វេទិកាផ្សព្វផ្សាយ និងពីគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងព្រះវិហារ

"

ព្រះវិហារ ២ កក្កដា ២០១៥៖ រដ្ឋបាលក្រុងព្រះវិហារ ខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅសង្កាត់ប៉ាលហាល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥…

ព្រះវិហារ ២ កក្កដា ២០១៥៖ រដ្ឋបាលក្រុងព្រះវិហារ ខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅសង្កាត់ ប៉ាលហាល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។

 

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ប្រព្រឹតិ្តឡើក្រោមអធិបតីភាពរបស់លោក កៅ លុង ប្រធានក្រុមប្រឹក្សាក្រុងព្រះវិហារ និងលោក ប៉ុក ងួន អភិបាលរងស្តីទី និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ កងកម្លាំងទាំងបី ដោយមានការសម្របសម្រួលពីមន្ត្រីសម្របសម្រួលក្រុមប្រឹក្សាក្រុង ស្រុក និងមានការចូលរួមពីមេភូមិ ប្រជាពលរដ្ឋ និងតំណាងយុវជន ដែលមានចំនួនសរុប ២៣៣នាក់ ក្នុងនោះស្រី១៣៥នាក់។

     

 

មានប្រសាសន៍បើកវេទិកាសាធារណៈលោកស្រី ម៉ុង សំអាន ចៅសង្កាត់ប៉ាលហាល និងជាប្រធានក្រុមប្រឹក្សាសង្កាត់ស្វាគមន៍អង្គវេទិកា ដែលមានន័យអបអរសាទរចំពោះការចំណាយពេលវេលាចូលរួមដោយជំរុញលើកទឹកចិត្តអោយប្រជាពលរដ្ឋ នឹងអ្នកពាក់ព័ន្ធលើកឡើងពីបញ្ហាផ្សេងៗដែលកើតមានក្នុងភូមិ សង្កាត់ ដើម្បីធ្វើការដោះស្រាយក្នុងវេទិកា។ លោកស្រីបានបញ្ជាក់បន្ថែមថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុងប្រឹក្សាក្រុងនេះ បានទទួលការជួយឧបត្ថម្ភគាំទ្រពីអង្គការទស្សនៈពិភាពលោក សម្រាប់ការរៀបចំទីកន្លែង និងអាហារថ្ងៃត្រង់។

 

ក្នុងនោះដែរ លោកប្រធានក្រុមប្រឹក្សាក្រុងមានមតិស្វាគមន៍ចំពោះសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាល  តំណាងអង្គការទស្សនៈពិភពលោក តំណាងប្រជាពលរដ្ឋ និងមន្រ្តីជុំវិញការិយាល័យក្រុងទាំងអស់ដែលបានចូលរួមអង្គវេទិកាផងដែរ។ លោកបានបន្តថា ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ខណ្ឌ ច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ដែលរាជរដ្ឋាភិបាលបានរៀបចំឲ្យមានរចនាសម្ព័ន្ធនៅកៀកនឹងប្រជាពលរដ្ឋ ដើម្បីជំរុញអោយប្រជាពលរដ្ឋនៅក្នុងសង្កាត់បានដឹងច្បាស់ពីតួនាទី និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាក្រុង និងគណៈអភិបាល ។ 

 

លោកស្រី សេង ធានីម ទីប្រឹក្សាក្រុងព្រះវិហារ បានជម្រាបជូនពីគោលបំណងរបស់អង្គវេទិកា ដែលមានដូចជា៖

១/ដើម្បីផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា

២/ ដើម្បីផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាឆ្នាំខាងមុខ

៣/ ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពិភាក្សាលើកិច្ចការរបស់ក្រុមប្រឹក្សា

៤/ ដើម្បីទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពីភាក្សា និងឆ្លើយតប។

 

លោកស្រី សេង ធានីម ក៏បានបង្ហាញនូវបទបញ្ជាផ្ទៃក្នុងវេទិកា របៀបវារៈ និងបង្ហាញពីប្រធានបទសំខាន់ៗ មានចំនួន៤ដែលត្រូវលើកយកមកពិភាក្សានៅក្នុងវេទិកាផងដែរ។

     

អង្គវេទិកាបានពិភាក្សាទៅលើប្រធាននីមួយៗជាបន្តបន្ទាប់ដូចតទៅ៖ (១) សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ(២)សុខភាពអនាម័យ (៣)ការអប់រំសិក្សាធិការ និង(៤) បញ្ហាអគ្គិសនី និងផ្តល់ឱកាសអោយប្រជាពលរដ្ឋសាកសួរអំពីបញ្ហាជួបប្រទះដែលពាក់ព័ន្ធទៅនឹងប្រធានបទខាងលើ និងលើកឡើងនូវសំណូមពរ ដោយមានការឆ្លើយតបមកវិញនូវដំណោះស្រាយពីលោកប្រធានក្រុមប្រឹក្សា និងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ប៉ាលហាល។

 

ជាចុងក្រោយលោកប្រធានក្រុមប្រឹក្សាបានអានរបាយការណ៍ការបូកសរុប ដែលបង្ហាញអំពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិយោបល់ដើម្បីរួមចំណែកអភិវឌ្ឍន៍ភូមិ ឃុំរបស់ខ្លួន ហើយជាលទ្ធផលនៅក្នុងវេទិកាថ្ងៃនេះ ទទួលបានសំណួរ និងសំណូមពរសរុបចំនួន៣០ ហើយធ្វើការឆ្លើយតបបានចំនួន៣០ផងដែរ។ រៀបរៀង និងត្រួតពិនិត្យដោយៈ លោក ម៉ុន ច័ន្ទម៉ូលី និងលោក សៀង ម៉ៅ កែសម្រួលដោយ៖ លោកស្រី នុត សាមាន

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់