សេចក្តីប្រកាសព័ត៌មាន
វេទិកាថ្នាក់ជាតិ
ស្តីពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍ
តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
********
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សូមជូនដំណឹងដល់សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយអង្គការសង្គមស៊ីវិលនឹងរៀបចំវេទិកាថ្នាក់ជាតិស្តីពី “ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ” នៅថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨:០០ព្រឹក នៅសណ្ឋាគារហ៊ីម៉ាវ៉ាវី (Himawari Hotel) ។
វេទិកាថ្នាក់ជាតិនេះនឹងប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម (គ.គ.អ.ស)។
វេទិកាថ្នាក់ជាតិនេះមានគោលបំណងដើម្បីប្រមូលចងក្រងមេរៀន បទពិសោធន៍ល្អៗ បញ្ហាប្រឈម និងរៀបចំផែនការកែលម្អក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមរបស់ផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ដែលមានការចូលរួមពីសមាជិក គ.គ.អ.ស (ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប អភិបាលរងខេត្តជាប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សរដ្ឋបាលខេត្តគោលដៅ មន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា មន្ត្រីបង្គោលគណនេយ្យភាពសង្គមខេត្ត ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អង្គភាពផ្តល់សេវាទាំងបី (រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងអ្នកពាក់ព័ន្ធប្រមាណជា ២០០នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមអញ្ជើញអ្នកសារព័ត៌មានទាំងអស់ចូលរួមយកព័ត៌មានតាមការគួរ។
សូមទាក់ទងលេខាធិការដ្ឋាន គ.ជ.អ.ប ជាមុនតាមរយៈ
លេខទូរស័ព្ទ 017699987 / 077 785 445 Email: vansophorn@ncdd.gov.kh
Website: www.ncdd.gov.kh Facebook Page: www.facebook.com/ncdds/