ពីធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី២

ព្រះវិហារ ១៦ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សា ខេត្តព្រះវិហារ អាណត្តិទី២ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព…


ព្រះវិហារ ១៦ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី២ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍  មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ រួមជាមួយប្រតិភូអមដំណើរជាច្រើនរូបទៀត។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្តបានទទួលជ្រាបអំពីសមាសភាពក្រុមប្រឹក្សាអាណត្តិទី២ ដែលបានបង្កើតឡើងតាមរយៈការបោះឆ្នោតអសកលប្រកបដោយតម្លាភាព និងយុត្តិធម៌។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំបណ្តាក្រុង ស្រុក មន្ទីរជំនាញ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងស្ថាប័ននានាជុំវិញខេត្តសរុបចំនួន ២៣៨ នាក់ (ស្រី ៦០ នាក់)។

នៅក្នុងការចាប់ផ្តើមកម្មវិធី ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអានសុន្ទរកថាស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍ជូនអង្គពិធីទាំងមូលអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តព្រះវិហារសម្រេចបាន ក្នុងរយៈពេលមួយអាណត្តិកន្លងទៅនេះ។ ឯកឧត្តម បានគូសបញ្ជាក់នូវការប្រកាន់ខ្ជាប់នូវកិច្ចសហការ ការគាំទ្រ ទំនាក់ទំនងល្អ និងការបំពេញតួនាទី ភារកិច្ចប្រកបដោយតម្លាភាព គណនេយ្យភាពរបស់គណៈអភិបាលខេត្តជាមួយនឹងក្រុមប្រឹក្សា ជាពិសេសការអនុវត្តគោលនយោបាយជាតិ ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

បន្ទាប់មក ឯកឧត្តម ឌុច សុន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តទាំង១៣ រូប (ស្រី២រូប) ដែលមានសមាសភាពមកពីគណបក្សនយោបាយចំនួនពីរ គឺគណបក្សប្រជាជន ១០ រូប(ស្រី២រូប) និងគណៈបក្សសង្គ្រោះជាតិចំនួន ៣ រូប។ ទន្ទឹមនោះដែរ ឯកឧត្តម ឌុច សុន  បានថ្លែងសុន្ទរកថាផ្តាំផ្ញើ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី១ ដែលបានស្តែងចេញនូវលទ្ធផលដ៏ល្អប្រសើរ ជាពិសេសការអនុវត្តផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិ១០ឆ្នាំ និងបញ្ជាក់បន្ថែមអំពីយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចំណុចគន្លឹះដែលទាក់ទងនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយសង្កត់ធ្ងន់លើការងារគណនេយ្យភាព ការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ។

ឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើមួយចំនួនដែលពាក់ព័ន្ធនឹងដំណើរការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ដើម្បីបន្តរក្សានូវវប្បធម៌ល្អ អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានដែលមានចែងជាធរមាន។
ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តបានសំដែងនូវការដឹងគុណដល់រាជរដ្ឋាភិបាលកម្ពុជា តំណាងគណបក្សនយោបាយដែលបានផ្តល់ភាពជឿជាក់លើអង្គក្រុមប្រឹក្សាអាណត្តិទី២។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានស្តែងចេញនូវការព្រួយបារម្ភអំពីសមត្ថភាព និងកម្លាំងប្រាជ្ញាក្នុងការបំពេញមុខងារ និងតួនាទី ភារកិច្ច។ តែទោះបីជាយ៉ាងណា ក្នុងនាមតំណាងឲ្យអង្គក្រុមប្រឹក្សាខេត្ត ឯកឧត្តមបានធ្វើសេចក្តីប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតីនិងអង្គពិធីទាំងមូលប្រកបដោយឆន្ទៈមោះមុត មានស្មារតីទទួលខុសត្រូវ ស្មោះត្រង់ និងភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ដោយយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំបំពេញមុខងារ និងអនុវត្តតួនាទី ភារកិច្ចឲ្យបានល្អប្រសើរបំផុត ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានជាធរមាន បង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អរវាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បុគ្គលិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព សមាគម អង្គការសង្គមស៊ីវិល (ជាតិ និងអន្តរជាតិ)នានា និងតាមដានត្រួតពិនិត្យរាល់កិច្ចអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីធានាដល់ការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងអំណរសាទរចំពោះពិធីប្រកាសចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី២ រួមជាមួយនឹងសមិទ្ធផលសម្រេចបានលើគ្រប់វិស័យ និងផ្តល់នូវមតិផ្តាំផ្ញើក្នុងការពង្រឹងកិច្ចសហការ រក្សានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពង្រឹង និងរក្សានូវចំណងសាមគ្គីភាពដ៏រឹងមាំជាមួយបណ្តាប្រទេសជិតខាង ជាពិសេសពង្រឹងកិច្ចការពារព្រំដែន ការអភិវឌ្ឍធនធានមនុស្សស្របតាមគោលនយោបាយជាតិ ការអនុវត្តផែនការអនុវត្តរយៈពេលបីឆ្នាំ (ផអ៣)ដំណាក់កាលទី១នៃកម្មវិធីជាតិ១០ឆ្នាំ និងត្រៀមសម្រាប់ការអនុវត្តផអ៣ដំណាក់កាលទី២ យកចិត្តទុកដាក់ស៊ីជម្រៅទៅលើការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានភាពស៊ាំញាំ និងស្មុគស្មាញ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់