ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី (PMSD) នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំស្តីពី ការណែនាំអំពី ការរៀបចំសេចក្តីព្រាងលទ្ធរំពឹងទុក និងសកម្មភាពនៃផែនការសកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ២០១៩ នៃផអ៣ ទី៣ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយសមាសភាពឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តមប្រធានអង្គភាព ឯកឧត្តមទីប្រឹក្សា ឯកឧត្តម លោកជំទាវ តំណាងប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការក្រសួង ស្ថាប័ន លោក លោកស្រី និងមន្ត្រីបច្ចេកទេសរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធប្រមាណ ៥០រូប។
អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី (PMSD)នៃលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងណែនាំអំពី ការរៀបចំសេចក្តីព្រាងលទ្ធផលរំពឹងទុក និងសកម្មភាព ផ.ស.ថ ឆ្នាំ២០១៩ នៃផអ៣ទី៣។
នៅក្នុងកិច្ចប្រជុំ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញអំពី វឌ្ឍនភាព និងបញ្ហាប្រឈមួយចំនួន អំពីការអនុវត្តសកម្មភាពនៃផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ និងកំណត់ផែនសកម្មភាពសម្រាប់បន្តអនុវត្តនៅក្នុងត្រីមាសទី៤។ លើសពីនេះ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញសំខាន់ៗមួយចំនួនទៀត រួមមាន បទបង្ហាញស្តីពី សេចក្តីព្រាងបឋមលទ្ធផលរំពឹងទុកនៃ ផ.ស.ថ. ឆ្នាំ២០១៩ របស់ គ.ជ.អ.ប, ការពិនិត្យ និងការផ្តល់យោបល់លើសេចក្តីព្រាងបឋមលទ្ធផលរំពឹងទុកឆ្នាំ២០១៩, ការណែនាំអំពីការរៀបចំ ផ.ស.ថ. ឆ្នាំ២០១៩ របស់ក្រសួង ស្ថាប័ន និងបទបង្ហាញអំពីការរៀបចំសៀវភៅទិន្នន័យសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ២០១៨របស់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ៕