គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធ្វើ​សម​យុទ្ធ​សម្រាប់​ឆ្លើយតប​គ្រោះ​មហន្តរាយ (AKP)

ភ្នំពេញ ២៨ ឧសភា ២០១៥៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំផែនការត្រៀមធ្វើលំហាត់សមយុទ្ធសម្រាប់ពង្រឹងសមត្ថភាព និងបណ្ដុះបណ្ដាលជំនាញដល់មន្រ្ដីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីត្រៀមកម្លាំងឆ្លើយតបចំពោះគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព។

ភ្នំពេញ ២៨ ឧសភា ២០១៥៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំផែនការត្រៀមធ្វើលំហាត់សមយុទ្ធសម្រាប់ពង្រឹងសមត្ថភាព និងបណ្ដុះបណ្ដាលជំនាញដល់មន្រ្ដីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីត្រៀមកម្លាំងឆ្លើយតបចំពោះគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព។

 

ក្នុងពិធីលំហាត់សមយុទ្ធកម្ពុជាសម្រាប់ការឆ្លើយតប និងការពិនិត្យឡើងវិញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ឯកឧត្ដម ហង់ សា មឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពជំនាញបន្ថែមទៀតនេះ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយដែលនឹងកើតមាននៅកម្ពុជា។

 

ឯកឧត្ដមបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បានចាប់ផ្តើមអនុវត្ដន៍ផែនការសកម្មភាពដើម្បីជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ទទួលបាននូវព័ត៌មានគ្រប់គ្រាន់ ទាក់ទងនឹងការរៀបចំរចនាសម្ព័ន្ធការត្រៀមបម្រុង និងការពង្រឹងតួនាទីទទួលខុសត្រូវសម្រាប់ឆ្លើយតប គ្រោះមហន្ដរាយ។

 

ឯកឧត្តមបានបន្ដថា ការអនុវត្ដសកម្មភាពឆ្លើយតបទៅនឹងគ្រោះមហន្ដរាយឱ្យទាន់ពេលវេលា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវមានផែនការត្រៀមបម្រុងសម្រាប់អនុវត្ដន៍លើចំណុចសំខាន់ៗទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងការងារសម្របសម្រួលផ្នែកស្បៀងអាហារ និងរូបត្ថម្ភ ផ្នែកជម្រក ផ្នែកសុខភាព ផ្នែកទឹកស្អាត និងអនាម័យ ព្រមទាំងផ្នែកការងារសង្គ្រោះ និងការផ្សព្វផ្សាយអប់រំ។

 

ឯកឧត្ដមបានលើកឡើងថា លំហាត់សមយុទ្ធនេះក៏នឹងលើកយកមកពិភាក្សា ស្ដីពីការរៀបចំផែនការ និងការត្រៀមបម្រុងសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្ដរាយគ្រោះទឹកជំនន់ ផែនការឆ្លើយតបផ្នែកមនុស្សធម៌ ព្រមទាំងសកម្មភាពជួយសង្គ្រោះដល់ជនរងគ្រោះ ខណៈពេលមានគ្រោះមហន្ដរាយកើតឡើងជាយថាហេតុនៅក្នុងប្រទេសកម្ពុជា។

 

លោក Gian Pietro Bordnignon នាយកកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានលើកឡើងថា ការរៀបចំលំហាត់សមយុទ្ធនេះគឺសម្រាប់ឆ្លើយតបប្រកបដោយប្រសិទ្ធភាព ក្នុងការប្រឈមទៅនឹងគ្រោះមហន្ដរាយដោយសារទឹកជំនន់ ព្រមទាំងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ និងវិធីសាស្រ្ដឆ្លើយតបរវាងក្រុមអង្គការមិនមែនរដ្ឋាភិបាល និងក្រុមមន្រ្ដីរាជរដ្ឋាភិបាល ដែលធ្វើការងារទាក់ទងនឹងគ្រោះមហន្ដរាយនៅកម្ពុជា។

 

លោកបានឱ្យដឹងទៀតថា ការត្រៀមបង្ការ និងការឆ្លើយតបចំពោះគ្រោះមហន្ដរាយនេះទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានការទទួលខុសត្រូវ និងសហការសម្របសម្រួលធ្វើការងាររួមគ្នា ដើម្បីពិនិត្យមើលនូវចំណុចខ្វះខាត និងការបំពេញបន្ថែមឱ្យបានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ។

 

លំហាត់សមយុទ្ធ សម្រាប់ការឆ្លើយតបនិងការពិនិត្យឡើងវិញនៅកម្ពុជាឆ្នាំ ២០១៥នេះ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ខែឧសភា ដែលមានការចូលរួមមកពីមន្រ្ដីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ជាតិ និងថ្នាក់ ខេត្ដចំនួន១១ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នគ្រប់ គ្រងគ្រោះមហន្ដរាយរាជធានី-ខេត្ដ ដើម្បីត្រៀមរៀបចំផែនការឆ្លើយតបឱ្យបានទាន់ពេលវេលា៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=114559

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់