ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រៃនប់ អាណត្ដិទី២ ខេត្ត​ព្រះសីហនុ

ព្រៃនប់-ព្រះសីហនុ ៩ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រៃនប់ អាណត្ដិទី២ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុកព្រៃនប់ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព…

ព្រៃនប់-ព្រះសីហនុ ៩ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រៃនប់ អាណត្ដិទី២ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុកព្រៃនប់ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុ និងឯកឧត្ដម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ ដោយមានវត្តមានថ្នាក់ដឹកនាំ អង្គភាព ការិយាល័យ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ ព្រមទាំងមន្រ្តីអ្នកមុខអ្នកការជាច្រើន រូបទៀតរបស់សាលាស្រុកព្រៃនប់សរុបចំនួន ១០៥ នាក់ (ស្ដ្រី១៥នាក់)។

 

លោក ទិត វុទ្ធី អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់មានមតិស្វាគមន៍ និងធ្វើ របាយការណ៍សង្ខេបជូនអង្គពិធី។ 

 

លោក អៀម សារិន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ដ បានអានអនុក្រឹត្យលេខ ៧៩៩ អនក្រ.តត របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ចំនួន ១៧រូប (ស្រ្ដី៣រូប) ក្នុងនោះលោកស្រី ហៀក ហ៊ីមុល្លី ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់។ 

 

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុ និងឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ បានប្រគល់អនុក្រឹត្យទទួលស្គាល់សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ទាំង ១៧រូប។

 

ក្នុងនាមសមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់អាណត្ដិទី២ លោកស្រីប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់បាន ប្ដេជ្ញាចិត្ដអនុវត្ដជោគជ័យនូវកិច្ចការជាអាទិភាពសម្រាប់ក្រុមប្រឹក្សាអាណត្ដិទី២។

 

ឯកឧត្ដម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុបានផ្ដាំផ្ញើដល់គណៈអភិបាល ស្រុក បន្ដលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាព ជាមួយក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋ សំដៅប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាស្ថាប័នអភិបាលកិច្ច ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុង ការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងសង្គមនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្ដលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ និង កិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយសមធម៌។ 

 

ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុក៏បានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សា ស្រុកព្រៃនប់អាណត្ដិទី២ថា៖ «ទោះជាមានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ដោយ ប៉ុន្ដែអស់លោក លោកស្រីជាតំណាងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដូចនេះត្រូវខិតខំបម្រើផល ប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព និងមិនប្រកាន់និន្នាការ នយោបាយនោះឡើយ»។

 

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុក៏បានជំរុញសមាជិកក្រុមប្រឹក្សាស្រុក ត្រូវអនុវត្ដកិច្ចការជាបន្ទាន់មានដូចជា៖ 

  1. ធ្វើការប្រជុំសាមញ្ញលើកទី១ មិនឲ្យហួសពី១៥ថ្ងៃបន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងនេះ
  2. រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ មិនឲ្យលើសពី៣៥ថ្ងៃបន្ទាប់ពីការប្រជុំសាមញ្ញលើកទី១
  3. ត្រូវធ្វើការប្រកាសទ្រព្យសម្បត្ដិ និងបំណុលរបស់ខ្លួន ហើយបញ្ជូនមកអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ បន្ទាប់ ពីថ្ងៃប្រកាសចូលកាន់តំណែងនេះ។ 

 

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុ ក៏បានណែនាំដល់សមាជិកក្រុមប្រឹក្សា និងគណៈអភិបាលស្រុកបន្ដយកចិត្ដទុកដាក់អនុវត្តកិច្ចការជាអាទិភាព សំដៅចូលរួមចំណែក អនុវត្តដោយជោគជ័យនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់របស់ រាជរដ្ឋាភិបាលកម្ពុជា៕

សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ អាណត្តិទី២ ខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់