ក្រុង​ភ្នំពេញ​ត្រូវ​បាន​ពង្រីក​យ៉ាង​លឿន​នៅ​ក្នុង​តំបន់ (ភ្នំពេញ​ប៉ុស្តិ៍)

ភ្នំពេញ ២៧ មករា ២០១៥៖ ខណៈដែលប្រជាជនកម្ពុជានៅតាមបណ្តាខេត្តកំពុងសម្រុកមកកាន់ទីក្រុងភ្នំពេញដើម្បីរកការងារធ្វើ ធនាគារពិភពលោកឲ្យដឹងថា ទំហំទីក្រុងនេះបានកើនឡើងនៅក្នុងល្បឿនមួយយ៉ាងរហ័សជាងបណ្ដាទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត។

 

ភ្នំពេញ ២៧ មករា ២០១៥៖ ខណៈដែលប្រជាជនកម្ពុជានៅតាមបណ្តាខេត្តកំពុងសម្រុកមកកាន់ទីក្រុងភ្នំពេញដើម្បីរកការងារធ្វើ ធនាគារពិភពលោកឲ្យដឹងថា ទំហំទីក្រុងនេះបានកើនឡើងនៅក្នុងល្បឿនមួយយ៉ាងរហ័សជាងបណ្ដាទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត។

 

កាលពីម្សិលមិញធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍លើកដំបូងរបស់ខ្លួនស្ដីពីលំហូរចូលមកកាន់ទីក្រុងទូទាំងតំបន់អាស៊ីបូព៌ា។ ទីក្រុងភ្នំពេញជាតំបន់ទីក្រុងតែមួយគត់របស់ប្រទេសកម្ពុជាដែលមានប្រជាជនកើនឡើងជាង១០ម៉ឺននាក់ នៅក្នុងតំបន់ពង្រីកទំហំពី១១០ ដល់១៦០គីឡូម៉ែត្រការ៉េនៅចន្លោះឆ្នាំ ២០០០ និង ឆ្នាំ២០១០។

 

យោងតាមការសិក្សាដែលមាន១៨០ទំព័រ ប្រជាជនរបស់ទីក្រុងនេះបានកើនឡើងពីចំនួន៩០ម៉ឺន នាក់ដល់ជាង១,៤លាននាក់នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

 

របាយការណ៍ធនាគារពិភពលោកបានបញ្ជាក់ថា៖ «សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកម្ពុជា នៅតែជាប្រទេសជនបទភាគច្រើនដែលទើបតែនឹងចាប់ផ្ដើមធ្វើនគរូបនីយកម្មបានពង្រីកតំបន់ទីក្រុងនៅក្នុងល្បឿនលឿនបំផុត។ ប្រទេសឡាវបានពង្រីកទីក្រុង៧,៣ភាគរយ ហើយកម្ពុជាពង្រីកតំបន់ទីក្រុង ៤,៣ភាគរយ»។

 

របាយការណ៍នេះបន្តថា៖ «តំបន់ដែលបានបង្កើតឡើងជាង៩០ភាគរយ ប្រជាជនទីក្រុង និងការពង្រីកទីក្រុងនៃតំបន់នៅទីក្រុងភ្នំពេញគឺស្ថិតក្នុងការកំណត់ព្រំដែនរបស់សាលារាជធានីភ្នំពេញ ទោះបីជាការធ្វើនគរូបនីយកម្មបានជះឥទ្ធិពលជាពិសេសដល់តំបន់ភាគខាងត្បូង និងតំបន់ភាគខាងលិចក៏ដោយ»។

 

ការពង្រីកទីក្រុងភ្នំពេញបានធ្វើឲ្យមានសង្កាត់៨បន្ថែមទៀតដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៧ ដែលរាលដាលដល់ខេត្ត ដូចជា កណ្ដាល និងខេត្តកំពង់ស្ពឺជាដើម។

 

យោងតាមលោក សេង វណ្ណៈ អនុប្រធានផ្នែកគ្រប់គ្រងទីក្រុងនៅសាលារាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា ការពង្រីកនេះនឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ ដែលបណ្ដាលមកពីការធ្វើនគរូបនីយកម្មដែលកំពុងកើនឡើង។

 

ផែនការមេដឹកជញ្ជូន និងសំណង់ ឆ្នាំ២០១៣ របស់សាលារាជធានីភ្នំពេញព្យាករថា នឹងមានបណ្ដាញផ្លូវតភ្ជាប់ទីក្រុងទៅតាមស្រុកជាច្រើនខាងក្រៅក្រុងនៅឆ្នាំ២០២០ ដែលនឹងបំពេញតម្រូវការផ្លូវរថយន្តក្រុងថ្មីរហូតដល់ចំនួន១៨ខែ្ស។

 

លោកលើកឡើងថា៖ «ប្រសិនបើអ្នកត្រូវការអភិវឌ្ឍទីក្រុង អ្នកត្រូវតែអភិវឌ្ឍន៍តំបន់នៅជុំវិញទីក្រុងដើម្បីឲ្យសង្កាត់ថ្មីៗទាំងនោះអាចស្រូបយកសម្ពាធមួយចំនួនពីកណ្ដាទីក្រុង និងពង្រាយដង់ស៊ីតេប្រជាជន»។

 

លោកបន្តថា៖ «មនុស្សវ័យក្មេងនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះលែងចង់បានការងារខាងកសិកម្មទៀតហើយ។ ពួកគេចង់មកទីក្រុងហើយស្វែងរកការងារមានប្រាក់ខែច្រើន។ ស្រ្ដីមកកាន់ទីក្រុងដើម្បីស្វែងរកការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់នៅទីក្រុងភ្នំពេញខណៈដែលបុរសមកកាន់ទីក្រុងដើម្បីបំពេញតម្រូវការសម្រាប់កម្លាំងពលកម្មខាងសំណង់»។

 

លោក វណ្ណៈ បានធ្វើការប៉ាន់ប្រមាណថានៅពេលនេះមានប្រជាជន១,៨ លាននាក់កំពុងស្នាក់នៅក្នុងការកម្រិតរបស់ទីក្រុងនេះ ដែលទីកន្លែងទាំងនោះបានបន្ថែមសម្ពាធលើក្រុមហ៊ុនសាងសង់ដើម្បីបញ្ចប់គម្រោងលំនៅឋានឲ្យបានកាន់តែឆាប់។

 

ប៉ុន្តែការគាំទ្រដល់ការធ្វើចំណាកស្រុករបស់ប្រជាជនមិនមែនគ្រាន់តែជាបញ្ហាអគារ និងហេដ្ឋារចនាសម្ព័ន្ធនោះទេ។ នេះបើយោងតាមលោក Alex van Trotsenburg អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅធនាគារពិភពលោក។

 

លោកបានថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មាននៅប្រទេសសិង្ហបុរីកាលពីម្សិលមិញថា គោលនយោបាយវិនិយោគរួមចាំបាច់ត្រូវជួយដល់ការផ្លាស់ប្តូរដោយនិរន្តរ៍ក្នុងការធ្វើនគរូបនីយកម្មដ៏រហ័សរបស់ប្រទេសកម្ពុជា។

 

លោកលើកឡើងថា៖ «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងមានសារៈសំខាន់ ប៉ុន្តែប្រសិនបើក្របខ័ណ្ឌច្បាប់បទប្បញ្ញត្តិម៉ាក្រូមិនពេញចិត្ត បន្ទាប់មកសូម្បីតែកិច្ចខិតខំប្រឹងប្រែងល្អបំផុតរបស់ទីក្រុងនេះក៏នឹងមិនសម្រេចបាននៅក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបានច្រើននោះដែរ»។

 

លោកបានបញ្ជាក់ឲ្យដឹងទៀតថា៖ «ក្រុមហ៊ុនបរទេសសម្លឹងមើលជាសំខាន់ទៅលើបរិយាកាសនៃការវិនិយោគជារួមជាជាងគ្រាន់តែទីក្រុងភ្នំពេញតែមួយនោះ»៕  អត្ថបទដកស្រង់ចេញពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់