វេទិកា​សាធារណៈ​ដើម្បី​ត្រួត​ពិនិត្យ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣​របស់រាជរដ្ឋាភិបាល​នៅ​ស្រុកបរិបូណ៌ ខេត្ត​កំពង់​ឆ្នាំង

កំពង់ឆ្នាំង ១០ មីនា ២០១៥៖ វេទិកាសាធារណៈដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល របស់ខេត្តកំពង់ឆ្នាំង…

 

កំពង់ឆ្នាំង ១០ មីនា ២០១៥៖ វេទិកាសាធារណៈដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល របស់ខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ នៅក្នុងវត្តរវៀងជុំ ភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

 

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឆាយ វាន់នឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិស្រុកបរិបូណ៌ ឯកឧត្ដម ប៉ាវ ហមផាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានក្រុមការងារថ្នាក់ជាតិស្រុកបរិបូណ៌ និងឯកឧត្ដម សៀត គឹមលៀង អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាព គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក តំណាងកងកម្លាំងសមត្ថកិច្ច អាជ្ញាធរឃុំ ភូមិ តំណាងអង្គការសង្គមស៊ីវិល ចាស់ព្រឹទ្ធាចារ្យ យុវជន និងប្រជាពលរដ្ឋសរុបប្រមាណ ១៤០នាក់។

 

បញ្ហា និងសំណូមពរសំខាន់ៗដែលបានលើកឡើងក្នុងវេទិកាសាធារណៈមានដូចជា៖

១. សេចក្ដីចម្លងឯកសារអត្រានុកូលដ្ឋាន ដើម្បីដាក់ភ្ជាប់ជាមួយសំណើចុះបញ្ជីកម្មសិទ្ធិដីធ្លីជាប្រព័ន្ធ៖ ប្រជាពលរដ្ឋសំណូមពរឲ្យញ្ចុះតម្លៃសេវាចម្លងឯកសារអត្រានុកូលដ្ឋាន ដោយសារមន្ទីររៀបចំដែនដីតម្រូវឲ្យក្នុង១ក្បាលដី ត្រូវចម្លងឯកសារអត្រានុកូលដ្ឋានចំនួន១ច្បាប។ ដោយ១ច្បាប់មានតម្លៃ៥២០០រៀល ដូច្នេះបើប្រជាពលរដ្ឋមានដីតូចៗច្រើនកន្លែង នោះនឹងត្រូវចំណាយថវិកាច្រើន។ ដំណោះស្រាយ៖ មន្ទីររៀបចំដែនដី បានសម្រួលឲ្យប្រជាពលរដ្ឋចម្លងឯកសារអត្រានុកូលដ្ឋានតែ១ច្បាប់ប៉ុណ្ណោះ ពីសាលាស្រុក (អស់៥២០០រៀល) ហើយអាច Photocopy ឯកសារសេចក្ដីចម្លងនោះបាន។

២. សំណូមពរសុំចាក់កៅស៊ូលើផ្លូវជាតិលេខ53A (ពីឃុំផ្សារ ទៅតំបន់ក្ដុល) ៖ដោយសារផ្លូវក្រួសក្រហមបច្ចុប្បន្ន ហុយខ្លាំង មានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ។ បញ្ហានេះ ខេត្តបាននឹងកំពុងពុះពារដោះស្រាយ ដោយបានស្នើសុំទៅក្រសួងពាក់ព័ន្ធ ពិនិត្យ និងជួយដោះស្រាយ។

៣. បញ្ហាប្រព័ន្ធធារាសាស្ត្រលំហាច ដែលជាជំនួយរបស់ប្រទេសជប៉ុន៖ ប្រជាពលរដ្ឋរីករាយសាទរចំពោះសមិទ្ធផលនេះ ប៉ុន្តែសំណូមពរឲ្យគម្រោងចាប់ដំណើរការឲ្យបានឆាប់ ដើម្បីឲ្យប្រជាពលរដ្ឋអាចមានទឹកប្រើប្រាស់ បង្កបង្កើនផល។

៤. បញ្ហាគម្រោងអភិវឌ្ឍន៍នានា៖ សូមក្រុមការងារគម្រោងគិតគូរដោះស្រាយផលប៉ះពាល់ និងសំណងឲ្យបានសមស្រប។

៥. បញ្ហាសន្តិសុខ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព៖ ក្នុងភូមិសាស្ត្រឃុំទាំងមូល មានសភាពល្អប្រសើរ មិនមានបញ្ហាប្រឈមធ្ងន់ធ្ងរអ្វីឡើយ។

ដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់