អភិបាល​រាជធានី​ភ្នំពេញ​ ជំរុញ​ឱ្យ​មាន​ការ​បណ្ដុះបណ្ដាល ស្ដីពី​ការ​ប្រើប្រាស់​គម្រោង​ថវិកា​ខណ្ឌ សង្កាត់ (AKP)

ភ្នំពេញ ២០ កុម្ភៈ ២០១៥៖ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលា រាជធានីភ្នំពេញ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអង្គភាព លទ្ធកម្ម និងទីចាត់ការហិរញ្ញវត្ថុរបស់សាលារាជធានីបើកការបណ្ដុះបណ្ដាលរយៈពេលខ្លី លើការងារប្រើប្រាស់គម្រោងថវិកាខណ្ឌ សង្កាត់ ដើម្បីឱ្យការអនុវត្តទទួលបានប្រសិទ្ធភាពខ្ពស់។

ភ្នំពេញ ២០ កុម្ភៈ ២០១៥៖ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអង្គភាពលទ្ធកម្ម និងទីចាត់ការហិរញ្ញវត្ថុរបស់សាលារាជធានីបើកការបណ្ដុះបណ្ដាលរយៈពេលខ្លី លើការងារប្រើប្រាស់គម្រោងថវិកាខណ្ឌ សង្កាត់ ដើម្បីឱ្យការអនុវត្តទទួលបានប្រសិទ្ធភាពខ្ពស់។

 

ឯកឧត្តមអភិបាលរាជធានីបានមានប្រសាសន៍ថា ការបែងចែកថវិកាហិរញ្ញវត្ថុទៅតាមបណ្ដាខណ្ឌសម្រាប់ឆ្នាំ២០១៥ ត្រូវតែអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការអភិវឌ្ឍរាជធានីកាន់តែមានភាពរលូនទៅមុន ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

 

ឯកឧត្តមអភិបាលបន្តថា សាលារាជធានីភ្នំពេញទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនថា បច្ចុប្បន្នយើងពិតជាមានការខ្វះខាតធនធានមនុស្សផ្នែកលទ្ធកម្មថវិកាទាំងថ្នាក់ខណ្ឌ និងសង្កាត់ដែលទាមទារឱ្យមានការបណ្ដុះបណ្ដាលបំប៉នលើជំនាញខាងលើ ដើម្បីយកទៅអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ព្រោះនៅក្នុងឆ្នាំ២០១៤កន្លងទៅ មានខណ្ឌខ្លះនៅមិនបានប្រើប្រាស់ថវិកាវិភាជន៍របស់ខណ្ឌបានអស់នៅឡើយផង ដោយសារការលើកគម្រោង និងឯកសារមិនច្បាស់លាស់។

 

ឯកឧត្ដម ប៉ា សុជាតិវង្ស លើកឡើងទៀតថា កញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ខណ្ឌ គឺសុំឱ្យខណ្ឌអនុវត្តន៍តែគម្រោងតូចៗ ចំណែកគម្រោងធំៗទុកឱ្យសាលាក្រុងជាអ្នកធ្វើ ព្រោះថវិកាខណ្ឌនៅមានកម្រិត។ ជាមួយគ្នានេះ ខណ្ឌត្រូវបើកកិច្ចប្រជុំជាមួយសង្កាត់ ស្ដីពីការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍សង្កាត់ឱ្យបានច្បាស់លាស់ រួចយកមកផ្ទៀងផ្ទាត់ជាមួយគម្រោងនៅសាលារាជធានីភ្នំពេញ ដោយដាក់ផែនការរួចធ្វើការតាមដានពីប្រសិទ្ធភាពនៃការអនុវត្តគម្រោងនោះ កុំយកទៅទុកចោល។ ជាមួយគ្នានេះក៏ត្រូវមានការលើកទឹកចិត្តដល់បុគ្គលិកនៅថ្នាក់សង្កាត់ក្នុងក្របខ័ណ្ឌបុគ្គលិកជាប់កិច្ចសន្យាដែលជាកម្លាំងជួយលើផ្នែករដ្ឋបាល ដែលអាចជាមនុស្សដែលជ្រើសរើសចេញពីមន្ត្រីចូលនិវត្តន៍ដែលមានសមត្ថភាពឬកម្លាំងយុវជន។

 

ការប្រើប្រាស់កញ្ចប់ថវិកានេះបានផ្ដោតសំខាន់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មានប្រព័ន្ធលូ ផ្លូវថ្នល់ សេវាសាធារណៈជាដើមនៅថ្នាក់មូលដ្ឋាន ដោយភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃទឹក ភ្លើងដល់កម្មករ កម្មការិនីជួលផ្ទះ ការគិតគូរដល់សហគមន៍ក្រីក្រ ក៏ដូចជាការគ្រប់គ្រងរចនាសម្ព័ន្ធតាមទីផ្សារក្នុងរាជធានីភ្នំពេញផងដែរ៕ ដោយ៖ ជ័យ ភូមិពល

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ៖ http://www.akp.gov.kh/kh/?p=107162

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់