វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២ ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ២៣ ធ្នូ ២០១៤៖សាលាក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាក្រុងកំពង់ឆ្នាំង។…

 

កំពង់ឆ្នាំង ២៣ ធ្នូ ២០១៤៖ សាលាក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាក្រុងកំពង់ឆ្នាំង។

 

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២ ឆ្នាំ២០១៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ម៉ែន ធឿន សមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត  អាជ្ញាធរដែនដីក្រុងកំពង់ឆ្នាំងគ្រប់លំដាប់ថ្នាក់ សហគមន៍តំណាងប្រជាពលរដ្ឋ និងតំណាងអង្គការសង្គមស៊ីវិលសរុបចំនួន១១០នាក់ ស្រី២០នាក់។

 

លោក អម សុភា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានអានរបាយការណ៍ស្តីពីសមិទ្ធផលការងារសំខាន់ៗឆ្នាំ២០១៤និងទិសដៅការងារសំខាន់ៗរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងរួមមាន៖ការងារគ្រប់គ្រងរដ្ឋបាលខេត្ត ការងារសេដ្ឋកិច្ច ការងារសង្គមកិច្ច ការងារគ្រប់គ្រងដីធ្លីធនធានធម្មជាតិ បរិស្ថានការប្រែប្រួលអាកាសធាតុ និងការងារគ្រោះមហន្តរាយរដ្ឋបាលនិងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០១៥របស់រដ្ឋបាលខេត្ត។

 

បន្ទាប់មកតំណាងប្រជាពលរដ្ឋដែលបានចូលរួមក្នុងអង្គវេទិកាបានលើកឡើងសំណួរនិងសំណូមពរយ៉ាងច្រើនពីក្តីកង្វល់និងបញ្ហាប្រឈមរបស់គាត់រួមមាន៖ បញ្ហាធ្វើអត្តសញ្ញាណប័ណ្ណអោយបានតាមលេខរៀង ការដេញថៃ្លសំរាមអោយបានបីឆ្នាំម្តង ការដាក់ភ្លើងបំភ្លឺនៅកែងមន្ទីរពេទ្យនិងកែងនគរបាលខេត្តសុំអោយអ្នកម៉ៅការដឹកសំរាមអោយទាន់ពេលនិងកុំអោយយកលើសសៀវភៅបន្ទុក បទល្មើសនេសាទ សុំអោយគ្រូពេទ្យខេត្តគោរពក្រមសីលធម៌ ការយកផាស៊ីកង់ម៉ូតូលើសសៀវភៅបន្ទុកសុំផ្លូវកៅស៊ូក្នុងភូមិដំណាក់ពពូលនិងបញ្ហាប្រឈមផ្សេងៗមួយចំនួនទៀត។

 

ឆ្លើយទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋនោះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានដោះស្រាយជូនតំណាងប្រជាពលរដ្ឋដែលបានចូលរួមក្នុងអង្គវេទិកាចំពោះបញ្ហាកង្វល់ដែលមានផលប៉ះពាល់ច្រើន ឯកឧត្តមបានមានប្រសាសន៍ថាឯកឧត្តមនិងទទួលយកទៅសិក្សាជាមួយមន្ទីរជំនាញដែលពាក់ព័ន្ធ និងដោះស្រាយជូននៅពេលក្រោយ។ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តបានជំរុញអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងក្រុងកំពង់ឆ្នាំងនិងមន្ទីរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ត្រូវសហការគ្នាអោយបានល្អដើម្បីសំរេចតួនាទីភារកិច្ចរៀងៗខ្លួន និងចូលរួមអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងអោយកាន់តែមានការរីកចំរើនថែមទៀត ព្រមទាំងចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់ស៊ីជម្រៅថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ សម្បត្តិ ប៊ុន 

ដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់