វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត

បន្ទាយមានជ័យ ២០ វិច្ឆិកា ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ត្រូវបានប្រព្រឹត្តទៅ នៅសាលាស្រុកថ្មពួក កាលពីថ្ងៃទី ១៨ខែវិច្ឆិកា ឆ្នាំ២០១៤។

បន្ទាយមានជ័យ ២០ វិច្ឆិកា ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ត្រូវបានប្រព្រឹត្តទៅ នៅសាលាស្រុកថ្មពួក កាលពីថ្ងៃទី ១៨ខែវិច្ឆិកា ឆ្នាំ២០១៤។

ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបាន ថ្លែងក្នុងពិធីដែលចូលរួមដោយប្រជាពលរដ្ឋជាង ៣៥០នាក់ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និង ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្តល់ឱកាសក្នុងការ ពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល និងសាធារណជន នានា ម៉្យាងទៀត ក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងបញ្ហាសង្គម និងប្រជាពលរដ្ឋ។

ឯកឧត្តមបន្តទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីរបស់ក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានតាមរយៈការអនុវត្តសកម្មភាពរយៈពេល៩ខែកន្លងមក ក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោតជាពិសេស ប្រជាពលរដ្ឋក្នុងខេត្ត ។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះបញ្ហាប្រឈម និងសំណូមពរទាំងឡាយដែលទទួលបានពីវេទិកានេះនឹងយក ទៅ ពិភាក្សាដោះស្រាយក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រកបដោយតម្លាភាព។

នៅក្នុងវេទិកានេះអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម គោ ស៊ុំសារឿត បានលើកបង្ហាញពីសមិទ្ធផលទាំងឡាយដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយៈពេល៩ខែឆ្នាំ២០១៤នេះ និងទិសដៅអនុវត្តបន្តដែលបានឆ្លុះបញ្ចាំងពីភាពរីកចម្រើនលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ព្រមទាំងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងការលើកកម្ពស់ផាសុកភាពគុណភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ ក្នុងវេទិកានោះ មានសំណូមពរចំនួន៣១ពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកឡើង៕ ដោយ ឈុន សារ៉ាត

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់