សម្ដេច​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ចូលរួម​ទស្សនា​បទ​បង្ហាញ​ស្ដីពី​បទពិសោធន៍​ របស់​ប្រទេស​ចិន​ក្នុង​ការ​កែទម្រង់​ និង​វិមជ្ឈការ

ភ្នំពេញ ២០ ឧសភា ២០១៤៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅទស្សនា បទបង្ហាញស្តីពីបទពិសោធន៍របស់ប្រទេសចិនក្នុងការកែទម្រង់ និងវិមជ្ឈការដែលឧទ្ទេសនាមដោយ ឯកឧត្តម Chen Fengxiang អនុរដ្ឋមន្រ្តីគណៈទាក់ទងអន្តរជាតិ នៃគណៈកម្មាធិការ កណ្តាលបក្សកុម្មុយនិស្តចិន និងថ្នាក់ដឹកនាំចិនគ្រប់ស្ថាប័នពាក់ព័ន្ធដទៃទៀត។

 ភ្នំពេញ ២០ ឧសភា ២០១៤៖ បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជារាយការណ៍មកថា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ដែល

ជាថ្ងៃទី៣ នៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ២ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីនៅទីក្រុងសៀងហៃ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញ

ទៅទស្សនាបទបង្ហាញស្តីពីបទពិសោធន៍របស់ប្រទេសចិនក្នុងការកែទម្រង់ និងវិមជ្ឈការដែលឧទ្ទេសនាមដោយ ឯកឧត្តម Chen Fengxiang

អនុរដ្ឋមន្រ្តីគណៈទាក់ទងអន្តរជាតិ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងថ្នាក់ដឹកនាំចិនគ្រប់ស្ថាប័នពាក់ព័ន្ធដទៃទៀត។

 

ថ្លែងនៅក្នុងបទឧទ្ទេសនាមនោះ ឯកឧត្តម Chen Fengxiang មានប្រសាសន៍ថា ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសចិនបានខិតខំយកចិត្តទុកដាក់ខ្លាំង

ណាស់ក្នុងការធ្វើកំណែទម្រង់ និងវិមជ្ឈការដោយសារការធ្វើកំណែទម្រង់ និងវិមជ្ឈការនោះហើយ ដែលនាំដល់ភាពជោគជ័យក្នុងការដឹកនាំ

និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេសជាតិឲ្យមានការរីកចម្រើនរឹងមាំទៅបាននោះ។

 

ឯកឧត្តមអនុរដ្ឋមន្រ្តីមាន ប្រសាសន៍បន្តថាប្រទេសចិនបានធ្វើកំណែទម្រង់ និងវិមជ្ឈការនេះជាយូរលង់ណាស់មកហើយ ប៉ុន្តែចាប់តាំងពីកិច្ចប្រជុំ

សភាតំណាងប្រជាជនចិនទូទាំងប្រទេសចិនលើកទី១២ នីតិកាលទី២ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំកំពូលចិន

ជំនាន់ថ្មី បានកំណត់របៀបវារៈកំណែទម្រង់របស់រដ្ឋាភិបាលចិន ដែលផ្តោតសំខាន់ទៅលើការលុបបំបាត់អំពើពុករលួយ កំណែទម្រង់រដ្ឋបាល

ការប្រឆាំងនឹងការបំពុលបរិស្ថាន សន្តិសុខសង្គម កំណែទម្រង់ពន្ធ និងហិរញ្ញវត្ថុ និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។

 

ឯកឧត្តមមានប្រសាសន៍បន្តថា ដោយសារសារសំខាន់នៃការទម្រង់ និងវិមជ្ឈការនោះហើយ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន

មានការយកចិត្តទុកដាក់ដូចគ្នា ក្នុងការដឹកនាំកសាង និង អភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

និងមានមោទនភាពខ្ពស់ចំពោះកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។

 

ឯកឧត្ដមអនុរដ្ឋមន្រ្តី មានប្រសាសន៍ឲ្យដឹងដែរថា ប្រទេសចិនបានធ្វើកំណែទម្រង់ និងវិមជ្ឈការស្ទើរតែជាងពាក់កណ្តាលសតវត្សមកហើយ

ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយក៏ចិននៅត្រូវការពេលវេលាជាច្រើនទៀត ដើម្បីឲ្យកម្មវិធីកំណែទម្រង់ និងវិមជ្ឈការនោះឲ្យកាន់តែទទួលបាន

ជោគជ័យទ្វេឡើងថែមទៀត ពិសេសសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ ។

 

នៅក្នុងបទឧទ្ទេសនាមដែលបានចំណាយពេលជាង២ម៉ោងនោះ តំណាងគ្រប់ស្ថាប័ន គ្រប់ផ្នែក ទាំងអស់របស់ប្រទេសចិន និងកម្ពុជាបានបង្ហាញ

ជូននូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ជុំវិញកម្មវិធី កំណែទម្រង់ និងវិមជ្ឈការនៅតាមផ្នែកនីមួយៗព្រមទាំងបានគូសបញ្ជាក់ពីសារសំខាន់

មិនអាចខ្វះបាន នៃការធ្វើកំណែទម្រង់ និងវិមជ្ឈការដែលជាម៉ែត្រតម្រង់ផ្លូវ ដើម្បីឈានទៅកាន់ភាពជោគជ័យនៃការដឹកនាំ និងកសាងប្រទេសឲ្យ

កាន់តែមានភាពរីកចម្រើនជឿនលឿន និងការអភិវឌ្ឍប្រទេសមានភាពគ្រប់ ជ្រុងជ្រោយនោះ។

 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណជូនចំពោះថ្នាក់ដឹកនាំចិន ដែលបានផ្តល់នូវ ឱកាសដ៏មានតម្លៃបំផុតដល់រូបសម្តេច និងគណៈប្រតិភូ

បានមកចូលរួមស្តាប់បទឧទ្ទេសនាមស្តីពីបទ ពិសោធន៍របស់ប្រទេសចិន ក្នុងការកែទម្រង់ និងវិមជ្ឈការនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមាន

ប្រសាសន៍ថា ប្រទេសយើងទាំងពីរកម្ពុជា-ចិនធ្លាប់មានប្រវត្តិដ៏ជូរចត់ដូចគ្នាក្នុងការដឹកនាំ និងកសាងប្រទេសជាតិឡើងវិញ។ ប្រទេសចិនបានដឹកនាំ

និងកសាងប្រទេសជាងពាក់កណ្តាលសតវត្សមកហើយ ផ្ទុយពីប្រទេសកម្ពុជា ដែលបានដឹកនាំប្រទេសចេញពីសេដ្ឋកិច្ចផែនការមកកាន់

សេដ្ឋកិច្ចទីផ្សារសេរី ទើបតែបានប្រមាណជិត៣០ ឆ្នាំចុងក្រោយ និងជាពេលវេលាមួយដែលអស្ថេរភាព និងគំរាមកំហែងពីសង្រ្គាមផ្ទៃក្នុង។

 

សម្តេចតេជោមានប្រសាសន៍បន្តថា បទពិសោធន៍ និងការឈឺចាប់របស់ប្រទេស និងប្រជាជន កម្ពុជាមានទំហំធំធេងខ្លាំងណាស់ក្នុងការកសាង

ប្រទេសឡើងវិញពីគំនរផេះផង់ ឈាម ទឹកភ្នែក និងការព្រាត់ប្រាស ប៉ុន្តែទើបតែក្នុងរយៈពេលជាង១ទសវត្សចុងក្រោយនេះ បន្ទាប់ពីកម្ពុជា

ទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយយ៉ាងពេញលេញ កម្ពុជាបានដឹកនាំធ្វើការកែទម្រង់ និងវិមជ្ឈការយ៉ាងស៊ីជម្រៅ ពិសេសបាន

កំណត់ចេញនៅក្នុងកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព

នៅកម្ពុជា។

 

សម្ដេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ដូចគ្នានិងប្រទេសចិនដែរ កម្ពុជាត្រូវការពេលវេលាជាច្រើនទៀត ក្នុងការធ្វើកំណែទម្រង់

និងវិមជ្ឈការឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីធ្វើយ៉ាងណាដឹកនាំ និងកសាងប្រទេសឲ្យកាន់ តែសម្បូររុងរឿង សេដ្ឋកិច្ចកាន់តែមានកំណើនខ្ពស់

ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកាន់តែត្រូវបាន លើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសការត្រួសត្រាយផ្លូវសម្រាប់យុវជនជំនាន់ក្រោយដែលជា

អ្នកបន្តវេនដឹកនាំ និងកសាងប្រទេសឲ្យកាន់តែមានភាពជឿនលឿនទ្វេឡើងថែមទៀត។ តាមរយៈនេះ សម្តេចស្នើដល់ភាគីពាក់ព័ន្ធនៃប្រទេស

ទាំងពីរ បន្តធ្វើការទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែស៊ីជម្រៅថែមទៀត ពិសេសលើការផ្លាស់ប្តូរបទពិសោធន៍

ពីគ្នាទៅវិញទៅមកជុំវិញការ ធ្វើកំណែទម្រង់ និងវិមជ្ឈការសម្រាប់ប្រទេសទាំងពីរនោះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

http://www.akp.gov.kh/kh/?p=83601

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់