្ឋផងដែរ៕ 

ដកស្រង់ចេញពីគេហទំព័រCEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់