ពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាក្រុងព្រៃវែង អាណត្តិ​ទី២

ព្រៃវែង ១៣ មិថុនា ២០១៤៖ សាលាក្រុងព្រៃវែង បានរៀបចំពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាក្រុង អាណត្តិទី២ កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធបតីភាព…


ព្រៃវែង ១៣ មិថុនា ២០១៤៖ សាលាក្រុងព្រៃវែង បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុង អាណត្តិទី២ កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធបតីភាព ឯកឧត្តម ហាស់ សារ៉េត អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងមានការចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មន្រ្តីការិយាល័យជុំវិញក្រុង កងកម្លាំងប្រដាប់អាវុធ តំណាងគណបក្សនយាបាយក្នុងក្រុង ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ អនុភូមិ និងតំណាងអង្គការសង្គមស៊ិវិល និងវិស័យឯកជនក្នុងក្រុងព្រៃវែង សរុបចំនួន ៨៥នាក់ (ស្រី២៣នាក់)។

លោក ពុធ សារុន អភិបាលនៃគណៈអភិបាលក្រុង បានឡើងអានរបាយការណ៏ស្តីពីសមិទ្ធផលសម្រេចបាននៅក្នុងក្រុមប្រឹក្សាអាណត្តិទី១។

លោក ហ៊ុល ចំរើន នាយករងរដ្ឋបាលសាលាខេត្ត បានអានអនុក្រឹត្យស្តីពីការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាក្រុង អាណត្តិទី២ ដែលមានចំនួន ១១ រូប មកពីគណបក្សប្រជាជនកម្ពុជាចំនួន៩រូប និងគណបក្សសង្រោះជាតិចំនួន២រូប ព្រមទាំងបានអានប្រកាសរបស់រាជរដ្ឋាភិបាលលេខ ១៧៥៧ ប្រក ស្តីពីការផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាក្រុង ដោយសារមានសមាជិកក្រុមប្រឹក្សាក្រុងម្នាក់បានទទួលមរណភាព។

សមាសភាពក្រុមប្រឹក្សាក្រុងព្រៃវែង ក្នុងអាណត្តិទី២នេះ រួមមាន៖ ១)លោក ស៊ិន សារៈ ជាប្រធានក្រុមប្រឹក្សា ២)លោក ចាន់ ដេត ៣)លោក តូច វិសុទ្ធ ៤) លោកលី ឈុនហួត ៥)លោកស្រី មាស ហ៊ន ៦)លោក សោម អ៊ាង ៧)លោកស្រី ម៉ាន់ សុភឿន ៨)លោក ទាវ សុផល ៩)លោក ឡៅ សារី (ជំនួសលោកស្រី ងី សារ៉ុន ដែលទទួលមរណភាព) ១០)លោកយ៉ា យឿន និង១១)លោកគួយ ហូរ។

លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងដែលទើបប្រកាសចូលកាន់ដំណែង បានធ្វើការប្តេជ្ញាចិត្តគោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានជាធរមាន អនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ខិតខំពង្រឹងរដ្ឋបាលឯកភាពក្រុង ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល បុគ្គលិក និងបង្កើនទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សាតាមបណ្តាប្រភេទ ព្រមទាំងក្រសួង ស្ថាប័ន ការិយាល័យ ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្មលើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរឹងមាំ ខ្លាំងក្លា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ឯកឧត្តម ហាស់ សារ៉េត អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោត  ទោះជាមានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឲ្យប្រជាពលរដ្ឋក្នុងក្រុងទាំងមូល។ ហេតុនេះ ក្នុងការអនុវត្តការងារ សមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព និងមិនប្រកាន់និន្នាការនយោបាយនោះឡើយ។

ឯកឧត្តមបានធ្វើការកោតសរសើរផងដែរចំពោះសមិទ្ធផល និងស្នាដៃដែលក្រុងព្រៃវែងសម្រេចបាននាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ជាហេតុធ្វើឲ្យប្រទេសកម្ពុជាយើងកាន់តែទទួលបាននូវការគាំទ្រពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក៏ដូចជាអ្នកវិនិយោគនានា ដែលជាមូលដ្ឋានធ្វើឲ្យប្រជាជាតិ និងប្រជាជនយើងបោះជំហានទៅមុខជាបន្តទៀត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់