សម្ដេចនាយក​រដ្ឋ​ម​ន្ដ្រីៈ ​វិធានការ​ក្នុងការ​អនុវត្ដ​ន៍ ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៥

ភ្នំពេញ ៤ វិច្ឆិកា ២០១៤៖ សេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ជូនទៅដល់ដៃរដ្ឋសភាហើយ កាលពី ថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៤ ហើយត្រូវ បានគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា ប្រជុំសម្រេចប្រគល់សេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៤…

ភ្នំពេញ ៤ វិច្ឆិកា ២០១៤៖ សេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ជូនទៅដល់ដៃរដ្ឋសភាហើយ កាលពី ថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៤ ហើយត្រូវ បានគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា ប្រជុំសម្រេចប្រគល់សេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៤ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្មនៃ រដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា មុននឹង ដាក់ឱ្យកិច្ចប្រជុំពេញអង្គរដ្ឋសភា ពិភាក្សា និងអនុម័។

 

សេចក្ដីព្រាងច្បាប់នេះ ត្រូវបាន គណៈរដ្ឋមន្ដ្រីប្រជុំអនុម័ត កាលពីថ្ងៃទី ២៤ ខែតុលាឆ្នាំ២០១៤ ។ សេចក្ដីព្រាង ច្បាប់ថវិកាជាតិឆ្នាំ២០១៥ មាន៦ជំពូក និង១៧មាត្រា ។
   

សេចក្ដីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៥ បានកំណត់ការចំណាយ ថវិការដ្ឋសរុបចំនួន ១៥.៦៩៩.៥២៩ លានរៀល ស្មើនឹង ២១,០៩ភាគរយ នៃផ.ស.ស. និងមានកំណើន១០,៨ ភាគរយធៀបនឹងច្បាប់ស្ដីពីហិរញ្ញវត្ថុ ឆ្នាំ២០១៤ យោងតាមសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ របស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ដែលបានបញ្ជូនទៅរដ្ឋសភាកាលពីថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០១៤ បានបញ្ជាក់ ថា សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ត្រូវ បានរៀបចំនៅក្នុងបរិការណ៍ដែល ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុង ធ្វើដំណើរនៅលើគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងធានានិង រក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយសាមគ្គីភាព និងការបង្រួបបង្រួម ជាតិដោយផ្នែកលើភាពចាស់ទុំនយោ បាយ ។ ប្រការនេះបានបង្កលក្ខណៈ អំណោយផល និងស្ថានភាពអនុគ្រោះ សម្រាប់ជាមូលដ្ឋានក្នុងការកសាង អនាគតកម្ពុជាមួយដ៏រុងរឿង និងត្រចះ ត្រចង់ ដែលឆ្លើយតបបានទៅនឹងឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចកម្ពុជាក៏បាន ឈានដល់ដំណាក់កាលនៃការអភិវឌ្ឍន៍ថ្មីមួយ គឺកំពុងក្លាយខ្លួនជាប្រទេស ចំណូលមធ្យមកម្រិតទាប និងស្ថិតនៅ ក្នុងដំណើរផ្លាស់ប្ដូរជារចនាសម្ព័ន្ធ ។

នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជាត្រូវ ធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចជា មធ្យមប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំ ប្រកបដោយបរិប័ន្នដែលជាមូលដ្ឋាន មិនអាចខ្វះបានសម្រាប់ការបង្កើតការ ងារ និងឱកាសរកប្រាក់ចំណូលសមរម្យ ព្រមទាំងការបង្កើនល្បឿនកាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជនទូទៅឱ្យកាន់តែ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាការពង្រឹងសមត្ថកិច្ចភាព និង អភិបាលកិច្ចនៃស្ថាប័នរដ្ឋ និងលើក កម្ពស់គុណភាព ប្រសិទ្ធភាព និងភាព ស័ក្ដិសិទ្ធិនៃសេវាសាធារណៈ ព្រមទាំង ការធ្វើឱ្យកាន់តែប្រសើរឡើងនូវ បរិស្ថានវិនិយោគ និងធុរកិច្ច ។

សម្ដេចបញ្ជាក់ថា ជាមួយគ្នានេះ កម្ពុជាក៏មានភាពចាំបាច់ក្នុងការរៀបចំ ខ្លួនដើម្បីសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ ។ ក្នុងន័យនេះឆ្នាំ២០១៥ ត្រូវតែជាឆ្នាំនៃការបោះជំហានទៅមុខ ដ៏សំខាន់ និងស្វាហាប់មួយបន្ដនៅលើ របត់នៃចលនការក្នុងកិច្ចការកែទម្រង់ និងការអភិវឌ្ឍន៍ដែលបានចាប់ផ្ដើមនៅ ក្នុងអាណត្ដិទី៥នៃរាជរដ្ឋាភិបាល ។

នៅក្នុងសេចក្ដីថ្លែងហេតុរបស់ សម្ដេចតេជោ ក៏បានលើកឡើងនូវ វិធានការក្នុងការអនុវត្ដន៍ច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ផងដែរ ដោយបានបង្ហាញ វិធានការមួយចំនួន។ ក្នុងនោះទី១ .បន្ដ អនុវត្ដគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដ៏ត្រឹមត្រូវ និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈដ៏ប្រុងប្រយ័ត្ន គួបផ្សំនឹងគោលនយោបាយរូបិយវត្ថុដ៏ សមស្រប និងការកែទម្រង់រចនាសម្ព័ន្ធ ចាំបាច់នានា ដើម្បីធានាបន្ដសម្រេចឱ្យ បាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយ ចីរភាពក្នុងបរិការណ៍នៃអត្រាអតិផរណាទាបសមរម្យ ។

ទី២. បន្ដជំរុញការ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជាពិសេស ការត្រួតពិនិត្យក្នុងវិស័យធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយធ្វើការតាម ដាន និងធ្វើអប្បមាទជាប្រចាំលើកំណើន ឥណទាននិងពង្រឹងការគ្រប់គ្រងវិស័យ អចលនទ្រព្យនិងជំរុញការផ្ដល់ឥណទាន ដល់វិស័យកសិកម្ម និងសហគ្រាស ធនតូច និងមធ្យម។

ទី៣.ការអនុវត្ដន៍ ឱ្យមានប្រសិទ្ធភាព “យុទ្ធសាស្ដ្រកៀរគរ ចំណូលរយៈពេលមធ្យម ២០១៤២០១៨” ដើម្បីរក្សាស្ថិរភាព និងនិរន្ដរភាពនៃកំណើនចំណូល ដោយផ្ដោត ការយកចិត្ដទុកដាក់លើការកសាង និង ពង្រឹងការអនុវត្ដន៍ដោយម៉ឺងម៉ាត់នូវ ក្របខ័ណ្ឌច្បាប់ យន្ដការគ្រប់គ្រង ព្រម ទាំងការចាត់វិធានការរដ្ឋបាល និង វិធានការកែលំអរអភិបាលកិច្ចផ្នែកគយ និងពន្ធដារ ទាំងសម្រាប់រយៈពេលខ្លី និងមធ្យម ព្រមទាំងវិធានការរឹតបន្ដឹង ចំពោះការគ្រប់គ្រង និងប្រមូលចំណូល មិនមែនសារពើពន្ធនានា។

ទី៤.នៅក្នុង ផ្នែកចំណាយរាជរដ្ឋាភិបាល និងបន្ដ ចាត់វិធានការបង្កើនប្រសិទ្ធភាព ចំណាយ តាមរយៈការកែលម្អការ វិភាគថវិកាឱ្យចំទិសដៅ ទៅតាម អាទិភាពគោលនយោបាយ និងការ លើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្ដិការ ចំណាយ ព្រមទាំងការប្រយុទ្ធប្រឆាំង អំពើពុករលួយ ។

ទី៥.អនុវត្ដដោយម៉ឺង ម៉ាត់នូវកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ “ដំណាក់កាល ទី២ថ្មី ឆ្នាំ២០១៤២០១៥” ព្រមទាំង ទិសដៅយុទ្ធសាស្ដ្រកែទម្រង់ប្រព័ន្ធ ថវិកានៅកម្ពុជាឆ្នាំ ២០១៣២០២០ ពិសេសពង្រឹង និងបង្កើនសមត្ថភាព ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រ ថវិកា និងថវិកាកម្មវិធី ដើម្បីឈានទៅ បង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល នយោបាយ និងការបង្កើនគណនេយ្យ ភាពចំពោះសមិទ្ធកម្ម។

ទី៦.បង្កើន ប្រសិទ្ធភាពនៃការវិនិយោគលើការ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ព្រម ទាំងបង្កើតបរិសា្ថនអនុគ្រោះដល់ការ អភិវឌ្ឍន៍វិស័យឯកជន ក្នុងនោះរួម ទាំងការលើកកម្ពស់យន្ដការភាពជា ដៃគូរវាងវិស័យសាធារណៈនិងឯកជន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និង បង្កើតការងារ ។

ទី៧. ដើម្បីជំរុញឱ្យ ការកែទម្រង់រដ្ឋបាលសាធារណៈ ពិសេសការកែលម្អគ្រប់គ្រងធនធាន មនុស្ស ដើម្បីបង្កើនផលិតភាព និង ប្រសិទ្ធភាពការងារ ។

ទី៨.បន្ដជំរុញ ការអនុវត្ដន៍កម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ជាពិសេសបន្ដពង្រឹង សមត្ថភាពរដ្ឋបាលបច្ចេកទេសនិងការ គ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រប់ស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិ  ដើម្បី ធានាការអនុវត្ដន៍ប្រកបដោយភាព រលូននូវការផ្ទេរអំណាច ការទទួល ខុសត្រូវមុខងារ និងធនធានពីថ្នាក់ជាតិ ក្នុងគោលបំណងសម្រេចបាននូវការ កែលម្អសេវាសាធារណៈនៅតាម មូលដ្ឋានប្រកបដោយឱ្យតម្លាភាព ប្រសិទ្ធភាពនិងគណនេយ្យភាព។

ទី៩. បន្ដជំរុញការអនុវត្ដន៍ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ពិសេសការពង្រឹង សមត្ថភាពដឹកនាំវិជ្ជាជីវៈជំនាញ និង ការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញ វត្ថុប្រកបដោយប្រសិទ្ធភាព ព្រមទាំង ការកែសម្រួលរចនាសម្ព័ន្ធកងឯកភាព ប្រយុទ្ធ ដើម្បីធានាការប្រើប្រាស់ និង គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធប្រកប ដោយភាពស័ក្ដិសិទ្ធិ ដើម្បីធានាការ ប្រើប្រាស់ និងគ្រប់គ្រងកងកម្លាំងប្រដាប់ អាវុធប្រកបដោយភាពស័ក្ដិសិទ្ធិ និង ប្រសិទ្ធភាពខ្ពស់ ។

ទី១០ .បន្ដជំរុញការ អនុវត្ដន៍ច្បាប់ប្រឆាំងអំពើពុករលួយ ពិសេសការបន្ដរៀបចំនិងពង្រឹងសមត្ថភាពអង្គភាពប្រឆាំងអំពើពុក រលួយ ដើម្បីអាចដំណើរការប្រកបដោយ ប្រសិទ្ធភាពក្នុងការអប់រំទប់ស្កាត់ និង បោសសម្អាតអំពើពុករលួយ៕  មុនីរ័ត្ន

 

ដកស្រង់ចេញពីគេហទំព័រ រស្មីកម្ពុជា ថ្ងៃទី 3 វិច្ឆិកា 2014

http://www.rasmeinews.com/local_news/detail?class=local&news=MmMyY2Y1YW&page=18#.VFiE5lWSw80

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់