រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​លើ​ការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា

ភ្នំពេញ ៣០ មីនា ២០១៦៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តលើការកែទម្រង់ប្រព័ន្ធអប់រំ ដែលដាក់ចេញនូវសកម្មភាព គោលនយោបាយ និងសសរស្ដម្ភជាអាទិភាពចំនួន៥សម្រាប់អភិវឌ្ឍន៍ផែនការបង្កើនគុណភាពអប់រំនៅកម្ពុជា។

ភ្នំពេញ ៣០ មីនា ២០១៦៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តលើការកែទម្រង់ប្រព័ន្ធអប់រំ ដែលដាក់ចេញនូវសកម្មភាព គោលនយោបាយ និងសសរស្ដម្ភជាអាទិភាពចំនួន៥សម្រាប់អភិវឌ្ឍន៍ផែនការបង្កើនគុណភាព អប់រំនៅកម្ពុជា។

 

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៤-២០១៥ និង លើកទិសដៅ សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា ការរីកចម្រើននៃការអនុវត្ដកំណែទម្រង់វិស័យអប់រំទៅលើគោលនយោបាយគ្រូបង្រៀន បានជួយលើកកម្ពស់ការបណ្ដុះបណ្ដាលគ្រូបង្រៀន គ្រប់កម្រិត ការអភិវឌ្ឍកម្មវិធីសិក្សា និងការវាយតម្លៃគុណភាពសិក្សា។

 

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូបង្រៀនតាមរយៈការបណ្ដុះបណ្ដាល វប្បធម៌រៀនមួយជីវិត បង្កើតប្រព័ន្ធវិក្រិតការរៀបរយ ការបង្កើតប្រព័ន្ធក្រេឌីត និងពង្រឹងប្រព័ន្ធគាំទ្រគ្រូបង្រៀននៅនឹងកន្លែងដើម្បីឱ្យការបណ្ដុះបណ្ដាលមានគុណភាព។

 

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា លទ្ធផលដែលបានអនុវត្ដ និងទទួលជោគជ័យកន្លងមកគឺផ្ដោតទៅលើការពិនិត្យឡើងវិញកម្មវិធីសិក្សាគោល និងកម្មវិធីសិក្សាលើមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្រ្ដប្រវត្ដិវិទ្យា និងអក្សរសាស្ត្រខ្មែរ។ ក្រសួងអប់រំ បានពង្រឹងវិន័យលើការប្រឡងគ្រប់ប្រភេទ ជាពិសេសការប្រឡងសញ្ញាបត្រមធ្យមសិក្សា ការពង្រឹងការធ្វើតេស្ដវាយតម្លៃថ្នាក់ជាតិនៅថ្នាក់ទី៣ ទី៦ និងទី៨ លើមុខវិជ្ជា ភាសាខ្មែរ និងគណិតវិទ្យា ការលើកកម្ពស់កម្មវិធីអំណាន និងគណិតវិទ្យានៅថ្នាក់ដំបូង។

 

ឯកឧត្តមបានលើកឡើងទៀតថា ក្រសួងអប់រំ បានត្រៀមលក្ខណៈដើម្បីចូលរួមធ្វើតេស្ដលើគុណ ភាពអប់រំ សម្រាប់ថ្នាក់តំបន់ និងអន្ដរជាតិ ពិសេសធ្វើវិក្រឹតការគ្រូបង្រៀនជាប្រចាំដើម្បីលើក កម្ពស់សមត្ថភាពគ្រូបង្រៀន ដែលជាអ្នកផ្ដល់ការអប់រំដល់យុវជនជំនាន់ក្រោយ ឱ្យកាន់តែមានចំណេះដឹង បំណិន និងសីលធម៌ខ្ពស់ ស្របតាមចតុស្ដម្ភទាំងបួននៃការអប់រំគឺ រៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីចេះរស់នៅជាមួយគ្នាក្នុងសង្គម។

 

ជាមួយគ្នានេះ ចំពោះយន្ដការធានាគុណភាពអប់រំ ត្រូវបានរៀបចំ និងកំពុងអនុវត្ដជាជំហានៗ ដើម្បីពិនិត្យ និងវាយតម្លៃលើការសិក្សារបស់សិស្សានុសិស្ស និងការងារគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស។

 

ឯកឧត្តមរដ្ឋមន្រ្ដីក៏បានបន្ថែមទៀតថា ក្រសួងបានកែលម្អ និងដាក់ឱ្យអនុវត្ដកម្មវិធីសិក្សាថ្មី ផ្ដល់សៀវភៅសិក្សា សម្ភារបច្ចេកទេសដើម្បីបម្រើឱ្យការងាររៀន ការបង្រៀន និងការស្រាវជ្រាវនៅ តាមគ្រឹះស្ថានសិក្សា និងបានយកចិត្ដទុកដាក់ដល់ការងារតម្រង់ទិសវិជ្ជាជីវៈ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស។

 

ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ បានមានប្រសាសន៍ថា ការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោរដ៏សំខាន់សម្រាប់សុខភាពនិង ភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ការអប់រំបង្កើតមូលធនមនុស្ស គំនិតច្នៃប្រឌិត បច្ចេកវិជ្ជា និងនវានុវត្តន៍ ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបានសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

 

ឯកឧត្តមទេសរដ្ឋមន្រ្ដីបានចាត់ទុកថា ការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវសមត្ថភាពប្រកួតប្រជែងប្រកប ដោយជោគជ័យរបស់ប្រទេសជាតិនីមួយៗ ជាពិសេស នៅក្នុងយុគសម័យនៃការកើនឡើងជាបន្តបន្ទាប់នៃតំបន់ភាវូបនីយកម្ម និងសាកលភាវូបនីយកម្ម ដែលជាតួអង្គដ៏សំខាន់ក្នុងការ ធ្វើសមាហរណ កម្មសេដ្ឋកិច្ច និងជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសនានានៅលើពិភពលោក។

 

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា បច្ចុប្បន្ននេះ មានសាលាមតេយ្យសិក្សា និងសាលារៀនចំណេះទូទៅទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេសសរុប១៣៣៣៣ ក្នុងនោះ សាលាមតេយ្យសិក្សាចំនួន៤០២៦ សាលាបឋមសិក្សា៧៤៤២ អនុវិទ្យាល័យ១២៩៤ និងវិទ្យាល័យចំនួន៥៧១។ ចំណែកគ្រឹះស្ថានឧត្តមសិក្សាមានចំនួន១១៨ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ៤៦ និងឯកជន៧២ ហើយមាននិស្សិតសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិតចំនួន២២៧៣៨៥នាក់៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់