ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ដើម្បី​ដោះស្រាយ​សំណើ សំណូមពរ បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ (CEN)

ភ្នំពេញ ៤ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានី អាណតិ្តទី២ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍក្នុងមូលដ្ឋាន។

ភ្នំពេញ ៤ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅមជ្ឈមណ្ឌលម៉ូឌែន២ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានី អាណតិ្តទី២ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍក្នុងមូលដ្ឋាន។

 

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ឆ្លងតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នាថ្ងៃនេះ នឹងផ្តល់ឲ្យក្រុមប្រឹក្សារាជធានី នូវនីតិវិធី និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អរបស់ក្រុមប្រឹក្សានៃរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីធានាថា ៖ ១) រាល់បញ្ហាអាទិភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប និង២) គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរាប់បញ្ចូល ក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

 

ឯកឧត្ដមបានបន្តថា រាល់សំណើ សំណូមពរ ដែលបងប្អូនបានដាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ នាពេលកន្លងមក គឺក្រុមប្រឹក្សាបានចាត់ឲ្យគណៈអភិបាល ធ្វើការដោះស្រាយជាបន្តបន្ទាប់ និងសំណូមពរមួយចំនួនដែលពាក់ព័ន្ធនឹងថវិកាអភិវឌ្ឍរបស់រាជធានី ខណ្ឌនោះ ក្រុមប្រឹក្សារាជធានី បានចាត់ឲ្យមន្ទីរជំនាញ ពាក់ព័ន្ធដាក់បញ្ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលរាជធានី ខណ្ឌ ហើយនឹងបានដោះស្រាយជូនជាបន្តបន្ទាប់តាមគម្រោងទាំងនោះ។

 

ឯកឧត្ដមបានលើកឡើងបន្តថា ក្រុមប្រឹក្សារាជធានីភ្នំពេញ មានគោលបំណងជំរុញនូវវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ដោយការរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ នៅរៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ ហើយក្នុងឱកាសនោះ ក្រុមប្រឹក្សារាជធានី នឹងធ្វើការ៖១) ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា។ ២)ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍ របស់ក្រុមប្រឹក្សា សម្រាប់ឆ្នាំខាងមុខ។ ៣)ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា។ ៤)ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សានិងឆ្លើយតប។

 

វេទិកាផ្សព្វផ្សាយ និងពិគ្រោះនេះ គឺជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលរាជធានី ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជនដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្ដល់ប្រឹក្សា អំពីអាទិភាពនៃការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសារព័ត៌មាន CEN

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់