ភ្នំពេញ ៥ កុម្ភៈ ២០១៤៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានណែនាំដល់លោកគ្រូ អ្នកគ្រូ នៅគ្រប់សាលារៀនទាំងអស់ក្នុងរាជធានីភ្នំពេញ អោយមានការរៀបចំវេទិកាសាធារណៈ…
ភ្នំពេញ ៥ កុម្ភៈ ២០១៤៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញបានណែនាំដល់លោកគ្រូ អ្នកគ្រូ នៅគ្រប់សាលារៀនទាំងអស់ក្នុងរាជធានីភ្នំពេញអោយមានការរៀបចំវេទិកាសាធារណៈដើម្បីទទួលមតិរិះគន់ពីមាតាបិតា អាណាព្យាបាលសិស្ស និងសាធារណៈជនទូទៅ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៤នេះតទៅ ដើម្បីទទួលយកចំណុចអសកម្មផ្សេងៗដើម្បីកែប្រែ សំដៅរូមចំណែកកែលំអ វិស័យអប់រំឲ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម ប៉ា សុជាតិវង្ស ថ្លែងដូចនេះកាលពីព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពីធី បិទសន្និបាទបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១២- ២០១៣ និងទិសដៅឆ្នាំសិក្សា ២០១៣- ២០១៤ នៅ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូ ជានាយកសាលា គ្រូបង្រៀន នៅរាជធានី ភ្នំពេញយ៉ាងច្រើនកុះករ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ការដាក់ទុនវិនិយោគលើវិស័យអប់រំ មិនមែនទទួលបានផលភ្លាមៗ ដូចវិស័យ សេដ្ឋកិច្ច ឬវិស័យដទៃទៀតនោះទេ គឺផលដែលផ្តល់អោយមានរយៈពេលយ៉ាងយូរ ពោលគឺបានទទួលផល នៅពេលដែល ប្រជាពលរដ្ឋមានចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងកិច្ចការពារ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពសម្បូររុងរឿង។
ពាក់ព័ន្ធនឹងសភាពការណ៍នយោបាយនាពេលបច្ចបុប្បន្ន ឯកឧត្តម អភិបាល បានមានប្រសាសន៍ដែរថា រាជធានីភ្នំពេញមិនមែន ជារបស់គណបក្សនយោបាយណាមួយឡើយ តែជារបស់ប្រជាពលរដ្ឋជាង ២ លាននាក់ដែលកំពុងរស់នៅ ។ ការធ្វើបាតុកម្មរបស់ គណបក្សសង្គ្រោះជាតិអស់រយៈពេលជាង ៥ខែកន្លងមកបន្ទាប់ពីការបោះឆ្នោត ពួកគេអាចត្រឹមតែបញ្ឆេះកំដៅដើម្បីបង្កើតបញ្ហា តែពួកគេមិនអាចគ្រប់គ្រងបញ្ហាបានទេ។
ជាក់ស្តែង គេបានប្រែក្លាយពីបាតុកម្មអហឹង្សា ទៅជាបាតុកម្មហឹង្សា និងកុប្បកម្ម វាយកំទេច ដុតបំផ្លាញ និងបិទផ្លូវសាធារណៈជាដើម ក្នុងចេតនាយករាជធានីភ្នំពេញធ្វើជាចំណាប់ខ្មាំង ហើយបានដើរហួសពីច្បាប់កំណត់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងទីក្រុងយ៉ាងធ្ងន់ធ្ងរ ដែលយើងមិនអាចទុកឲ្យសភាពការណ៍បែបនេះអូសបន្លាយតទៅទៀតបានទេ ។ ក្នុងនាមអាជ្ញាធរ យើងត្រូវតែទប់ស្កាត់ឲ្យបាន ដើម្បីរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ។
ដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ