ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលលើកទី៥ ស្ដីពី​ថវិកា​កម្មវិធី និង អង្គភាព​ថវិកា (AKP)

ភ្នំពេញ ១៧ តុលា ២០១៤៖ នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្តុះបណ្តាលលើកទី៥ ស្តីពីថវិកាកម្មវិធី និងអង្គភាព ថវិកា ក្រោមអធិបតីភាពរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤

ភ្នំពេញ ១៧ តុលា ២០១៤៖ នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គ

បណ្តុះបណ្តាលលើកទី៥ ស្តីពីថវិកាកម្មវិធី និងអង្គភាព ថវិកា ក្រោមអធិបតីភាពរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

 

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងធ្វើការបណ្តុះបណ្តាលគ្រូបង្គោល និង មន្រ្តីជំនាញសរុបចំនួន៨០០នាក់ មកពីក្រសួង-ស្ថាប័ន ចំនួន១៥រួមមានក្រសួងមហាផ្ទៃ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងមុខងារសាធារណៈ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា អាជ្ញាធរសវនកម្មជាតិ និង អង្គភាពប្រឆាំងអំពើពុករលួយ។

 

វគ្គបណ្តុះបណ្តាលលើកទី៥នេះ រៀបចំឡើងដោយមានការគាំទ្រពីបណ្តាដៃគូអភិវឌ្ឍន៍ ដូចជាអង្គការយូនីសេស ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ធនាគារពិភពលោក និងសហគមន៍អឺរ៉ុប។ 

 

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងស្របតាមទិសដៅយុទ្ធសាស្ត្រ នៃកំណែទម្រង់ប្រព័ន្ធថវិកា នៅកម្ពុជា២០១៣-២០២០ ដែលដាក់ចេញ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០១៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

 

ក្របខ័ណ្ឌនៃការកែទម្រង់ប្រព័ន្ធថវិកានេះ ផ្តោតសំខាន់លើការដាក់ឱ្យអនុវត្តន៍ អង្គភាពថវិកានិង ថវិកាកម្មវិធីពេញលេញ ដែលជារបត់ដ៏មានសារៈសំខាន់នៃដំណើរឆ្ពោះទៅមុខ ដោយផ្លាស់ប្ដូរពីការរៀបចំ និងគ្រប់គ្រងថវិកាដែលផ្ដោតលើធាតុចូលទៅជាប្រព័ន្ធថវិកា ដែលផ្អែកលើលទ្ធផល ឬសមិទ្ធិកម្ម ដែលទាមទារឱ្យមានរចនាសម្ព័ន្ធគោលនយោបាយច្បាស់លាស់ និងរចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័នសមស្របព្រមទាំងមានការកំណត់សិទ្ធិអំណាច និងការទទួលខុសត្រូវច្បាស់ លាស់នៅគ្រប់កម្រិត។

 

រាជរដ្ឋាភិបាលបាននិងកំពុងត្រៀមលក្ខណ ដើម្បីដាក់ឱ្យអនុវត្តន៍អង្គភាពថវិកា ថវិកាកម្មវិធីពេញលេញនៅក្រសួងចំនួន១០រួមមាន ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងសុខាភិបាល ក្រសួងកិច្ចការ នារី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងយុត្តិធម៌ចាប់ពីឆ្នាំ២០១៥ ជាមួយនឹងការអនុញ្ញាតឱ្យក្រសួង-ស្ថាប័នដទៃទៀតចូលរួមអនុវត្តន៍អង្គភាពថវិកាមិនលើសពីឆ្នាំ២០១៨។

 

កន្លងមកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះចំនួន៤លើករួចមកហើយ ពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធថវិកា ជាពិសេសលើថវិកាកម្មវិធីដែលរហូតមកទល់ពេលនេះបាន បណ្ដុះបណ្ដាលគ្រូបង្គោលបានចំនួន២៧៥រូប និងមន្ត្រីជំនាញបានចំនួន១.០៧៥នាក់ ពីគ្រប់បណ្ដា ក្រសួង ស្ថាប័ន៕ ដោយ៖ ហ៊ុន យុទ្ធគុណ 

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP): http://www.akp.gov.kh/kh/?p=97372

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់