វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា​ខេត្ត​កំពង់​ឆ្នាំង អាណត្តិទី២

កំពង់ឆ្នាំង ១៨ ធ្នូ ២០១៤៖ សាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។
 

កំពង់ឆ្នាំង ១៨ ធ្នូ ២០១៤៖ សាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។

 

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះមានការអញ្ជើញជាអធិបតីភាពឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន សំអុល អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរដែនដីស្រុកកំពង់លែងគ្រប់លំដាប់ថ្នាក់ សហគមន៍ តំណាងប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសរុបចំនួន ៤៥៨នាក់។

 

លោក អ៊ុក កីឡា នាយករងរដ្ឋបាលសាលាខេត្តបានអានរបាយការណ៍បូកសរុបស្តីពីសមិទ្ធិផលការងារសំខាន់ៗឆ្នាំ២០១៤ និងទិសដៅការងារសំខាន់ៗឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងរួចមក 

សមាជិក សមាជិការ ក្នុងអង្គវេទិកាក៏បានឡើងសួរនូវបញ្ហាលំបាកនានា ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអោយមន្ទីរជំនាញពាក់ព័ន្ធធ្វើការដោះស្រាយ។

 

នៅក្នុងវេទិកានេះដែរ អាជ្ញាធរនៅតាមមូលដ្ឋានមួយចំនួនបានសំណូមពរដល់មន្ទីរអង្គភាពមួយចំនួនជួយដោះស្រាយ ដែលមានដូចជា៖បញ្ហាប្រព័ន្ធស្រោចស្រពទឹកស្រែប្រាំងនៅក្នុងឃុំជ្រៃបាក់ការវាស់វែងដីធ្លីផ្តល់កម្មសិទ្ធជូនប្រជាពលរដ្ឋមានការជាន់គ្នានៅក្នុងឃុំប្រស្នឹបការវាស់វែងដីធ្លីរួចហើយនៅក្នុងឃុំទឹកហូតជាង៣ឆ្នាំ មិនទាន់ឃើញចេញប័ណ្ណកម្មសិទ្ធអោយ ការផ្តល់សេវាសាធារណៈនានានៅតាមសាលាឃុំ និងនៅតាមមណ្ឌលសុខភាពឃុំ និងបញ្ហាទាក់ទងនិងសណ្តាប់ធ្នាប់សន្តិសុខ ចោរកម្ម គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង។

 

 ដោយឡែកបញ្ហាប្រឈមដែលគួរអោយចាប់អារម្មណ៍នោះ គឺអាជ្ញាធរមូលដ្ឋាននៅក្នុងឃុំស្រែថ្មីបានលើក ឡើងថា៖នៅចំណុចអន្លង់ចាក់សំរាមជើងភ្នំតូច នៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ត្រូវបានអ្នកម៉ៅការសំរាមនៅក្នុងក្រុងកំពង់ឆ្នាំង ដឹកសំរាមយកទៅចាក់ចោលពាសវាលពាសកាលយ៉ាងអនាធិបតេយ្យដោយគ្មានរណ្តៅសម្រាប់ចាក់សំរាមនោះឡើយ ដែលករណីនេះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ។ 

 

ទន្ទឹមនេះដែរ អាជ្ញាធរមូលដ្ឋានបានសំណូមពរដល់អ្នកម៉ៅការដឹកសំរាមចេញពីក្រុងកំពង់ឆ្នាំង ជីករណ្តៅថ្មីប្រមូលសំរាមដែលបានចាក់ចោលពាសវាលពាសកាលទាំងនោះ ដាក់ក្នុងរណ្តៅមួយកន្លែងដើម្បីជួយរក្សាដល់បរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។

 

ពាក់ព័ន្ធនឹងករណីខាងលើនេះតំណាងមន្ទីរបរិស្ថានខេត្ត បានបកស្រាយបញ្ជាក់អោយដឹងថា៖ខាងមុខនេះ តាមគំរោងអាជ្ញាធរខេត្តនឹងធ្វើការជីករណ្តៅដ៍ធំមួយសំរាប់ស្តុកសំរាមដែលដឹកចេញពីក្រុងកំពង់ឆ្នាំង ក្រោមការ ឧបត្ថម្ភថវិការបស់ធនាគារមួយដែលបច្ចុប្បន្នមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានកំពុងសិក្សា រកទីតាំងដើម្បីដោះស្រាយបញ្ហានេះ។

 

ចំណែកបញ្ហាពាក់ព័ន្ធជាមួយកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងឃុំទឹកហូត មន្ទីររៀបចំដែនដី សំណង់ និងសុរិយោដីខេត្ត បានឡើងបកស្រាយអោយដឹងថាក្រោយពីការវាស់វែងដីធ្លីរបស់ប្រជាពលរដ្ឋជាលក្ខណៈប្រព័ន្ធនៅក្នុងឃុំទឹកហូតរួចមក មន្ទីរបានកសាងឯកសារបញ្ជូនទៅក្រសួងរួចហើយ ប៉ុន្តែក្រោយមកថ្នាក់ជាតិបានអោយផ្អាកការចេញប័ណ្ណកម្មសិទ្ធដីរបស់ប្រជាពលរដ្ឋមួយរយៈសិន។

 

ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន សំអុល អភិបាលរងខេត្តបានមានប្រសាសន៍ណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងស្រុក និងមន្ទីរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត សហការគ្នាអោយបានល្អដើម្បីសំរេចតួនាទីភារកិច្ចរៀងៗ ខ្លួនដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការចូលរួមក្នុងកម្មវិធីកំណែទម្រង់ស៊ីជម្រៅថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៥៕ 

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់