ក្រសួង​កិច្ចការ​នារី​បង្ហាញ​ពី​ជោគជ័យ​នៃ​គម្រោង​បញ្ជ្រាប​យេនឌ័រ​ដែល​ជួយ​ឱ្យ​ស្ត្រី​បង្កើន​ចំណូល​គ្រួសារ​កាន់តែ​ប្រសើរ

ភ្នំពេញ ៩ កញ្ញា ២០១៥៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីអះអាងថា គម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី២ ហៅកាត់ថាPGM2 ក្រោមការគាំទ្ររបស់អង្គការ(JICA) ជប៉ុន បានជំរុញឲ្យស្ត្រីកម្ពុជាបង្កើនចំណូលគ្រួសារ ខណៈដែលគម្រោងនេះបានពង្រឹងសមត្ថភាពស្ត្រីឱ្យមានជំនាញ មុខរបរ សេដ្ឋកិច្ចគ្រួសារ និងបញ្ហាយេនឌ័រនោះ។

 

ភ្នំពេញ ៩ កញ្ញា ២០១៥៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីអះអាងថា គម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី២ ហៅកាត់ថាPGM2 ក្រោមការគាំទ្ររបស់អង្គការ(JICA) ជប៉ុន បានជំរុញឲ្យស្ត្រីកម្ពុជាបង្កើនចំណូលគ្រួសារ ខណៈដែលគម្រោងនេះបានពង្រឹងសមត្ថភាពស្ត្រីឱ្យមានជំនាញ មុខរបរ សេដ្ឋកិច្ចគ្រួសារ និងបញ្ហាយេនឌ័រនោះ។

 

ថ្លែងក្នុងសិក្ខាសាលាបញ្ចប់គម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី២ នៅសណ្ឋាគារភ្នំពេញនាកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥នេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា គម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី២នេះ ដែលសាកល្បងនៅខេត្តកំពង់ចាមបានបញ្ចប់ដោយជោគជ័យ ដោយបានជួយឲ្យស្ត្រីមានជំនាញ និងចំណេះដឹងផ្នែកអាជីវកម្មខ្នាតតូច ដូចជាការចុះកិច្ចសន្យារវាងវិស័យឯកជន ការផលិត ឬលក់កសិផលផ្សេងៗ ការគាំទ្រដល់ស្ត្រីក្នុងសកម្មភាពសន្សំប្រាក់ និងឥណទាន និងការអភិវឌ្ឍសហគ្រាសខ្នាតតូច ការកែច្នៃផលិតផលកសិកម្ម និងការយល់ដឹងពីស្ថានភាពទីផ្សារ ដែលធ្វើឱ្យពួកគេបង្កើនប្រាក់ចំណូលប្រចាំគ្រួសារប្រសើរជាងមុន។

 

លោកស្រី អាយ៉ា យ៉ាម៉ាគុជិ ប្រធានក្រុមការងារគម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី២ បានវាយតម្លៃថា តាមរយៈគម្រោង PGM១ និងPGM២ ដែលមានរយៈពេល៥ឆ្នាំ ចាប់ពីកញ្ញាឆ្នាំ២០១០ ដល់ខែកញ្ញា ឆ្នាំ២០១៥ ពិតជាបានផ្តល់សមត្ថភាពជំនាញ សេដ្ឋកិច្ចគ្រួសារដល់ស្ត្រី នៅតាមតំបន់គោលដៅរបស់គម្រោងមានការរីកចំរើន។

 

លោកស្រីបន្ថែមថា បើទោះបីជានៅមានបញ្ហាប្រឈមខ្លះៗក្តី តាមរយៈគម្រោង PGM២នេះ បានជួយឱ្យស្ត្រីកម្ពុជាមានភាពអង់អាចក្លាហាន ក្នុងវិស័យសេដ្ឋកិច្ច នយោបាយ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រក៏ដូចជាអំពើហិង្សាក្នុងគ្រួសារឲ្យមកនៅកម្រិតទាប។

 

លោក តាកិហារុ គូជីម៉ា តំណាងជាន់ខ្ពស់ការិយាល័យអង្គការ JICA  ជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍បញ្ជាក់ដែរថា ការគាំទ្ររបស់ JICA សម្រាប់យន្តការថ្នាក់ជាតិ ពាក់ព័ន្ធនឹងការលើកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី គឺជាផ្នែកមួយនៃគម្រោងអភិបាលកិច្ច ដែលឆ្លើយតបនឹងយេនឌ័រ។ ដូចជាការលើកកម្ពស់ជីវភាពរស់នៅ ការងារសហគ្រិនភាព និងការអភិវឌ្ឍន៍ប្រកបដោយសមធម៌ដ៏ទូលំទូលាយ ដ៏មានថាមពល និងនិរន្តភាព ការធានាសិទ្ធិនិងសន្តិសុខរបស់ស្ត្រី ក្នុងជម្លោះគ្រោះថ្នាក់ធម្មជាតិ និងវិបត្តិផ្សេងៗ រួមមានការជួញដូរមនុស្ស និងអំពើហិង្សាផ្តោតលើយេនឌ័រ និងការលើកកម្ពស់សុខភាព និងការអប់រំពេញមួយជីវិតរបស់ស្ត្រី ដើម្បីលើកកម្ពស់ស្វ័យភាពរបស់ពួកគាត់ធ្វើឱ្យប្រសើរឡើងនូវឱកាសសេដ្ឋកិច្ច សុខុមាលភាព៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័របាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់