សាលា​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​ពន្លឿន​ការ​ស្ថាបនា ផ្លូវ​អាកាស​ថ្មើរជើង​ជា​លើក​ដំបូង​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤

ភ្នំពេញ ២៣ មីនា ២០១៦៖ សាលារាជធានីភ្នំពេញ បានប្រកាសចាប់ផ្ដើមពន្លឿនការស្ថាបនា ផ្លូវអាកាសថ្មើរជើងជាលើកដំបូងនៅតំបន់ទីប្រជុំជនខាងមុខវិទ្យាល័យជម្ពូរវ័ន្តតាមបណ្ដោយផ្លូវជាតិ លេខ៤ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ខណៈពេលប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ផ្លូវ។

ភ្នំពេញ ២៣ មីនា ២០១៦៖ សាលារាជធានីភ្នំពេញ បានប្រកាសចាប់ផ្ដើមពន្លឿនការស្ថាបនាផ្លូវ អាកាសថ្មើរជើងជាលើកដំបូងនៅតំបន់ទីប្រជុំជនខាងមុខវិទ្យាល័យ ជម្ពូរវ័ន្តតាមបណ្ដោយផ្លូវជាតិលេខ៤ដើម្បីដោះស្រាយបញ្ហាស្ទះ ចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ខណៈពេលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ។

 

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថាចាប់ពីខែឧសភា ខាងមុខនេះតទៅស្ពានអាកាសថ្មើរជើងនៅម្តុំទីប្រជុំជនជម្ពូរវ័ន្ត នឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់ដែល មានរយៈ ពេលមួយឆ្នាំជាមួយនឹងគម្រោងពង្រីកផ្លូវនិងឃឿនពុះទ្រូងផ្លូវពីរង្វង់ចោមចៅរហូតដល់ផ្លូវបំបែកទំនប់កប់ស្រូវ។

 

លោកបានបន្ដថា មន្រ្តីជំនាញបានសិក្សាគំរូប្លង់សាងសង់ស្ពានអាកាសឆ្លងកាត់ថ្នល់ដោយថ្មើរជើងរួចរាល់ហើយ ដោយមានការស្ថាបនាប្រឡាយអមសងខាងផ្លូវនៅក្នុងតំបន់នោះដើម្បីរំដោះទឹកចេញខណៈពេលមានទឹកជំនន់ ឬទឹកភ្លៀង។

 

ថ្លែងក្នុងកិច្ចប្រជុំមន្រ្តីជំនាញសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ការប្រញាប់បើកការដ្ឋានស្ថាបនាស្ពានអាកាស ថ្មើរជើងនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមជាបន្ទាន់របស់សិស្សានុសិស្សប្រមាណជាង១ម៉ឺននាក់ នៅតំបន់នោះ និងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត ដែលត្រូវឆ្លងកាត់ផ្លូវជាប្រចាំ។

 

ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្លូវក្នុងតំបន់ទីតាំងខាងលើមានស្ថានភាពមមាញឹកខ្លំាងរួមជាមួយ នឹងរថយន្តដឹកទំនិញធំៗឆ្លងកាត់ច្រើន ដែលធ្វើឱ្យអ្នកដំណើរអាចងាយប្រឈមគ្រោះថ្នាក់នៅពេលដើរឆ្លងកាត់ផ្លូវ។

 

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បន្ទាប់ពីការស្ថាបនាគម្រោងនេះចប់រួចរាល់ អាជ្ញាធរ និងមន្រ្ដីជំនាញមន្ទីរសាធារណការ នឹងបន្ដសិក្សា គម្រោងស្ថាបនាស្ពានអាកាសនៅត្រង់ចំណុចប្រសព្វរង្វង់មូលចោមចៅបន្ថែមទៀត ដើម្បីឱ្យ តំបន់នេះ មានស្ថានភាពចរាចរណ៍កាន់តែល្អប្រសើរ។

 

សូមបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងជាលើកដំបូងនៅរាជធានីភ្នំពេញនេះ គឺត្រូវឆ្លងកាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចវត្ត និងវិទ្យាល័យជម្ពូរវ័ន្ត ដែលមានប្រវែង៤៥.៧ម៉ែត្រ ទទឹង៣.៦ម៉ែត្រ និងមាន កម្ពស់៥.៥ម៉ែត្រ។ គម្រោងនេះ នឹងអនុវត្តព្រមៗគ្នាជាមួយនឹងការដាក់របាំងថ្មពុះចែកទ្រូងផ្លូវ ដើម្បីពង្រីកជាផ្លូវ៣គន្លងទៅ និង៣គន្លងមក ហើយនៅអមសងខាងផ្លូវក៏មានប្រឡាយ និងមានផ្លូវបេតុងផងដែរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់