ក្រសួងមហាផ្ទៃ​ផ្សព្វផ្សាយពីការធ្វើចំណាកស្រុកសុវត្ថិភាព

កោះកុង ៣ មេសា ២០១៤៖  អង្គការសង្គមស៊ីវិលដែលធ្វើការលើការការពារចំណាកស្រុក និងមន្រ្តីមកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានបើកវេទិកាសាធារណៈដើម្បី…

កោះកុង ៣ មេសា ២០១៤៖  អង្គការសង្គមស៊ីវិលដែលធ្វើការលើការការពារចំណាកស្រុក និងមន្រ្តីមកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានបើកវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកនិងរបៀបនៃការដាក់ពាក្យបណ្តឹងរាល់ករណីដឹងថា មានអំពើជួញដូរមនុស្សកើតឡើងនៅ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាទីដែលប្រជាពលរដ្ឋភាគច្រើននិយមឆ្លងដែនធ្វើការនៅ ប្រទេសថៃ ស្របច្បាប់និងខុសច្បាប់។

អង្គការ ខារ៉ាម នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអាជ្ញាធរមូលដ្ឋានបានបើកឱកាសឲ្យប្រជាពលរដ្ឋជាង ១០០ នាក់ចូលរួមវេទិកាសាធារណៈក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុក និងរបៀបនៃការដាក់ពាក្យបណ្តឹងរាល់ករណីដឹងថា មានអំពើជួញដូរមនុស្សកើតឡើងនិងយល់ដឹងពីវិធីសាស្រ្តមួយចំនួនដែលមេខ្យល់តែងរកឧបាយកលលួងលោមអ្នកភូមិ ឲ្យធ្វើចំណាកស្រុកជាដើម។

លោក យ៉ា ណាវុធ ប្រធានអង្គការ ខារ៉ាម បានថ្លែងថា ប្រជាពលរដ្ឋហាក់បីដូចជាមានចំណាប់អារម្មណ៍ខ្លាំងទៅលើប្រធានបទសុវត្ថិភាពចំណាកស្រុកនិងការជួញដូរមនុស្ស ពោលគឺពួកគាត់បានលើកឡើងនូវសំណួរជាច្រើននិងកង្វល់របស់ពួកគេផ្ទាល់ពីបញ្ហាចំណាកស្រុកដោយប្រថុយប្រថានរកការងារធ្វើ។

លោកថា៖ «យើងយក ខេត្តកោះកុង ដំណើរការនូវវេទិកាសាធារណៈពីព្រោះវាជា តំបន់ក្តៅដែលពលរដ្ឋភាគច្រើនធ្វើចំណាកស្រុកទៅក្រៅប្រទេសតាមរយៈព្រំដែន កម្ពុជា ថៃ។ ក្នុងឱកាសនោះយើងពន្យល់ពួកគេធ្វើយ៉ាងណាឲ្យរកការងារធ្វើក្នុងស្រុកឲ្យអស់លទ្ធភាពសិនមុននឹងធ្វើចំណាកស្រុក”។

លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃក្រសួង មហាផ្ទៃ បានថ្លែងថា វេទិកាសាធារណៈមួយនេះជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋផ្ទាល់ដែលរស់នៅក្បែរព្រំដែនឲ្យយល់ដឹងពីការធ្វើចំណាកស្រុក ដែលការធ្វើចំណាកស្រុកដោយប្រថុយប្រថាននាំមកវិញនូវការជួញដូរ។

លោកបន្ថែមថា ក្នុងឱកាសនោះប៉ូលិសបានប្រាប់ទូរស័ព្ទ hotline គឺ ០២៣ ៩៩ ៧៩១៩ សម្រាប់ប្រជាពលរដ្ឋរាយការណ៍ពីករណីជួញដូរកើតឡើងដើម្បីឲ្យប៉ូលិសធ្វើការអន្តរាគមន៍ទាន់ពេលវេលា និងការផ្សព្វផ្សាយពីប្រកាសមួយចំនួនដែលរដ្ឋាភិបាលបង្កើតឡើងនាពេលថ្មីៗនេះដើម្បីការពារជនចំណាកស្រុក។

លោកថា៖ «ពួកគាត់រស់នៅឆ្ងាយពីទីក្រុងតែរស់នៅជិត ព្រំដែនដែលងាយស្រួលចំណាកស្រុកអ៊ីចឹងបានយើងចុះមកជួបពួកគាត់ផ្ទាល់ដើម្បីពន្យល់ពីរបៀបដាក់ពាក្យបណ្តឹង និងដឹងពីរបៀបបោកប្រាស់ពីសំណាក់មេខ្យល់»។

លោក សំ ចាន់ថា អាយុ ៣៥ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅ ខេត្តកោះកុង បានថ្លែងថា ពួកគេនៅទីនេះបានទទួលព័ត៌មានតិចតួចពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពដោយកន្លងមកឮតៗគ្នាពីអ្នកភូមិរស់នៅជាមួយគ្នា ហើយងាយស្រួលចាញ់បោកមេខ្យល់។

លោកថា៖ «មកពីចង់បានការងារប្រាក់ខែច្រើននៅក្រៅប្រទេសហើយឮមេខ្យល់និយាយដូចទំនងទៀតនោះទើបពួកគេនាំគ្នាពពាក់ពពូន ឆ្លងដែនដោយមិនគិតដល់ពីគ្រោះថ្នាក់នានា»។

យោងតាមរបាយការណ៍របស់ក្រសួង មហាផ្ទៃ បានឲ្យដឹងថា ចំនួនករណីជួញដូរដែលត្រូវបានបង្រ្កាបបានថយចុះចំនួន ១៣៥ ករណីក្នុង ឆ្នាំ២០១២ មក ៩៣ ករណីក្នុង ឆ្នាំ២០១៣។

ចំនួនជនសង្ស័យបញ្ជូនទៅតុលាការថយចុះពីចំនួន ១៦៨ នាក់មកចំនួន ១១៦ នាក់។ រីឯជនរងគ្រោះដែលបានរងគ្រោះមានចំនួនថយចុះផងដែរពីចំនួន ៥២៣ នាក់មកចំនួន ២៥៦ នាក់។ ហើយមានពលរដ្ឋ កម្ពុជា ចំនួន ៤៨២១៦០ នាក់បានចាកចេញទៅធ្វើការនៅក្រៅប្រទេសក្នុង ឆ្នាំ២០១៣ ក្នុងនោះចំនួន ៣៥៥៥២៥ នាក់ឆ្លងដែនដោយស្របច្បាប់៕ ដោយៈ សែន ដាវិត

ដកស្រង់ចេញពីគេហទំព័រភ្នំពេញប៉ុស្តិ៍ៈ http://www.postkhmer.com/national/1-national-news/112780-2014-04-03-03-23-52

ចេញផ្សាយថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់