ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​រាជធានី​ភ្នំពេញ ត្រូវ​បាន​ជួសជុល​ជា​ផ្លូវ​បេតុង

ភ្នំពេញ ៣ កញ្ញា ២០១៤៖ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ សាលារាជធានី ភ្នំពេញបានរៀបចំពិធីបើកការដ្ឋានជួសជុលកែ លំអពង្រីកផ្លូវយុទ្ធសាស្ត្រ ក្រវាត់ក្រុងដែលប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ក្រុង… 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

 

ភ្នំពេញ ៣ កញ្ញា ២០១៤៖ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ សាលារាជធានីភ្នំពេញបានរៀបចំពិធីបើកការដ្ឋានជួសជុលកែ លំអពង្រីកផ្លូវយុទ្ធសាស្ត្រក្រវាត់ក្រុងដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ក្រុង ក្នុងការបញ្ចៀសចរាចរនៅកណ្ដាលក្រុង ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

 

ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា តាមការពិនិត្យរបស់មន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋាន ផ្លូវលេខ១០១៩ (ផ្លូវហាណូយ) នេះមានសភាពទ្រុឌទ្រោមដោយសារកត្តាមួយចំនួនដូចជា អាយុកាលនៃការប្រើប្រាស់ និងការដឹកជញ្ជូន ខុសបច្ចេកទេសជាដើម។ល។ ស្ថិតក្នុងស្ថានភាពនេះ សាលារាជធានីភ្នំពេញបានសម្រេចធ្វើការជួសជុល ដោយត្រូវដាក់បេតុងឆ្អឹងដែកកម្រាស់២០ សង់ទីម៉ែត្រ មានប្រវែង១០៩០ម៉ែត្រ ទទឹង ១៩,៥ ម៉ែត្រ និងត្រូវរៀបចិញ្ចើមផ្លូវ១,៥ម៉ែត្រ ជួសជុលបំពង់លូ ចាក់បេតុងអណ្ដូងលូសងខាងផ្លូវ រៀបសួនច្បារតាមបណ្ដោយទ្រូងផ្លូវទទឹង២,៥ម៉ែត្រ ព្រមទាំងដាំបង្គោលភ្លើងអគ្គិសនីបំភ្លឺផ្លូវ ចាប់ពីមហាវិថីសហព័ន្ធរុស្សី ដល់ផ្លូវលេខ១៩៨៦។

 

ឯកឧត្ដម បានបន្ថែមទៀតថា សម្រាប់ការជួសជុលផ្លូវលេខ១០១៩ ហៅផ្លូវហាណូយ គឺជាផ្លូវក្រវាត់ក្រុងទី២ អាចប្រៀបប្រដូចទៅនឹង សរសៃឈាមដឹកជញ្ជូនដ៏សំខាន់មួយ ដែលមិនគ្រាន់តែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផល ក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខប៉ុណ្ណោះទេ តែថែមទាំងជាផ្លូវយុទ្ធសាស្ត្រសម្រាប់រំដោះចរាចរណ៍កកស្ទះក្នុងរាជធានីភ្នំពេញទៀតផង។ 

 

ឯកឧត្ដមអភិបាលក៏សូមអំពាវដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរដែនដី និងអ្នកប្រើប្រាស់ទ្រូងផ្លូវទាំងអស់ ជាពិសេសក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ ត្រូវចូលរួមសហការជួយថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពានទាំងអស់ ដើម្បីជាប្រយោជន៍ ដល់សង្គមជាតិ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។

 

ជាមួយគ្នានេះ ឯកឧត្ដម បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការធ្វើដំណើរ តាមដង ផ្លូវសាធារណៈ ដោយគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកដើម្បីបញ្ចៀស បាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្នកំពុងមានការកើនឡើងគួរឲ្យព្រួយបារម្ភ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់