ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​ ជំរុញ​ឲ្យ​ធ្វើ​ផែនការ​អភិវឌ្ឍ​ន៍មុន​ពេល​ប្រជុំ​អនុម័ត​

ភ្នំពេញ ១០ វិច្ឆិកា ២០១៤៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារ បច្ចេកទេសកសាងផែនការអភិវឌ្ឍន៍ផែនការ ៥ ឆ្នាំ…

ភ្នំពេញ ១០ វិច្ឆិកា ២០១៤៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារ បច្ចេកទេសកសាងផែនការអភិវឌ្ឍន៍ ផែនការ ៥ ឆ្នាំ ២០១៥-២០១៩ និងផែនការ ៣ឆ្នាំរំកិល ២០១៥-២០១៧ ដើម្បីដាក់ឆ្លងឲ្យក្រុមប្រឹក្សាពិនិត្យ និងអនុម័តឆ្លង។
           
 លោក ម៉ប់ សារិន បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សា នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ថាផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល គឺពិតជាមានសារៈសំខាន់ក្នុងការអនុវត្តការងារ បម្រើសេវាសាធារណៈដល់ ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន និង សម្រួលដល់ការអនុវត្តកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការផងដែរ។

នៅអាណត្តិទី២នេះ ក្រុមប្រឹក្សាមានតួនាទីក្នុងការតាមដាន ផែនការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ ជាងនេះទៅទៀត ក៏បានធ្វើឲ្យប្រសើរឡើងនូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការអភិវឌ្ឍស្ថាប័ន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការងារសេដ្ឋកិច្ចសង្គម ។
         
លោកបានបន្តថា ត្រូវរៀបចំផែនការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន ធ្វើមូលដ្ឋាននីយកម្មនូវកម្មវិធីនានារបស់ ថ្នាក់ជាតិដែលត្រូវអនុវត្តឲ្យសមស្រប ទៅនឹងស្ថានភាពជាក់ស្តែងរបស់រាជធានីភ្នំពេញ លើកកម្ពស់ឲ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់ធនធាននានា ដើម្បីលើកស្ទួយ ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។
           
 ជាមួយនឹងការលើកឡើងបែបនេះ លោកប្រធានក្រុមប្រឹក្សាក៏បានស្នើដល់ក្រុមការងារបច្ចេកទេសរៀបចំផែនការនេះ ត្រូវដាក់មកឲ្យបានមុន ការប្រជុំពិនិត្យ និងអនុម័ត ដើម្បីឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់បានពិនិត្យមើលខ្លឹមសារមុនសម្រេចចិត្តអនុម័ត៕
ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់