វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លើកទី១ អាណត្តិទី២ របស់ស្រុកសៀមប៉ាង

ស្ទឹងត្រែង ០៥ មករា ២០១៥៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លើកទី១ អាណត្តទី២ សម្រាប់ស្រុកសៀមប៉ាង បានប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ០៨:៣០ ព្រឹក នៅទីធ្លាវត្តសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត…

ស្ទឹងត្រែង ០៥ មករា ២០១៥៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លើកទី១ អាណត្តទី២ សម្រាប់ស្រុកសៀមប៉ាង បានប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ០៨:៣០ ព្រឹក នៅទីធ្លាវត្តសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ុម សារឿន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាតំណាងឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ 

សមាសភាពអញ្ជើញចូលរួមក្នុងអង្គវេទិកានោះរួមមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុងស្ទឹងត្រែង គណៈអភិបាលក្រុងស្ទឹងត្រែង ប្រធានអនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងស្នងការរងនគរបាលខេត្ត ក្រុមប្រឹក្សាឃុំទាំង៥ ថ្នាក់ដឹកនាំភូមិទាំង២៨ មន្រ្តីរាជការសាលាខេត្ត សាលាស្រុក ប្រជាពលរដ្ឋ និងយុវជនមកពីឃុំទាំងប្រាំ សរុបមានចំនួន ៤៧៧នាក់ ស្រី ១២៣នាក់។

វេទិការបស់ក្រុមប្រឹក្សាដែលរៀបចំឡើងនាឱកាសនោះផ្ដោតជាសំខាន់ លើប្រធានបទចំនួន០៧ រួមមាន៖១/ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈគោលនយោបាយភូមិឃុំ មានសុវត្ថិភាព មាន៩ចំណុច ២/ ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ៣/ ការងារបរិស្ថាន ការគ្រប់គ្រង  ប្រើប្រាស់ដីធ្លី អភិបាលកិច្ចព្រៃឈើ និងជលផល និងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ៤/ ការងារអប់រំ-ការបង្រៀននិងរៀនរបស់គ្រូនិងសិស្ស ៥/ ការងារសុខភាព អនាម័យ ទឹកស្អាត និងមរណភាពមាតាទារក ៦/ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងធ្វើអត្តសញ្ញាណប័ណ្ណថ្មី និង ៧/ ការងារកែលម្អសោភ័ណ្ឌភាពទីប្រជុំស្រុក។

ថ្លែងក្នុងពិធីបើកអង្គវេទិកា លោកជំទាវ កុត ប៊ុនមី  សមាជិកក្រុមប្រឹក្សាខេត្ត  បានមានប្រសាសន៍ជុំវិញសនិទានភាពនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត។ ក្នុងឱកាសនោះ លោកជំទាវតំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លៃងអំណរគុណចំពោះអង្គការព្រហ្មវិហារធម៌ (PVT) អង្គការសង្គ្រោះកុមារ (Save the Children) អង្គការសមាគមថែរក្សាបរិស្ថាននិងវប្បធម៌ (CEPA) អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា(CRDT) អង្គការភូមិខ្ញុំ (MVi) អង្គការសន្តិភាពនិងអភិវឌ្ឍន៍ (PYD) និងអង្គការថែទាំនិងសង្គ្រោះកុមារ (CRY) បានចូលរួម និងគាំទ្រជាថវិកាសម្រាប់ដំណើរការវេទិកាក្រុមប្រឹក្សា លើកទី១ អាណត្តិទី២នេះ និងសូមស្នើឲ្យអ្នកចូលរួមមានការលើកឡើងជាមតិយោបល់ឲ្យបានកុះករ។

ឯកឧត្ដម ម៉ុម សារឿន តំណាងឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងនូវរបាយការណ៍ស្ដីពីសមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្ត ក្នុងឆ្នាំ២០១៤ រួមមាន៖ ការគ្រប់គ្រងប្រជាពលរដ្ឋ ការងារសន្តិសុខ-សណ្ដាប់ធ្នាប់សាធារណៈ និងលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សភាពការសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ  សមិទ្ធផលវិស័យកសិកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ វិស័យ ទេសចរណ៍ វិស័យអប់រំសិក្សាធិការ វិស័យសុខាភិបាល អនាម័យ បរិស្ថាន ធនធានធម្មជាតិ ការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។ 

ជាមួយគ្នានោះឯកឧត្ដមក៏បានស្នើសុំឲ្យអ្នកចូលរួមទាំងអស់ចូលរួមជាមតិយោបល់ លើកឡើងជាសំណូមពរ សំណើ និងបញ្ហានានាដែលជាកង្វល់របស់ប្រជាពលរដ្ឋ ក្នុងន័យចូលរួមចំណែកការអភិវឌ្ឍខេត្ត ព្រមទាំងសូមឲ្យអាជ្ញាធរពាក់ព័ន្ធ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ធ្វើការដោះស្រាយឆ្លើយបំភ្លឺ និងបកស្រាយជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់