វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី២

កំពង់ចាម ២៦ ធ្នូ ២០១៤៖ ដើម្បីផ្តល់ព័ត៌មាន និងពិគ្រោះយោបល់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិអោយមានភាពរលូន និងមានប្រសិទ្ធភាព មានតម្លាភាព និងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋទាំងប្រុស ស្រី រដ្ឋបាលខេត្តកំពង់ចាម…

កំពង់ចាម ២៦ ធ្នូ ២០១៤៖ ដើម្បីផ្តល់ព័ត៌មាន និងពិគ្រោះយោបល់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិអោយមានភាពរលូន និងមានប្រសិទ្ធភាព មានតម្លាភាព និងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋទាំងប្រុស ស្រី រដ្ឋបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី១ អាណត្តិទី២ នៅវត្តបុទមរតនៈដីដុះ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

 

ឯកឧត្ដម ស្រី កានឿន សមាជិក្រុមប្រឹក្សាខេត្តកំពង់ចាម បានឲ្យដឹងថាវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត រៀបចំ ឡើងដើម្បីផ្ដល់ព័ត៌មាន និងពិគ្រោះយោបល់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាព មានតម្លាភាព និងមានការចូលរួមពិភាក្សាយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋទាំងបុរស និងស្រ្តី ។

 

ក្នុងនោះដែរ ឯកឧត្ដម ក៏បានបញ្ជាក់អំពីបទបញ្ជាផ្ទៃក្នុង តួនាទី និងមុខងាររបស់ក្រុមប្រឹក្សាខេត្តផងដែរ ។ ចំពោះវេទិកានេះមាន គោលបំណងជាសំខាន់គឺ ១ កាកែរលម្អប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានាក្នុងគោលដៅជំរុញអនុវត្តលទ្ធិប្រជាធិប តេយ្យនៅមូលដ្ឋាន ២ ការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន ៣ ការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំង ប្រទេស។ ឯកឧត្តម បានបន្តទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកកិច្ចដំណើរការកំណែរទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាមធ្យោ បាយដ៏មានប្រសិទ្ធភាពក្នុងការបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ ហើយរំពឹងថាទទួលបានផលប្រយោជន៍ធំៗ ដូចជា ប្រជាពរដ្ធអាចមានលទ្ធភាពចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅមូលដ្ឋានដែលនោះគឺជាការពង្រឹង និងពង្រីកនូវការចូល រួមជាសាធារណៈនៅក្នុងការអភិវឌ្ឍប្រទសជាតិ ការផ្តល់សេវាសាធារណៈរបស់មន្ទីរ ស្ថាប័ន នៅថ្នាក់ក្រោមជាតិកាន់តែរហ័ស និង មានប្រសិទ្ធភាព និងការអភិវឌ្ឍបន្ថែមទៀតដោយផ្អែកលើឆន្ទៈនៃការចូលរួមរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល ក៍ដូចជាការកៀរគរ ធនធានវិស័យឯកជននានា អោយចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។

 

បន្ទាប់ពីលោក មិន ឆេង ធ្វើរបាយការណ៍រីកចំរើនរបស់រដ្ឋបាលខេត្ត រយៈពេល ៩ខែ ឆ្នាំ២០១៤ រួចមក ប្រជាពលរដ្ឋ ចូលរួមអង្គ វេទិកា ក៏បានលើកសំណួរ និងសំណូមពរនានា ដែលពាក់ព័ន្ធទៅនឹងបញ្ហាតម្លៃ នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន ហើយសមត្ថកិច្ចជំនាញ អង្គភាព ស្ថាប័ននីមួយៗនៃអង្គវេទិកា ក៏បានចូលរួមមតិបកស្រាយបំភ្លឺនូវរាល់ចម្ងល់ សំណូមពរ របស់ប្រជាពលរដ្ឋបានចោទសួរ យ៉ាងក្បោះក្បាយ ផងដែរ ។

 

ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គវេទិកាទាំងមូល ដែលបាន យកចិត្តទុកដាក់ ស្ដាប់បទបង្ហាញ ចូលរួមបញ្ចេញយោបល់ និងលើកឡើងនូវចម្ងល់ សំណូមពរនានា ដែលបានជួបប្រទះជាក់ស្ដែង ក្នុងសមត្ថកិច្ចរបស់អាជ្ញាធរខេត្ត ។ ឯកឧត្ដមមានប្រសាសន៍ថា វេទិកាមួយព្រឹកនេះ ពិតជាបានផ្ដល់ឱកាស ដល់ប្រជាពលរដ្ឋទទួលបាន ព័ត៌មានទាំងឡាយ របស់ក្រុមប្រឹក្សាដែលបានអនុវត្តក្នុងឆ្នាំកន្លងមក និងសកម្មភាពអាទិភាពនៃកិច្ចអភិវឌ្ឍន៍ឆ្នាំបន្ទាប់ របស់ក្រុមប្រឹក្សា រួមទាំងរបាយការណ៍ថវិការបស់ក្រុមប្រឹក្សាផងដែរ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណូមពរ និងសំណួរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។ ក្នុងនោះដែរ លទ្ធផលអង្គវេទិកាផ្សព្វផ្សាយ ទទួលបានសំណួរ និងសំណូមពរសរុប ចំនួន ១០ ហើយអង្គវេទិកាបានចូលរួមឆ្លើយតប និងស្រាយបំភ្លឺទៅលើសំណូមពរជាអាទិភាពបានចំនួន ៦ ចំពោះសំណួរ និងសំណូមពរសេសសល់ នឹងយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយ ទៅតាមប្រភេទរដ្ឋបាលនីមួយៗ ៕

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ចាម

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់