វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ឧទ្ទេស​ថ្នាក់​រាជធានី ខេត្ត ស្ដីពី​ផែនការ​អភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ថ្នាក់​រាជធានី ខេត្ត

ភ្នំពេញ ៧ កក្កដា ២០១៤៖ នៅក្នុងអាណត្តិក្រុមប្រឹក្សារាជធានី ខេត្ត នីមួយៗ បន្ទាប់ពីក្រុមប្រឹក្សា រាជធានី ខេត្តដែលជាប់ឆ្នោត ចូលកាន់តំណែង គឺតម្រូវឲ្យរៀបចំកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយស្របតាមច្បាប់រៀបចំអង្គការ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងរាជធានី ខេត្ត របស់ខ្លួន…

ភ្នំពេញ ៧ កក្កដា ២០១៤៖ នៅក្នុងអាណត្តិក្រុមប្រឹក្សារាជធានី ខេត្ត នីមួយៗ បន្ទាប់ពីក្រុមប្រឹក្សារាជធានី ខេត្តដែលជាប់ឆ្នោត ចូលកាន់តំណែង គឺតម្រូវឲ្យរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយស្របតាមច្បាប់រៀបចំអង្គការ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងរាជធានី ខេត្ត របស់ខ្លួន។

ដើម្បីឲ្យការកសាងផែនការនេះ ប្រព្រឹត្តទៅបានល្អ តាមនីតិវិធី និងបច្ចេកទេសច្បាស់លាស់ លេខាធិការដ្ឋាន គ.ជ.អ.ប  និងគ្រូបង្គោលថ្នាក់ជាតិ (មកពីក្រសួងសមាជិកគ.ជ.អ.ប ចំនួន១០) បានផ្ដល់វគ្គបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០១៤ ដល់គ្រូឧទ្ទេសថ្នាក់រាជធានី ខេត្ត ចំនួនប្រមាណ១៥០រូប (មន្ត្រី៥រូបពីរាជធានី ខេត្តនីមួយៗ ដោយមាន១រូបជាអភិបាលរង តំណាងមន្ទីរផែនការ និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិរាជធានី ខេត្ត)  ស្ដីពីផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់រាជធានី ខេត្ត សម្រាប់អាណត្តិទី២នៃក្រុមប្រឹក្សារាជធានី ខេត្ត ដែលទើបជាប់ឆ្នោតថ្មីៗនេះ។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅសណ្ឋាគារ Inter-Continental រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១នៃលេខាធិការដ្ឋាន គ.ជ.អ.ប។ វគ្គនេះគាំទ្រដោយគម្រោងសម្រាប់កិច្ចអភិវឌ្ឍន៍សមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំអង្គការនៅថ្នាក់រាជធានី ខេត្ត (PILAC2) នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

នៅក្នុងអាណត្តិទី២របស់ក្រុមប្រឹក្សារាជធានី ខេត្ត នេះ ក្រុមប្រឹក្សារាជធានី ខេត្ត  នឹងត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន ឲ្យបានយ៉ាងយូរនៅក្នុងឆ្នាំទី២ នៃអាណត្តិរបស់ខ្លួន។

ឯកឧត្តម លេង វី មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់រាជធានី ខេត្ត នាពេលនេះ រៀបចំឡើងដើម្បីការធានាឲ្យក្រុមប្រឹក្សារាជធានី ខេត្តអាណត្តិទី២ អាចចាប់ផ្តើមរៀបចំកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួនបានឆាប់រហ័ស ស្របតាមសេចក្តីណែនាំ បច្ចេកទេសថ្មីស្តីពីការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ដែលត្រូវបានពិនិត្យកែសម្រួលឡើងវិញ និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០១៣ កន្លងមកនេះ។

ឯកឧត្ដម លេង វី បន្តថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងក្លាយជាគ្រូបង្គោលនៅតាមរដ្ឋបាលនីមួយៗរបស់ខ្លួន ដែលមានតួនាទីសំខាន់ក្នុងការពាំនាំនូវខ្លឹមសារនៃសេចក្តីណែនាំបច្ចេកទេសថ្មីនេះ ទៅឲ្យអ្នកពាក់ព័ន្ធទាំងអស់នៅមូលដ្ឋានរបស់ខ្លួន សំដៅលើកកម្ពស់សមត្ថភាពរបស់អ្នកទាំងនោះ នៅក្នុងការកសាង និងគ្រប់គ្រងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត។

វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់នូវសមត្ថភាពគ្រប់គ្រាន់ដល់គ្រូឧទ្ទេសថ្នាក់រាជធានី ខេត្ត ដើម្បីបណ្ដុះបណ្ដាលបន្តដល់ក្រុមការងារកសាងផែនការថ្នាក់រាជធានី ខេត្ត ដែលមានអភិបាលរង សមាជិកក្រុមប្រឹក្សា មន្ទីរជំនាញ និងមន្ត្រីសំខាន់ៗផ្សេងទៀតថ្នាក់រាជធានី ខេត្ត ដើម្បីកសាង និងគ្រប់គ្រងផែនការអភិវឌ្ឍន៍រយៈប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត សម្រាប់អាណត្តិទី២របស់ក្រុមប្រឹក្សារាជធានី ខេត្ត។

ឯកឧត្តម លេង វី បានស្នើដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមឲ្យផុលផុសនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្តនាពេលនេះ សំដៅលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់ខ្លួនឲ្យបានជាអតិបរមាក្នុង ក្នុងគោលបំណងបន្តផ្តល់ចំណេះដឹងដែលទទួលបានទាំងនោះ ឲ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ចំពោះ អភិបាលរងដែលកំពុងចូលរួម នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលនឹងក្លាយជាអ្នកដែលមានតួនាទីសំខាន់នៅក្នុងការផ្តល់ការគាំទ្រដោយផ្ទាល់ដល់ក្រុមប្រឹក្សា និងថ្នាក់ដឹកនាំដ៏ទៃទៀត ព្រមទាំង អ្នកដែលមានតួនាទីសំខាន់ ក្នុងការរៀបចំសិក្ខាសាលា រយៈពេល០១ថ្ងៃ សម្រាប់ក្រុមគោលដៅជាសមាជិកក្រុមប្រឹក្សា
និងមន្ត្រីជាន់ខ្ពស់នៅតាមមូលដ្ឋានរៀងៗខ្លួន ពាក់ព័ន្ធនឹងការកសាង និងគ្រប់គ្រងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។

ពាក់ព័ន្ធនឹងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីធានាឲ្យការរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅតាមមូលដ្ឋាននីមួយៗ អាចចាប់ផ្តើមបានឆាប់រហ័ស ឯកឧត្តម លេង វី បានស្នើដល់សិក្ខាកាម នៅពេលត្រលប់ទៅវិញ ត្រូវខិតខំរៀបចំអនុវត្តឲ្យបានយ៉ាងយូរក្នុងរយៈពេល២សប្ដាហ៍ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ រួមទាំងការរៀបចំសិក្ខាសាលា រយៈពេល១ថ្ងៃផង ដោយត្រូវផ្តល់ព័ត៌មានអំពីកាលបរិច្ឆេទ ជាក់លាក់សម្រាប់រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា មកលេខាធិការដ្ឋាន គ.ជ.អ.ប (គម្រោង PILAC 2) ឲ្យបានឆាប់កុំបីខាន។

វគ្គបណ្តុះបណ្តាលនេះ មានប្រធានបទសំខាន់ៗ ដូចជា៖

  • សេចក្តីណែនាំសម្រាប់គ្រូឧទ្ទេស
  • ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
  • ដំណើរការកសាងផែនការអភិវឌ្ឍន៍រាជធានី ខេត្ត
  • ដើមឈើបញ្ហា និងដើមឈើដំណោះស្រាយ
  • ប្រតិទិនការកសាងផែនការអភិវឌ្ឍន៍
  • ការវិភាគចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង (SWOT)
  • គោលការណ៍ណែនាំផ្នែកគោលនយោបាយរាជធានី ខេត្ត
  • វិធីសាស្ត្រដាក់ពិន្ទុ
  • ដំណើរការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការអភិវឌ្ឍន៍ប្រាំឆ្នាំរាជធានី ខេត្ត
  • តារាងវិភាគស្ថានការណ៍
  • តារាងក្របខ័ណ្ឌអភិវឌ្ឍន៍រាជធានី ខេត្ត
  • ទម្រង់សៀវភៅផែនការអភិវឌ្ឍន៍
  • ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត
  • ការរៀបចំតារាងសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត
  • វិធីសាស្ត្រផេអូហ្វម៉ាទ្រីស (Pay-Off Matrix)
  • ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត
  • ទម្រង់សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត

 

ទាញយកសុន្ទរកថា ឯកឧត្តម លេង វី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់