ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ អាណត្តិទី២

បន្ទាយមានជ័យ ៧ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ អាណត្តិទី២ ខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព…

បន្ទាយមានជ័យ ៧ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ អាណត្តិទី២ ខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ចុង ផែត អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅសាលាស្រុកព្រះនេត្រព្រះ។ 

 

ក្នុងឱកាសនេះផងដែរ ក៏មានវត្តមានប្រតិភូអមដំណើរ លោកជំទាវ នួម សោភ័ណ សមាជិករដ្ឋសភា ឯកឧត្តម កែវ សុភាព  សមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី២ និងជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត  ប្រធាន អនុប្រធានមន្ទីរ នាយករងទីចាត់ការធនធានមនុស្ស មេឃុំ មេភូមិ និងកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គការជាតិ និងអន្តរជាតិ តំណាងគណបក្សប្រជាជនកម្ពុជា តំណាងគណបក្សសង្គ្រោះជាតិ តំណាងគណបក្សហ្វុនស៊ីនប៊ិច និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត សរុប១០០រូប (ស្រ្តី២០រូប)។

 

លោក លី សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលស្រុក  បានមានមតិស្វាគមន៍និងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសភាពការណ៍ទូទៅរបស់ស្រុក ការអភិវឌ្ឍលើគ្រប់វិស័យដោយផ្តោតលើការងារ សន្តិសុខ និងសុវត្ថិភាពសាធារណៈ ការងារសេដ្ឋកិច្ច និងជីវៈភាពប្រជាពលរដ្ឋ និងលទ្ធផលការងារបស់ ក្រុមប្រឹក្សាស្រុកអាណត្តិទី១ (២០០៩ ២០១៤)។

 

បន្ទាប់មក លោក វ៉ន វណ្ណា នាយករងទីចាត់ការធនធានមនុស្ស សាលាខេត្តបន្ទាយមានជ័យ បានអានអនុក្រឹត្យលេខ ៧៨៧អនក្រ.ត.ត ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការតែងតាំងប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ។ យោងតាមអនុក្រឹត្យខាងលើនេះ សម្រេចតែងតាំង លោក ឆាយ ថ្នម ជាប្រធានក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ និងសមាជិកក្រុមប្រឹក្សាស្រុកចំនួន១៦ រូបទៀត។

 

លោក ឆាយ ថ្នម ប្រធានក្រុមប្រឹក្សាស្រុក បានមានមតិចំណាប់អារម្មណ៍ និងធ្វើការប្តេជ្ញាចិត្ត៖

១).ភក្តីភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងស្រុកក្នុងនាមជាតំណាងផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋ គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានជាធរមាន និងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ លើកកម្ពស់ប្រសិទ្ធិភាពក្នុងការធ្វើនិងអនុវត្តសេចក្តីសម្រេចប្រកបដោយអភិបាលកិច្ចល្អ។

២).ខិតខំពង្រឹងរដ្ឋបាលឯកភាពអាចម្ចាស់ការឲ្យបាន ក្នុងការគ្រប់គ្រងការចាត់ចែងមុខងារ និងធនធាន ហើយមានសមត្ថភាពសម្របសម្រួលនូវសកម្មភាពនៃការផ្តល់សេវា និងការអភិវឌ្ឍប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែន សមត្ថកិច្ចរបស់រដ្ឋបាលស្រុកព្រះនេត្រព្រះ។

៣).ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីបុគ្គលិក ព្រមទាំងពង្រឹង និងលើកកម្ពស់ទំនាក់ទំនងជាមួយក្រុមប្រឹក្សា តាមបណ្តាប្រភេទ ព្រមទាំងក្រសួង ស្ថាប័ន មន្ទីរ និងការិយាល័យ ជំនាញក្នុងដែនសមត្ថកិច្ចដើម្បីសុខដុមនីយកម្មលើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរឹងមាំខ្លាំងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

 

ឯកឧត្តម ចុង ផែត អភិបាលរងនៃគណៈអភិបាលខេត្ត បានមានមតិសំណេះសំណាល និងផ្តល់ការណែនាំ ដល់ក្រុមប្រឹក្សាស្រុកដែលទើបនិងប្រកាសចូលកាន់តំណែងថ្មី និងគណៈអភិបាលស្រុកឲ្យខិតខំបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំ អនុវត្តការងារឲ្យសម្រេចជោគជ័យ ជាពិសេសបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាស្រុកថ្មីអាណត្តិទី២ ដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន។ ចំពោះមុខជាបន្ទាន់នេះត្រូវរៀបចំ របៀបរបបការងាររបស់ខ្លួនស្របតាមការណែនាំរបស់ ក្រសួងមហាផ្ទៃលេខ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ត្រូវប្រជុំសាមញ្ញលើកទី១មិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សានាថ្ងៃនេះ។ 

 

កិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាត្រូវធ្វើការផ្សព្វផ្សាយនិងស្តាប់របាយការណ៍ លើបញ្ហាមួយចំនួនដូចជា៖ 

១)ផ្សព្វផ្សាយសេចក្តីណែនាំ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ 

២)ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែ។ 

៣)អភិបាលស្រុកធ្វើរបាយការណ៍អំពីលទ្ធផលការងារ នៃរដ្ឋបាលរបស់ខ្លួនក្នុងការដឹកនាំរបស់ ក្រុមប្រឹក្សាអាណត្តិទី១ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ និងណែនាំក្រុមប្រឹក្សា ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ មិនឲ្យមុន២៥ថ្ងៃ ឬលើស៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលើកទី១។ ក្នុងកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាស្រុកត្រូវអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សា និងប្រតិទិននៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សារយៈពេល១២ខែ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់