រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ក្រុមការងារថវិកា (Budget Working Group) ដែលមាន ១៦អង្គការដែលសហការគ្នារៀបចំវេទិកាសាធារណៈស្តីពី “ការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការនៃការកសាង ផែនការថវិកា និងការតាមដានលើការចំណាយថវិកាសាធារណៈ” ដោយមានអ្នកចូលរួមសរុបចំនួន ១៦០នាក់ ដែលអញ្ជើញចូលរួមមកពីតំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសហភាពអឺរុប តំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តំណាងបណ្តាញអង្គការសង្គមស៊ីវិល និងយុវជនចំនួន ១៧ខេត្ត/ក្រុង (កោះកុង បាត់ដំបង បន្ទាយមានជ័យ តាកែវ ស្វាយរៀង ព្រៃវែង សៀមរាប រតនគិរី មណ្ឌលគិរី កំពង់ធំ ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ចាម ត្បូងឃុំ និងរាជធានីភ្នំពេញ) បណ្តាញអ្នកសារព័ត៌មាន ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សាស្រាវជ្រាវ វិស័យឯកជន និងប្អូនៗនិស្សិត។
វេទិកានេះធ្វើឡើងក្នុងគោលបំណងធំៗចំនួន ០៣ រួមមាន៖
១). បង្កើនការយល់ដឹង និងលើកកម្ពស់ការចូលរួមរបស់សាធារណជនទៅលើតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណើរការនៃការរៀបចំផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
២). ផ្តល់ឱកាសដល់អ្នកបង់ពន្ធរួមទាំងយុវជន សង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល ជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនានា សំដៅឆ្ពោះទៅបង្កើនការចូលរួមជាសាធារណៈនៅក្នុងវដ្តនៃដំណើរការរៀបចំផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
៣). ផ្តល់ឱកាសដល់អ្នកបង់ពន្ធរួមទាំងយុវជន សង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល ផ្តល់នូវធាតុចូលជូនក្រសួងពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនានា សំដៅឆ្ពោះទៅធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងគណនេយ្យភាពថវិកាជាតិ។
លោក ជ័យ សម្បត្តិផល្លា តំណាងឱ្យគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍ និងលទ្ធផលសំខាន់ៗដែលកើតចេញពីវេទិកានេះ និងសូមគំាទ្រយ៉ាងពេញទំហឹងនូវវប្បធម៌នៃកិច្ចពិភាក្សាត្រង់ទៅត្រង់មកសំដៅឆ្ពោះទៅការលើកកម្ពស់ការចូលរួមរបស់សាធារណជន ក្នុងដំណើរការរៀបចំផែនការវិនិយោគ និងការត្រួតពិនិត្យតាមដានការអនុវត្តថវិកាទំាងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។
ខាងក្រោមនេះ ជាអនុសាសន៍មួយចំនួនដល់អង្គវេទិកាទំាងមូលដើម្បីយកទៅពិចារណាដូចខាងក្រោម៖
- បន្តកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតរវាងអ្នកពាក់ព័ន្ធទំាងអស់មានតំណាងរាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ
- បន្តធ្វើការរួមគ្នារវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរក្នុងការជួយផ្សព្វផ្សាយបទដ្ឋានគិតិយុទ្ធ ផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កើនចំណេះដឹងរបស់អ្នកចូលរួមជាពិសេសពលរដ្ឋនៅសហគមន៍មូលដ្ឋានឱ្យពួកគាត់អាចយល់ដឹងពីសារៈសំខាន់នៃការចូលរួម។
- សម្របសម្រួលឱ្យមានយន្តការ និងនីតិវិធីឬការណែនាំជាលក្ខណៈប្រព័ន្ធដែលអាចបង្ករភាពងាយស្រួលដល់ការចូលរួម និងត្រួតពិនិត្យតាមដានរបស់សាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលនានាក្នុងដំណើរការរៀបចំផែនការវិនិយោគ និងការត្រួតពិនិត្យតាមដានការអនុវត្តថវិកានៅថ្នាក់ក្រោមជាតិ។
- សូមស្នើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមឱ្យកាន់តែសកម្មក្នុងដំណើរការរៀបចំផែន ការវិនិយោគ និងការត្រួតពិនិត្យតាមដានការអនុវត្តថវិកានៅតាមភូមិ ឃុំ និងសង្កាត់របស់ខ្លួន។
- ស្នើឱ្យអ្នកពាក់ព័ន្ធទំាងអស់ធ្វើការជាមួយរាជរដ្ឋាភិបាល ក្នុងន័យភាពជាដៃគូរ និងមាន ភាពស្មោះត្រង់រវាងគ្នា និងគ្នាប្រយោជន៍ដើម្បីការអភិវឌ្ឍ និងសុខសន្តិភាព។
- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជានាយកដ្ឋានថវិកានីយកម្មបេជ្ញាបន្តរធ្វើ ការក្នុង ភាពជាដៃគូរជាមួយអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទំាងអស់សំដៅលើកកម្ពស់ការចូលរួម និងត្រួតពិនិត្យតាមដានរបស់សាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលនានាក្នុងដំណើរការរៀបចំផែនការថវិកា និងការត្រួតពិនិត្យតាមដានការអនុវត្តថវិកានៅថ្នាក់ជាតិ និងក្រោមជាតិ៕
ប្រភពរូបភាព៖ The NGO Forum on Cambodia