វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៥ គោលដៅទី៣

សៀមរាប ២៥ ធ្នូ ២០១៥៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់ប្រជាពលរដ្ឋ ទាំង បុរស ស្ត្រី សំខាន់យុវជន និងជនងាយរងគ្រោះ នៅក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្តោតទៅលើការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ…

សៀមរាប ២៥ ធ្នូ ២០១៥៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់ប្រជាពលរដ្ឋ ទាំង បុរស ស្ត្រី សំខាន់យុវជន និងជនងាយរងគ្រោះ នៅក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្តោតទៅលើការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ។ 

 

រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដើម្បីដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកសូទ្រនិគម បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈមដែលកើតបានកើតមានកន្លងមក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅស្រុកស្វាយលើ ខេត្តសៀមរាប។

 

វេទិកានេះមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ិន រុន អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល អាជ្ញាធរស្រុកទាំង៣ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជាង ៩០០នាក់។

 

វេទិកានេះក៏បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុង ការបញ្ចេញមតិយោបល់ពីក្តីកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ។

 

ឆ្លងតាមការពិភាក្សា និងការបកស្រាយ ឆ្លើយតបចំពោះទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង បានផ្តោតទៅលើបញ្ហាដីធ្លី សេដ្ឋកិច្ច និងការងារសន្តិសុខសណ្ដាប់ធ្នាប់ ចរាចរណ៍ និងវិស័យកីឡា។ ក្នុងនោះដែរវាគ្មិនបានធ្វើការបកស្រាយបំភ្លឺជូនក្នុងអង្គវេទិកាបានចំនួន ១១សំណួរ និង សំណូមពរ ដែលពាក់ព័ន្ធនិងបញ្ហាដីធ្លី សេដ្ឋកិច្ច និងការងារសន្តិសុខសណ្ដាប់ធ្នាប់ ចរាចរណ៍ ព្រមទាំងការលើកនូវសំណួរ និងសំណូមពរ របស់សមាជិកអង្គវេទិកាដែលបានសរសេរដាក់ប្រអប់មាន ១៦ សំណួរ និងសំណូមពរ លើការងារសេដ្ឋកិច្ច ដីធ្លី និង សេវារដ្ឋបាលផងដែរ។

 

ឯកឧត្តម នូ ផល្លា ក្នុងពិធីបិទវេទិកាបានគូសបញ្ជាក់ថា នេះជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចពិគ្រោះយោបល់ ពិភាក្សា ដើមី្បពិនិត្យពិចារណា និងធ្វើការឆ្លុះបញ្ចាំងទៅលើសមទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈមក្នុងឆ្នាំ២០១៥ និងគម្រោងសកម្មភាពជាអាទិភាព សេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ នៃខេត្តសៀមរាប ឈានទៅរកការកាត់បន្ថយភាពក្រីក្រ។ 

 

ឯកឧត្តមក៏ បានបញ្ជាក់ផងដែរថា អង្គវេទិកាទាំងមូលមានសុទិដ្ឋិនិយមថា វប្បធម៌នៃការចូលរួមកាន់តែមានវឌ្ឍនភាពសំដៅធ្វើឲ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងក្រុង ស្រុក ខេត្តសៀមរាប មានការប្រែប្រួលរីកចម្រើនជាងបណ្តាឆ្នាំមុនៗ ។ «នេះជាកម្លាំងចលករឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរ ហើយក៏ជាកាយវិការដ៏ប្រពៃ សំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែចាក់ឫសយ៉ាងជ្រៅ នៅតាមសហគមន៍មូលដ្ឋានរបស់យើង៕

ដកស្រង់ចេញពីគេហទំព័រខេត្តសៀមរាប 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់