ទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម (គ.គ.អ.ស) ត្រូវបានសហការរៀបចំដោយ អង្គការស្តារកម្ពុជា និងលេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមការដឹកនាំដោយ ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តស្វាយរៀង។
ទស្សនកិច្ចសិក្សានេះ បែងចែកជា២កម្មវិធី៖ កម្មវិធីទីមួយ ពេលព្រឹកការរៀបចំវេទិកាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅវត្តព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជា ២០៩នាក់ និង កម្មវិធីទីពីរ ពេលរសៀលការរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងពីលទ្ធផល នៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់ គ.គ.អ.ស នៅសាលាខេត្តស្វាយរៀង។
ថ្លែងបើកកម្មវិធីនេះ ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា៖ «យើងនឹងអាចស្វែងយល់ និងទទួលបានចំណេះដឹង ឬពុទ្ធិថ្មីៗថែមទៀតពីការអនុវត្តជាក់ស្តែង ទាំងចំណុចខ្លាំង និងចំណុចខ្វះខាតក្នុងការអនុវត្ត ដើម្បីយកទៅកែលម្អគុណភាពសេវា និងការអនុវត្តការបំពេញការងាររបស់អង្គភាពផ្តល់សេវាជូនប្រជាពលរដ្ឋ។»
ឯកឧត្ដម ងី ច័ន្រ្ទផល បន្តថា៖ នៅពេលដែលមុខងារជាច្រើន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនោះ ដំណើរការគណនេយ្យភាពសង្គមពោលគឺ ប្រព័ន្ធត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ (Citizen Monitoring) នឹងក្លាយជាដំណើរការមួយ ដ៏មានសារៈសំខាន់ចាំបាច់ និងជាកញ្ចក់ឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងនៃការអនុវត្តមុខងារទាំងនោះទៅថ្ងៃអនាគត ផ្តល់ជូនដល់អ្នករៀបចំតាក់តែងគោលនយោបាយនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (ក្រុមប្រឹក្សា ក្រុង ស្រុក និងរាជធានី ខេត្ត) ឲ្យបានដឹងអំពីការវិឌ្ឍន៍នៃអភិបាលកិច្ចមូលដ្ឋាន ដែលជាលទ្ធផលបានមកពី នយោបាយកំណែទម្រង់ជាតិរបស់យើង។ »
តាមរយៈការចុះជួបផ្ទាល់របស់គណៈប្រតិភូជួបជាមួយអង្គភាពផ្តល់សេវាទាំងបីបានឲ្យដឹងថា៖
(១). អង្គភាពផ្តល់សេវាទាំងបីបានបិតផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ( I4C posters) នៅមូលដ្ឋានផ្តល់សេវាផ្ទាល់។
(២). លោកនាយក លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សា ប្រធានបុគ្គលិកមណ្ឌលសុខភាព និងបុគ្គលិក ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ ភាគច្រើនយល់ច្បាស់ពីដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម និងការបំពញការងាររបស់ខ្លួនដែលទាក់ទងនឹងសូចនាករ ទាំង ៦ នៃស្តង់ដាការងារ ដែលបានកំណត់តាមអង្គភាពផ្តល់សេវានីមួយៗ។
(៣). បុគ្គលិករបស់អង្គភាពផ្តល់សេវាទាំងបីសប្បាយរីករាយដែលបានជួបថ្នាក់ដឹកនាំអញ្ជើញមកផ្ទាល់ដល់មូលដ្ឋាន។
ចំពោះការបំពេញការងាររបស់ផ្នែកផ្គត់ផ្គង់គឺបានបញ្ចូលទិន្នន័យ ១០០% នៃអង្គភាពផ្តល់សេវាទាំង៣ សរុប ១១០ ក្នុងស្រុកគោលដៅទាំង ២ (ចន្រ្ទា និងរមាសហែក) បានបញ្ចូល ទិន្នន័យ និងធ្វើការបិទផ្សព្វផ្សាយពីទិន្នន័យលទ្ធផលការងារ។ ចំណែកផ្នែកតម្រូវការបានអនុវត្តការងារក្នុងតំបន់គោលដៅបានប្រមាណ ៥៤ % ធៀបទៅនឹងតំបន់គោលដៅរបស់ផ្នែកផ្គត់ផ្គង់៕