វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកអង្គរជុំ ខេត្តសៀមរាប អាណត្តទី២

 សៀមរាប ២៣ ធ្នូ ២០១៤៖ ដើម្បីផ្ដល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ដែលបានមកពីក្រុង ស្រុក ក្នុងខេត្តសៀមរាប បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមដែលកើតកន្លងមក…
 

សៀមរាប ២៣ ធ្នូ ២០១៤៖ ដើម្បីផ្ដល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ដែលបានមកពីក្រុង ស្រុក ក្នុងខេត្តសៀមរាប បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមដែលកើតកន្លងមក អាជ្ញាធរស្រុកអង្គរជុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤។

 

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៤ នេះស្ថិតក្រោមអធិបតីភាពឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ វុឌ្ឍី អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរអង្គភាពតំណាងអង្គការសង្គមស៊ីវិល មាតាបិតាសិស្ស សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីក្រុង ស្រុក មានស្រុកស្រីស្នំ ស្រុកវ៉ារិន និង ស្រុកអង្គរជុំចំនួន៥១៩នាក់ ស្ត្រី១៣០នាក់។

 

មានប្រសាសន៍បើកអង្គវេទិកានោះ ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តបានគូបញ្ជាក់នូវគោលបំណងសំខាន់ៗ ក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក បញ្ហាប្រឈម និងអំពីបញ្ហាអាទិភាពនៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ និង ផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងការផ្តល់យោបល់ សួរជាសំនួរ ពិភាក្សាលើខ្លឹមសារ និងរបាយការណ៍ ព្រមទាំងទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ពិភាក្សាដោះស្រាយ និងជំរុញឲ្យមានការចូលរួម និងបង្កើនភាពស្និទ្ធស្នាល រវាងអ្នកផ្តល់សេវាសាធារណៈឲ្យកាន់តែមានភាពល្អប្រសើរឡើង។

 

បន្ទាប់ពីសមាជិកក្រុមប្រឹក្សាខេត្តធ្វើការអាននូវបទបញ្ជាផ្ទៃក្នុង និង បង្ហាញពីតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និងទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅដែនសមត្ថកិច្ចឆ្នាំ២០១៥0-២០១៩ និង ការបង្ហាញរបស់លោក ម៉ៅ វុឌ្ឍី អភិបាលរងនៃគណៈអភិបាលខេត្ត ស្ដីពីសមិទ្ធផល និង បញ្ហាប្រឈមក្នុងឆ្នាំ២០១៤។

 

ក្នុងសំណួរសំណូមពរ និង ចម្លើយ ដែលសមាជិកអង្គវេទិកាបានលើកឡើងពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋានដោយផ្ដោតទៅលើបញ្ហាដីធ្លី បរិស្ថាន បញ្ហាអត្រានុកូលដ្ឋាន ការធ្វើចំណាកស្រុក បញ្ហាផ្លូវថ្នល់ អគ្គិសនី បញ្ហាតម្លៃកសិផលទាប និង ការកំណត់ព្រំប្រទល់រដ្ឋបាលរវាងស្រុក និង ស្រុក ខេត្ត និង ខេត្ត និងបញ្ហាសេវាសុខាភិបាល ការងារអប់រំសិក្សា និង សេវាសាធារណៈ ព្រមទាំងការងារសន្តិសុខ ផ្ដោតលើបញ្ហាគ្រឿងញៀន ល្បែងស៊ីសងជាដើម។ ក្នុងនោះក៏មានលើកនូវសំណួរ និង សំណូមពរ របស់សមាជិកអង្គវេទិកាជាលាយលក្ខណ៍អក្សរដាក់ប្រអប់បានលើកឡើងពាក់ព័ន្ធទៅនឹងការងារសេដ្ឋកិច្ច ,សង្គមកិច្ច, ការងារគ្រប់គ្រងដីធ្លី និង បរិស្ថាន ព្រមទាំងរដ្ឋបាលសន្តិសុខ សណ្ដាប់ធ្នាប់ រួមមាន០៧ សំណួរ និង ២៣សំណូមពរ។

 

បន្ទាប់ពីការបកស្រាយបំភ្លឺរបស់បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធទៅនឹងរាល់សំណួរ និង សំណូមពរផ្ទាល់មាត់ដែលអង្គវេទិកាលើកឡើងទាំង១៦សំណួរ និងសំណូមពរ ព្រមទាំងការឆ្លើយសំណួរនិង សំណូមពរ ជាលាយលក្ខណ៍អក្សរចំនួន០៥សំណួរ និង សំណូមពរ។

 

មានមតិបូកសរុប និងបិទអង្គវេទិកានេះ ឯកឧត្តម នូ ផល្លា ក៏បានធ្វើការថ្លែងអំណរគុណដល់បងប្អូនដែលបានចំណាយពេលចូលរួម ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី២ឆ្នាំ២០១៤ដែលបានធ្វើឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាប់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូច អាជ្ញាធរខេត្ត ក្រុង ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ។

 

អង្គវេទិកាដែលដំណើរការអស់រយៈពេលពេញមួយព្រឹកនេះ ជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពិគ្រោះយោបល់ពិភាក្សា ដើម្បីពិនិត្យ ពិចារណា និងធ្វើការឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈម ក្នុងឆ្នាំ២០១៤ និង គម្រោងសកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០១៥ របស់រដ្ឋបាលខេត្ត។ លោក នូ ផល្លា ក៏បានគូសបញ្ជាក់ថា នេះជាកម្លាំងចលករជំរុញឲ្យការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរ ហើយក៏ជាកាយវិការដ៏ប្រពៃសំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែចាក់ឫសយ៉ាងជ្រៅនៅតាមសហគមន៍មូលដ្ឋានរបស់យើង ព្រឹត្តិការណ៍នាថ្ងៃនេះវាក៏ជាយន្តការមួយក្នុងការពង្រឹងនីតិរដ្ឋនិងអភិបាលកិច្ចល្អនៅមូលដ្ឋាន។ 

 

ឯកឧត្តម នូ ផល្លាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្តដែលបានធ្វើការបកស្រាយឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ។ អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈអាជ្ញាធរស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅផងដែរ៕ ដោយ៖ គឿន វ៉េត 

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់