វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ប័ណ្ណ​ដាក់​ពិន្ទុ​សហគមន៍​លើការ​បំពេញ​ការងារ​របស់​ក្រុមប្រឹក្សា​ស្រុក​ពេជ្រាដា​ ក្នុង​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ

មណ្ឌលគិរី ២៥ កក្កដា ២០១៤៖ អង្គការ Pact សហការជាមួយអង្គការភូមិខ្ញុំ បានបើកវគ្គ បណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៤-២៥ ខែកក្កដា ២០១៤  ស្ដីពីប័ណ្ណដាក់ពិន្ទុ សហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាស្រុក នៃគម្រោងលើកកម្ពស់ការចូលរួមរបស់ … 

 

មណ្ឌលគិរី ២៥ កក្កដា ២០១៤៖ អង្គការ Pact សហការជាមួយអង្គការភូមិខ្ញុំ បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៤-២៥

ខែកក្កដា ២០១៤  ស្ដីពីប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាស្រុក នៃគម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជា

ពលរដ្ឋក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (PROCEED)  ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកពេជ្រាដា

ក្រោមអធិបតីភាពឯកឧត្ដមញ៉ារ៉ាង ចាន់ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

 

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ដើម្បីឲ្យក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក មន្ត្រីការិយាល័យជុំវិញស្រុក អង្គការសហគមន៍

មូលដ្ឋាន(CBO) អាច៖ (១).រៀបរាប់ពីគោលគំនិតនៃដំណើរការ និងរបៀបដាក់ពិន្ទុលើបញ្ជីសំណួរនៃប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញ

ការងារ និងការផ្ដល់សេវារបស់ក្រុមប្រឹក្សាក្រុង (២). សម្របសម្រួលដំណើរការប័ណ្ណដាក់ពិន្ទុសហគមន៍។ 

 

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី  ប្រធាន សមាជិកក្រុមប្រឹក្សា

ស្រុក អភិបាលរងស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីសាលាស្រុកពេជ្រាដា ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ស្រុក មន្ត្រីសម្របសម្រួល

ទីប្រឹក្សាស្រុក តំណាងយុវជន អង្គការសហគមន៍មូលដ្ឋាន(CBO) និងមានក្រុមប្រតិភូជាសមាជិកក្រុមការងារ (PROCEED) សរុបមាន

ចំនួន៤៥ នាក់ (ស្ត្រី១៦នាក់)។

 

មានមតិស្វាគមន៍លោក ឈ សុផល នាយកប្រតិបត្តិអង្គការផេកកម្ពុជាបានមានប្រសាសន៍លើកឡើងពីផែនការយុទ្ធសាស្ត្រ

គណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងារ

របស់ក្រុមប្រឹក្សាស្រុកនេះពិតជាមានសារៈសំខាន់ ដែលជាឧបករណ៍សម្រាប់ឆ្លុះបញ្ចាំងលើការបំពេញតួនាទីការទទួលខុសត្រូវ និងការ

ផ្ដល់សេវារបស់ក្រុមប្រឹក្សា ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។  លទ្ធផល នៃការឆ្លុះបញ្ចាំងនេះ នឹងអាចជួយធ្វើការ

កែលំអលើការគ្រប់គ្រងរដ្ឋបាល និងការផ្ដល់សេវាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក ដើម្បីឆ្លើយតបទៅនឹងបញ្ហានានាដែលជាក្តីកង្វល់

និងសេចក្ដីត្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ 

 

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្ដម ញ៉ារ៉ាង ចាន់ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា ការអនុវត្តវិធីសាស្ត្រប័ណ្ណដាក់ពិន្ទុ

សហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុង ស្រុក ជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមគឺបានផ្ដល់

ឱកាសឲ្យប្រជាពលរដ្ឋនិងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍ និងពិនិត្យតាមដានលើការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា

ក្រុង មន្ត្រីរដ្ឋបាល និងអ្នកផ្ដល់សេវាកម្មនានានៅមូលដ្ឋាន។ ការអនុវត្តផែនការយុទ្ធសាស្ត្រការងារគណនេយ្យភាពសង្គម នឹងជួយជំរុញ

ឲ្យមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ អំពីការផ្ដល់សេវាជូនប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាស្រុក ឲ្យកាន់តែ

មានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងកិច្ចដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ

នៅថ្នាក់ក្រោមជាតិ។

 

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាស្រុកសម្រាប់ធ្វើការវាយតម្លៃលើការបំពេញតួនាទី

ភារកិច្ច និងការផ្តល់សេវារបស់ក្រុមប្រឹក្សាស្រុក មិនមែនវាយតម្លៃទៅលើបុគ្គលណាម្នាក់នោះទេ។

 

ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឲ្យខិតខំយកចិត្តទុករៀនសូត្រ សិក្សាស្វែងយល់ឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបាន

ចំណេះដឹងជាមូលដ្ឋានយកទៅបំពេញការងារនៅមូលដ្ឋានឲ្យទទួលបានជោគជ័យ។

 

គួរបញ្ជាក់ថាផែនការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គមមានបួនសមាសភាព៖ (១).ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា

(២).ការត្រួតពិនិត្យតាមដានរបស់ប្រជាពលរដ្ឋ (៣). ការសម្របសម្រួល និងការពង្រឹងសមត្ថភាព (៤).ការប្រមូលមេរៀនបទពិសោធន៍

ការអនុវត្តល្អ និងការត្រួតពិនិត្យតាមដាន។

 

ផែនការយុទ្ធសាស្ត្រនេះមានចក្ខុវិស័យផ្ដោតទៅលើការពង្រឹងភាពជាដៃគូររវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ  ការលើកកម្ពស់

នូវសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសំដៅអនុវត្តកិច្ច ដំណើរការកំណែទម្រង់ការអភិវឌ្ឍន៍

តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព។

 

ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមមានពីរផ្នែកគឺ៖ ផ្នែកផ្គត់ផ្គង់ (Supply side) និងផ្នែកតម្រូវការ (Demand side)។ ផ្នែកផ្គត់ផ្គង់

រួមមាន៖ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្នាក់ស្រុកចំនួន១២០ (ក្រុមប្រឹក្សា រដ្ឋបាល ការិយាល័យជំនាញ) និងថ្នាក់ឃុំ (រដ្ឋបាល សាលារៀន

មណ្ឌលសុខភាព)។ ចំណែកឯផ្នែកតម្រូវការវិញរួមមាន៖ ប្រជាពលរដ្ឋ (អ្នកប្រើប្រាស់សេវា) អ្នកសម្របសម្រួលគណនេយ្យភាព អង្គការ NGOs

នៅមូលដ្ឋាន អង្គការដៃគូអនុវត្ត អង្គការដៃគូបណ្តុះបណ្តាល អង្គការដៃគូ សិក្សាបទពិសោធន៍ និងផ្នែកសម្របសម្រួលនៅថ្នាក់ជាតិ។

 

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនោះដែរ លោកជេដ្ឋ គីមជុង តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា ក្រោយពីទទួលបានវគ្គបណ្ដុះបណ្ដាល

នេះសិក្ខាកាមទាំងអស់នឹងអាចយល់ដឹងបានអំពីរបៀបនៃការបំពេញប័ណ្ណដាក់ពិន្ទុបានយ៉ាងត្រឹមត្រូវ ផ្អែកតាមការវិនិច្ឆ័យមួយជាក់លាក់

ទៅលើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុង ហើយនឹងយល់ច្បាស់ថាតើលទ្ធផលនៃការដាក់ពិន្ទុនោះត្រូវយកទៅធ្វើផែនការបន្តទៀត។

 

លោកជេដ្ឋ គីមជុង បានមានប្រសាសន៍បន្តថា ប័ណ្ណដាក់ពិន្ទុសហគមន៍នេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពី

គណនេយ្យភាពសង្គម ដែលបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែកក្កដា ឆ្នាំ២០១៣។ បច្ចុប្បន្ន ផែនការសកម្មភាពលម្អិតសម្រាប់ការ

អនុវត្តផែនការយុទ្ធសាស្ត្រនេះត្រូវបានរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលមួយចំនួន។ 

 

លោកបន្ថែមទៀតថា នៅថ្នាក់ស្រុកគឺត្រូវការជំនួយថវិកាសម្រាប់បោះពុម្ពផ្ទាំងព័ត៌មាន និងប័ណ្ណព័ត៌មានប្រជាពលរដ្ឋ (I4Cs) ស្របទៅតាម

គំរូណែនាំពី គ.ជ.អ.ប សម្រាប់ផ្តល់ដល់គ្រប់ឃុំទាំងអស់ និងការគាំទ្របច្ចេកទេសសម្រាប់កិច្ចការចុះតាមដានការអនុវត្តការងារនៅថ្នាក់ឃុំផងដែរ។ 

«ចំពោះការវាយតម្លៃការផ្តល់សេវាវិញ យើងនឹងបន្តអនុវត្តនៅពេលណាដែលមានការផ្ទេរមុខងារជូនរដ្ឋបាលថ្នាក់ស្រុកបានរួចរាល់ ព្រោះថា

នៅពេលនោះ ទើបយើងបានដឹងច្បាស់ថា តើមានសេវាកម្មអ្វីខ្លះ ដែលថ្នាក់ស្រុកត្រូវផ្តល់ជូនប្រជាពលរដ្ឋ។ បច្ចុប្បន្ន គ.ជ.អ.ប ធ្វើការសម្របសម្រួលជាមួយក្រសួងមួយចំនួន ដើម្បីជំរុញឲ្យមានការផ្ទេរមុខងារសាកល្បងមួយចំនួនដល់ថ្នាក់ស្រុកក្នុងឆ្នាំ២០១៤ នេះផងដែរ។

 

ដោយឡែកនៅថ្នាក់ឃុំវិញ លោកបានថ្លែងថា ឃុំត្រូវការជំនួយបច្ចេកទេស និងថវិកាសម្រាប់រៀបចំកិច្ចប្រជុំរួមគ្នារវាងសាលាឃុំ សាលារៀន

និងមណ្ឌលសុខភាព ជាមួយប្រជាពលរដ្ឋ ដើម្បីពិនិត្យមើលលទ្ធភាពប័ណ្ណដាក់ពិន្ទុលើសេវាកម្មដែលបានធ្វើឡើងដោយប្រជាពលរដ្ឋ

និងរៀបចំជាផែនការសកម្មភាពរួមគ្នាមួយ។ «ប្រសិនបើគ្មានការប្រជុំរួមគ្នា និងមិនបានរៀបចំផែនការរួមគ្នា លទ្ធផលនៃប័ណ្ណដាក់ពិន្ទុក៏ពុំសូវជា

មានសារៈសំខាន់ប៉ុន្មានដែរ។ ម៉្យាងវិញទៀត បើគ្មានការតាមដានទៅលើការអនុវត្តផែនការសកម្មភាពរួមគ្នា ដែលបានដាក់ចេញមកយើងក៏

មិនអាចដឹងថា មានអ្វីខ្លះដែលបានកែសម្រួលនោះឡើយ»។  

 

លោកបានបញ្ជាក់បន្ថែមថា ថ្មីៗនេះលេខាធិការដ្ឋាន គ.ជ.អ.ប បានឯកភាព លើសំណើសុំធ្វើការរៀបចំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ

គណនេយ្យភាពសង្គមដល់មន្ត្រីពាក់ពន្ធ័នៅថ្នាក់ខេត្ត ស្រុក ឃុំ នៅពាក់កណ្ដាលខែសីហានេះ ដែលផែនការយុទ្ធសាស្ត្រនឹងត្រូវចាប់អនុវត្ត

ពីត្រីមាសទីពីរឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧។ នៅក្នុងដំណាក់កាលដំបូងនៅថ្នាក់ស្រុកក្នុងឆ្នាំ២០១៤ មានសរុបចំនួន២០ស្រុក និងឃុំ

ដែលស្ថិតក្នុងស្រុកទាំង២០នោះ នៅក្នុងខេត្តចំនួន១១ ដែលគ្របដណ្ដប់ឃុំចំនួន១៥៨ ឃុំ។ តាមផែនការយុទ្ធសាស្ត្រនេះ ថ្នាក់រដ្ឋបាលឃុំ សង្កាត់

មានសាលារៀន និងមណ្ឌលសុខភាព នឹងត្រូវផ្តល់ព័ត៌មានអំពីស្តង់ដារនៃការផ្តល់សេវារបស់ខ្លួន អំពីថវិកាចំណូលចំណាយដែលខ្លួនមាន

ចំពោះប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រាប់ធ្វើការវាយតម្លៃអំពីកម្រិតនៃការផ្តល់ សេវាកម្មទាំងនោះ តាមរយៈប័ណ្ណដាក់ពិន្ទុ

ដែលយើងទាំងអស់គ្នា នឹងរៀនសូត្រនាពេលនេះ។ 

 

លោកបន្តថា បច្ចុប្បន្នលេខាធិការដ្ឋាន គ.ជ.អ.ប បាននឹង កំពុងរៀបចំផ្ទាំងព័ត៌មាននិងប័ណ្ណព័ត៌មានគំរូទាក់ទងនិងសេវាអប់រំ (សាលារៀន)

សេវាសុខភាព (មណ្ឌលសុខភាព) និងសេវារដ្ឋបាល (សាលាឃុំផ្តល់លិខិតអត្រានុកូលដ្ឋាន)។ ផ្ទាំងព័ត៌មាននិងប័ណ្ណព័ត៌មានទាំងនោះ នឹងត្រូវ

ផ្តល់ជូនឃុំទាំង១៥៨ ឃុំ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ធ្វើការវាយតម្លៃគុណភាពនៃការផ្តល់សេវាទាំងនោះ។ ចំពោះប្រជាពលរដ្ឋ

(ដែលជាផ្នែកតម្រូវការ ជាអ្នកប្រើប្រាស់សេវាទាំងនោះ)  បន្ទាប់ពីបាន ប្រើប្រាស់សេវាទាំងអស់នោះ នឹងត្រូវធ្វើការវាយតម្លៃចំពោះគុណភាព

នៃការផ្តល់សេវាទាំងនោះ។ មានវិធីសាស្រ្តជាច្រើនដែលគេបានប្រើប្រាស់សម្រាប់ធ្វើការវាយតម្លៃសេវាកម្ម ដូចជា កន្លងមក យើងមានរៀបចំ

ធ្វើវេទិកាក្រុមប្រឹក្សាដើម្បីផ្តល់យោបល់ត្រឡប់វិញជាដើម។ 

 

លោកថ្លែងដូច្នេះថា៖ « ប៉ុន្តែខ្ញុំយល់ថា វិធីសាស្រវាយតម្លៃតាមរយៈប័ណ្ណដាក់ពិន្ទុរបស់ប្រជាពលរដ្ឋ គឺជាវិធីសាស្រ្តមួយដែលមានភាពងាយស្រួល។ យ៉ាងណា កិច្ចការទាំងនេះ ត្រូវមានអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងការជួយគាំទ្រពីអង្គការសង្គមស៊ីវិលនានា ដើម្បីឱ្យការវាយតម្លៃនេះមានភាពសុក្រិតភាព និងអាចផ្តល់ជាព័ត៌មាន ត្រឡប់ទៅអ្នកផ្គត់ផ្គងវិញ មានដូចជាៈ សាលារៀន មណ្ឌលសុខភាព និងសាលាឃុំ ដើម្បីកែលម្អសេវាទាំងនោះ ឱ្យបានកាន់តែប្រសើរឡើង។ ព្រោះថាលទ្ធផលនៃប័ណ្ណដាក់ពិន្ទុ នឹងត្រូវយកទៅពិនិត្យរួមគ្នា និងរៀបចំផែនការសកម្មភាពសម្រាប់កែលម្អសេវាកម្មទាំងនោះ តាមរយៈកិច្ចប្រជុំរួមគ្នា និងព្រមព្រៀងទៅលើផែនការសកម្មភាពគណនេយ្យភាពរួមគ្នាមួយផងដែរ។»

 

លោកបានស្នើដល់អង្គការផេកកម្ពុជា អង្គការភូមិខ្ញុំ អាជ្ញាធរខេត្ត អាជ្ញាធរស្រុកបន្តសហការជួយគាំទ្រការងារគណនេយ្យភាពសង្គម

តាមរយៈការពង្រឹងសមត្ថភាពអង្គការដៃគូនានានៅមូលដ្ឋាន និងជួយពង្រឹងសមត្ថភាពតំណាងអង្គការសម្របសម្រួលគណនេយ្យភាពសង្គម

ឱ្យបានគ្រប់ឃុំនៅក្នុងស្រុកពេជ្រាដា ដើម្បីងាយស្រួលអនុវត្តសកម្មភាពបានរលូន និងមានប្រសិទ្ធភាព។

 

សូមបញ្ជាក់ផងដែលថា អង្គការផេក Pact Cambodia សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានអនុវត្តវិធីសាស្រ្តប័ណ្ណដាក់ពិន្ទុ

សហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុង ស្រុកនៅក្នុងខេត្តចំនួន៤ គឺខេត្តមណ្ឌលគីរី មានក្រុងសែនមនោរម្យ និងស្រុកពេជ្រាដា

ខេត្តពោធិ៍សាត់ មានក្រុងពោធិ៍សាត់ និងស្រុកក្រគរ ខេត្តកំពង់ចាម ស្រុកព្រៃឈរ និងក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកថ្មគោល ក្នុង

ខេត្តបាត់ដំបង ក្រោមគម្រោងការលើកកំពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

(ហៅកាត់ថា PROCEED)៕ ដោយមន្រ្តីព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់