កុមារចូលរៀន នៅមត្តេយ្យសិក្សា នឹងមានផលវិជ្ជមាន ទៅលើការអប់រំថ្នាក់ ក្រោយៗមកទៀត

ភ្នំពេញ ២២ កញ្ញា ២០១៥៖ យោងតាមការស្រាវជ្រាវ សម្រាប់បរិបទ ប្រទេសកម្ពុជា បានបង្ហាញឲ្យឃើញថា កុមារ ដែលទទួលបានការអប់រំដំបូង ឬការចូលរៀនមត្តេយ្យសិក្សា នឹងមានផលប៉ះពាល់ជាវិជ្ជមាន ទៅលើការអប់រំថ្នាក់ក្រោយៗមក របស់ពួកគេដូចជា ពួកគេនឹងអាចចូលរៀនទាន់វ័យបឋមសិក្សា…

ភ្នំពេញ ២២ កញ្ញា ២០១៥៖ យោងតាមការស្រាវជ្រាវ សម្រាប់បរិបទ ប្រទេសកម្ពុជា បានបង្ហាញឲ្យឃើញថា កុមារ ដែលទទួលបានការអប់រំដំបូង ឬការចូលរៀនមត្តេយ្យសិក្សា នឹងមានផលប៉ះពាល់ជាវិជ្ជមាន ទៅលើការអប់រំថ្នាក់ក្រោយៗមក របស់ពួកគេដូចជា ពួកគេនឹងអាចចូលរៀនទាន់វ័យបឋមសិក្សា (អាយុ៦ឆ្នាំនៅថ្នាក់ទី១)។ ការសិក្សានេះត្រូវបានដកស្រង់អះអាងបន្តក្នុងឆ្នាំ២០១៥ ដោយយូនីសេហ្វប្រាចាំកម្ពុជាផងដែរ។

ក្រៅពីនេះនៅមានការសិក្សាជាច្រើនផ្សេងទៀត បានបង្ហាញពីភាពប្រទាក់ក្រឡាគ្នាជាប់គ្នារដឹកនៃការអប់រំតាំងពីវ័យតូចៗរបស់កុមារ ដោយរកឃើញថា ការជំរុញការចូលរៀននៅថ្នាក់ទី១ឲ្យបាននៅអាយុ៦ឆ្នាំតាមរយៈយន្តការមត្តេយ្យសិក្សាខាងលើនឹងជួយកាត់បន្ថយឱកាស នៃការបោះបង់ចោលការសិក្សា របស់ពួកគេផងដែរ។   

ចំណែកឯការស្រាវជ្រាវនៅក្នុងបរិបទអន្តអន្តរជាតិដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺប្រសិទ្ធភាពសេដ្ឋកិច្ច ក្នុងរយៈពេលវែងនៃការវិនិយោគ នៅមត្តេយ្យសិក្សាដែលបានបង្ហាញថា ១ដុល្លារ នៃការវិនិយោគនៅកម្រិតមត្តេយ្យសិក្សានឹងផ្តល់ផលត្រឡប់មកវិញចំនួន ៧ដុល្លារ។ នេះបើតាមការដកស្រង់បន្តដោយយូនីសេហ្វប្រចាំកម្ពុជា នៅឆ្នាំ២០១៥។

ដោយសារប្រសិទ្ធភាពខ្ពស់នៃតម្លៃសេដ្ឋកិច្ចនេះហើយ ទើបក្រសួងអប់រំយុវជន និងកីឡាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនូវប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឲ្យកុមារទទួលបានការអប់រំនៅកម្រិតមត្តេយ្យសិក្សា កាន់តែច្រើនថែមទៀត និងប្តេជាសម្រេចឲ្យបាន៥០% ត្រឹមឆ្នាំ២០១៥។ តែបើតាមរយៈទិន្នន័យថ្មីៗបំផុត ក្នុងឆ្នាំ២០១៤បង្ហាញថា បើទោះបីជាមានការខិតខំយ៉ាងណាក៏ដោយ មានចំនួនកុមារតូចអាយុពី៣-៥ឆ្នាំ នៅកម្ពុជា តែ១ភាគបី (៣៣%) នៃចំនួនជាង ១,១៨ លាននាក់ ក្នុងឆ្នាំ២០១៤ (កើនពីចំនួន ៣១% ក្នុងឆ្នាំ២០១៣) តែប៉ុណ្ណោះដែលបានទទួលការអប់រំកម្រិតកុមារតូច ឬចូលរៀននៅសាលាមតេ្តយ្យចំនួន ជាង៣.៤០០សាលា។

ដូច្នេះប្រសិនជាការផ្ទេរមុខងារផ្នែកអប់រំ (ដែលមានទាំងផ្នែកអប់រំកុមារតូច និងកម្រិតបឋមសិក្សា) ទៅដល់រដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ ពិតជានឹងអាចជួយជំរុញបាននូវអត្រានៃការចូលរៀនរបស់កុមារនៅមត្តេយ្យសិក្សាបានកាន់តែមានសន្ទស្សន៍ខ្លាំងឡើងថែមទៀត ដោយសាររដ្ឋបាលថ្នាក់ក្រោមជាតិនេះអាចនឹង (ក) មានការយល់ដឹងពីបរិបទនៃការផ្គត់ផ្តង់ និងតម្រូវការ ដែលអាចផ្តល់បាននូវសេវាវិស័យខាងលើបានប្រសើជាងក្រសួងអប់រំ យុវជន និងកីឡា ដូចការរំពឹងទុកមែន (ខ) រដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចនឹងប្រើថវិកាវិភាជន៍ប្រចាំឆ្នាំដោយរាជរដ្ឋាភិបាល សម្រាប់វិស័យខាងលើបន្ថែមពីលើថវិកាដែលមានស្រាប់នោះ។

ដូច្នេះការផ្ទេមុខងារអប់រំ នេះទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជានឹងបានទទួលនូវផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនសម្បើម ប្រសិនបើការរកឃើញសម្រាប់បរិបទអន្តរជាតិ ដូចរៀបរាប់ខាងលើត្រឹមសម្រាប់កម្ពុជាផងដែរនោះ៕ NCDDS

កុមារចូលរៀននៅមតេ្តយ្យសិក្សាសហគមន៍ នៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់