វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ

ក្រចេះ ២៣ ធ្នូ ២០១៤ ៖ នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤ នៅបរិវេណសួនកុមារខេត្តក្រចេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី១ ក្នុងអាណត្តិទី២…

ក្រចេះ ២៣ ធ្នូ ២០១៤ ៖ នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤ នៅបរិវេណសួនកុមារខេត្តក្រចេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី១ ក្នុងអាណត្តិទី២ របស់ខ្លួនក្រោមអធិបតីភាព ឯកឧត្ដម នូ ភឿង  ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ហឿ ស៊ីយ៉ែម អភិបាលខេត្តស្តីទី។

 

ក្នុងវេទិកានេះដែរក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ មន្រ្តីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុងក្រចេះ  អភិបាល អភិបាលរងស្រុកចិត្របុរី ក្រុមប្រឹក្សាក្រុងក្រចេះ ក្រុមប្រឹក្សាស្រុកចិត្របុរី ក្រុមប្រឹក្សាឃុំទាំង អស់ក្នុងស្រុកចិត្របុរី ក្រុមប្រឹក្សាសង្កាត់ទាំងអស់ក្នុងក្រុងក្រចេះ តំណាងប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋចំនួនប្រមាណ ៣៥០នាក់។

 

ក្នុងវេទិកានេះ ក៏មានការធ្វើបទបង្ហាញអំពី តួនាទី ភារកិច្ច សិទ្ធិអំណាច សមិទ្ធផល និងបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឆ្នាំ២០១៤ ដោយ ឯកឧត្តម វង់ សយ សមាជិកក្រុមប្រឹក្សាខេត្ត បទបង្ហាញពីសមិទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០១៤របស់រដ្ឋបាលខេត្តដោយ លោក ហឿ ស៊ីយ៉ែម អភិបាលខេត្តស្តីទី និងកម្មវិធីសំណួរ-ចម្លើយ សម្របសម្រួលដោយ ឯកឧត្ដម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះក៏មានកម្មវិធីសំណួរចម្លើយប្រជាពលរដ្ឋ និងអ្នកចូលរួមបានលើកឡើងជាសំណួរ និងសំណូមពរផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរមួយចំនួនដោយផ្តោតលើបញ្ហាដូចជា៖ 

១. បញ្ហាសណ្តាប់ធ្នាប់ទីផ្សាក្នុងក្រុងក្រចេះ

២. បញ្ហាសំរាម

៣. សំណើសុំអោយមានភ្លើងបំភ្លឺតាមផ្លូវសាធារណៈ

៤. សំណើសុំមណ្ឌលសុខភាពឃុំគោលាប់ 

៥. សំណើសុំសាលាឃុំគោលាប់

៧. សំណើសុំអោយមានភ្លើងបំភ្លឺនៅគ្រប់ផ្លូវនៅទីសាធារណៈក្នុងទីរួមខេត្ត

៨. បញ្ហាភាស៊ីផ្សាយកតម្លៃផ្ញើរម៉ូតូលើសតម្លៃក្នុងសៀវភៅបន្ទុក

៩. និងបញ្ហាមួយចំនួនទៀត

 

គណៈអធិបតី និងវាគ្មិនមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានឆ្លើយបំភ្លឺសំណួរដែលបានលើកឡើង សម្រាប់សំណួរ និងសំណូមពរមួយចំនួនដែលមិនទាន់បានឆ្លើយបំភ្លឺ និងដោះស្រាយ នឹងពិភាក្សាដោះស្រាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សា។

 

យោងមាត្រា៩នៃអនុក្រឹត្យលេខ២១៦ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងារក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង និងក្រុមប្រឹក្សា គណៈអភិបាលស្រុក និងសេចក្តីជូនដំណឹងលេខ០៣៤សជណ/គ.ជ.អ.ប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

អត្ថបទដោយ៖ ណារី មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្តក្រចេះ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់